អានតួអត្ថបទ
កម្ពុជា

ក្រសួង​មហាផ្ទៃ​និង​សង្គមស៊ីវិល​ចោទគ្នា​ទៅវិញ​ទៅមក​ជុំវិញ​រឿង​បិទ​អង្គការ​មូលនិធិ​កុមារ​កំព្រា

ក្រសួង​មហាផ្ទៃ​និង​អង្គការ​សង្គមស៊ីវិល​បាន​និង​កំពុង​ចោទ​ប្រកាន់​ដាក់គ្នា​ទៅវិញ​ទៅមក​ជុំវិញ​រឿង​បិទ​អង្គការ​មូលនិធិ​កុមារ​កំព្រា​កម្ពុជា​នៅ​​ខេត្ត​សៀមរាប។ អង្គការ​សង្គមស៊ីវិល​គ្រោង​នឹង​រៀបចំ​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ចន្ទស្អែក​ដើម្បី​និយាយ​ពី​បញ្ហា​បិទ​អង្គការ​នេះ។

ផ្សាយពាណិជ្ជកម្ម

 

ការ​បិទ​អង្គការ​មូលនិធិ​កុមារ​កំព្រា​កម្ពុជា​នៅ​ក្នុង​ខេត្ត​សៀមរាប​បាន​ក្លាយ​ទៅ​ជា​រឿង​ដ៏​ចម្រូង​ចម្រាស​រវាង​ក្រសួង​មហាផ្ទៃ​និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ចោទ​ប្រកាន់​ថា ការ​សម្រេច​បិទ​អង្គការ​របស់​ក្រសួង​មហាផ្ទៃ​គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​ប៉ុន្តែ​ក្រសួង​មហាផ្ទៃ​វិញ​បាន​លើកឡើង​ថា​គឺ​ជា​ការ​ចាំ​បាច់​ដែល​ត្រូវ​តែ​បិទ​ពីព្រោះ​ថ្នាក់​ដឹកនាំ​អង្គការ​មួយ​ចំនួន ​បាន​ប្រព្រឹត្ត​បទល្មើស​អនាចារ​លើ​កុមារ​។

លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ចោទ​ប្រកាន់​ថ្នាក់​ដឹកនាំ​អង្គការ​មូលនិធិ​កុមារ​កំព្រា​កម្ពុជា​នៅ​ក្នុង​ខេត្ត​សៀមរាប​ថា បាន​ប្រព្រឹត្ត​បទល្មើស​រំលោភ​លើ​កុមារកំព្រា​ដែល​ខ្លួន​បាន​បីបាច់​ចិញ្ចឹម។ អ្នកនាំពាក្យ​រូបនេះ​បាន​បញ្ជាក់​នៅថ្ងៃ​អាទិត្យ​នេះ​ថា ប្រធាន​ក្រុម​ប្រឹក្សាភិបាល​របស់​អង្គការបាន​ដេក​ជាមួយ​កុមារ​យ៉ាង​តិចណាស់​ក៏​៥​នាក់​ដែរ។ ដូច្នេះ ក្រសួង​ត្រូវ​តែ​លុប​អង្គការ​នេះ​ចេញ​ពី​បញ្ជី​នៃ​ក្រសួង​មហាផ្ទៃ។

លោក ខៀវ សុភ័គ បាន​អំពាវនាវ​អោយ​មហាជន​វិនិច្ឆ័យ​លើ​បញ្ហា​នេះ​ថា តើ​គួរ​បិទ​ឬ​មិនបិទ។ បើទោះបី​ជាមាន​ការ​បកស្រាយ​ពន្យល់របស់​តំណាង​ក្រសួង​មហាផ្ទៃ​យ៉ាងណាក៏ដោយ​ ក៏​ក្រុម​អង្គការ​សង្គមស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា​មួយ​ចំនួន​និង​ប្រធាន​អង្គការ​មូលនិធិ​កុមារ​កំព្រា​កម្ពុជា​នៅ​ក្នុងខេត្ត​សៀមរាប​​បាន​ថ្លែង​ជំទាស់​ទៅ​នឹង​ការបិទ​នេះ។

លោក សន ជ័យ ប្រធាន​អង្គការ​ដើម្បី​តម្លាភាព​និង​​គណនេយ្យភាព​សង្គម​ដែល​គ្រោង​នឹង​រៀបចំ​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ចន្ទ​ស្អែក​និយាយ​អំពីរឿង​បិទ​​អង្គការ​មូល​និធិ​កុមារកំព្រា​កម្ពុជា​​ បាន​ថ្លែង​ការពារ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា មិនមាន​ការ​រំលោភ​លើ​កុមារ​ដូច​ការ​ចោទ​ប្រកាន់​ទេ​ប៉ុន្តែ​គ្រាន់តែ​ថា ជន​បរទេស​ដែល​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​រូបនោះ​ធ្លាប់​បាន​លេច​ប្រដាប់​ភេទ​នៅ​ពេល​សម្រាន្ត​អស់​កម្លាំង​ខ្លាំង​ពេក។ ហើយ​ករណីនេះ​វា​បាន​កើតឡើង​តាំង​ពី​ឆ្នាំ​២០០៧កន្លង​មក​ពោល​គឺ​មុន​ការ​បង្កើត​អង្គការ​មូលនិធិ​កុមារកំព្រា​កម្ពុជា​នៅឆ្នាំ​២០០៩​ទៅទៀត។ បើយោងតាម​លោក​ សន ជ័យ ករណី​ជន​បរទេស​នេះ​គឺ​ជា​រឿង​ដាច់​ដោយឡែក​ពី​រឿង​អង្គការ​មូលនិធិ​កុមារកំព្រា​កម្ពុជា។

លោក ចាន់ រស្មី ប្រធាន​អង្គការ​មូលនិធិ​កុមារកំព្រា​កម្ពុជា​ដែល​ធ្លាប់​ត្រូវ​បាន​តុលាការ​ឃុំខ្លួន​បណ្តោះ​អាសន្ន ​រួច​ដោះ​លែង​អោយមាន​សេរីភាព​ឡើងវិញ​ទាក់ទង​ទៅ​នឹង​ការ​ចោទប្រកាន់​ថា ​បាន​នាំក្មេងៗ​ខុស​ច្បាប់​នោះ​ បាន​​អំពាវនាវ​នៅថ្ងៃ​នេះសូម​អោយ​ក្រសួង​មហាផ្ទៃ​អនុញ្ញាត​អោយ​អង្គការ​របស់​លោក​ដំណើរ​ការ​ឡើងវិញ។ លោក​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ។ លោក​ជា​មនុស្ស​ស្អាតស្អំ។

សូម​បញ្ជាក់​ថា កាល​ពីពេល​ថ្មី​ៗ​កន្លងមក​នេះ សមាគម​ធាង​ត្នោត​ក៏​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​ផ្អាក​សកម្មភាព​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ