អានតួអត្ថបទ
ចិន-ជប៉ុន

ជប៉ុន​កោះ​ហៅ​ទូត​ចិន​ ដើម្បី​តវ៉ា​រឿង​យន្ត​ហោះ​ចម្បាំង​ចិន​ហោះ​កៀក​យន្ត​ហោះ​ជប៉ុន

នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​ នៅ​ទី​ក្រុង​តូក្យូ​ អាជ្ញាធរ​ជប៉ុន​បាន​កោះ​ហៅ​តំណាង​ស្ថានទូត​ចិន​ឲ្យ​ចូល​ជួប​ ក្នុង​គោល​បំណង​សាកសួរ​ អំពី​​ការ​ដែល​យន្តហោះ​ប្រដេញ​របស់​ចិន​បាន​ហោះ​កៀក​ជិត​​ ដ៍​​គួរ​​ឲ្យ​​គ្រោះ​ថ្នាក់​​បំផុត​​​ ​​ជា​មួយ​នឹង​យន្ត​ហោះ​អង្កេតការណ៍​របស់​ជប៉ុន។​​ ​ហេតុការណ៍​​នេះ​​​ បាន​​កើត​​មាន​​ឡើ​ង​​កាល​​ពី​​ថ្ងៃ​​ពុធ​​​ នៅ​​ពេល​​ដែល​​យន្ត​ហោះ​​ប្រដេញ​​របស់​​ចិន​ពីរ​គ្រឿង​​ ​បាន​​ហោះ​​កៀក​​ចម្ងាយ​​ប្រមាណ​​ជា​ ៣០​មែត្រ​​ប៉ុណ្ណោះ​ ពី​​យន្ត​ហោះ​​អង្កេតការណ៍​​​របស់​​ជប៉ុន​​ នៅ​​តាម​​ព្រំដែន​​អាកាស​​រវាង​​ប្រទេស​​ទាំង​​ពីរ។  

នាវាចម្បាំងចិនបើកបរកៀកនឹងនាវាត្រួតពិនិត្យរបស់ជប៉ុននៅក្បែរប្រជុំកោះស៊ិនកាគុ
នាវាចម្បាំងចិនបើកបរកៀកនឹងនាវាត្រួតពិនិត្យរបស់ជប៉ុននៅក្បែរប្រជុំកោះស៊ិនកាគុ REUTERS/Kyodo
ផ្សាយពាណិជ្ជកម្ម

យោង​តាម​សម្តី​របស់​​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ជប៉ុន​​ ប្រទេស​ជប៉ុន​បាន​ចាត់​ទុក​ថា​ ការ​ដែល​យន្តហោះ​ប្រដេញ​របស់​ចិន​ហោះ​ប្រកៀក​ជាមួយ​នឹង​យន្តហោះ​អង្កេតការណ៍​ជប៉ុន​  គឺ​ជា​ទង្វើ​មួយ​ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​  ហើយ​មិន​គួរ​ឲ្យ​អត់ឱន​បាន​នោះ​ទេ។​ ប្រឈមមុខ​នឹង​ការ​ចោទ​ប្រកាន់​នេះ​  អាជ្ញាធរ​ចិន​បាន​ឆ្លើយ​តប​ទៅ​វិញ​  ដោយ​បាន​ទម្លាក់​កំហុស​ទៅ​លើ​អាកាសយានិក​ជប៉ុន​​ ហើយ​ថា​ជប៉ុន​បាន​កុហក​ទាំងស្រុង។​  តាម​ការ​រាយការណ៍​របស់​ក្រសួង​ការពារ​ជាតិ​ចិន​  យន្តហោះ​ប្រដេញ​របស់​ចិន​បាន​ធ្វើ​ការ​ហោះហើរ​ យ៉ាង​ត្រឹម​ត្រូវ  ផ្ទុយ​ទៅ​វិញ​  អ្នក​បើកបរ​យន្តហោះ​ជប៉ុន​ទេ​ ដែល​បាន​ធ្វើការ​ហោះហើរ​បង្ករឿង។​  តាម​សម្តី​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​ ​ជប៉ុន​បាន​ប្រឌិត​រឿង​ កុហក​គេ​ឯង​ទាំង​ស្រុង​ក្នុង​រឿងនេះ។​

 
គួរ​រំលឹក​ផង​ដែរ​ថា​ ហេតុការណ៍​ប្រហាក់​ប្រហែល​គ្នា​នេះ​  ធ្លាប់​បាន​កើត​មាន​រួច​មក​ហើយ ​ កាល​ពី​ចុង​ខែ​ឧសភា​ថ្មីៗ​នេះ។ កាល​នោះ​មាន​យន្តហោះ​ប្រដេញ​ចិន​២​គ្រឿង​ដែរ​ បាន​ហោះ​ប្រកៀក​នឹង​យន្តហោះ​អង្កេត​ការណ៍​របស់​ជប៉ុន​ចម្ងាយ​ប្រមាណ​៣០​ និង ​៥០មែត្រ។ ហេតុការណ៍​នោះ​បាន​ត្រូវ​អាជ្ញាធរ​ចិន​ច្រាន​ចោល​  ហើយ​បាន​ទាមទារ​ឲ្យ​ជប៉ុន​ គោរព​នូវ​សិទ្ធ​ដោយ​ស្រប​ច្បាប់​របស់​យន្តហោះ​ចិន​ ដែល​បាន​ធ្វើ​ការ​ហ្វឹកហាត់​សម​ រួមគ្នា​ជាមួយ​យន្តហោះ​រុស្សី។​
ទំនាក់​ទំនង​រវាង​ចិន​និង​ជប៉ុន​ ដែល​ជា​មហា​អំណាច​សេដ្ឋកិច្ច​អាស៊ី​ដ៏​ធំ​ទាំង​ពីរ​ បាន​ទទួល​រង​នូវ​ភាព​ល្អក់​កករ​​ និង​​តាន​តឹង​ជាង​ពីរ​ឆ្នាំ​មក​ហើយ​ ​ដោយសារ​ប្រទេស​ទាំង​ពីរ​ដណ្តើម​គ្នា​កាន់​កាប់​ប្រជុំ​កោះ​​ ស៊ិនកាគុ​​ ដែល​បច្ចុប្បន្ន​ប្រជុំ​កោះ​នេះ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ជប៉ុន។​​ 

ប្រទេស​​ទាំង​ពីរ​កំពុង​តែ​ស្វែង​រក​ការ​គាំ​ទ្រ​រៀងៗ​ខ្លួន​ ពី​មជ្ឈដ្ឋាន​អន្តរជាតិ​ក្នុង​ការ​ទាមទារ​របស់​ខ្លួន។ ​ ហេតុការណ៍​លើក​នេះ​កើត​ឡើង​ចំ​ពេល​ដែល​ជប៉ុន​បាន​ជួប​ប្រជុំ​ជាមួយ​អូស្ត្រាលី​ ក្នុង​គោល​បំណង​ពិភាក្សា​អំពី​យុទ្ធសាស្រ្ត​ក្នុង​ការ​ការពារ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ពី​ការ​ឈ្លានពាន​ណា​មួយ។​  ជប៉ុន​ក៏​បាន​ដើរ​តួនាទី​ជា​ប្រទេស​បង្អែក​ផង​ដែរ​ សម្រាប់​ប្រទេស​មួយ​ចំនូន​ដែល​កន្លង​មក​ មាន​ទំនាស់​ដែន​ដី​ជាមួយ​ចិន  ជាអាថទិ៍​ប្រទេស​វៀតណាម​  និង​ ហ្វីលីពីន។  វា​ជា​សំណាង​ល្អ​ណាស់​ ដែល​ការ​ប៉ះ​ទង្គិច​លើក​នេះ​វា​មិន​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ធ្លាក់​យន្ត​ហោះ​របស់​ភាគី​ទាំងពីរ។​  បើ​ប្រសិន​ជា​យន្តហោះ​ទាំង​សងខាង​បាន​ប៉ះ​ទង្គិច​គ្នា​ បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​វិញ​នោះ ​យោធា​ចិន​និង​ជប៉ុន​ ប្រាកដ​ជា​យក​លេស​នេះ​ ប្រកាស​សង្គ្រាម​ដាក់​គ្នា​ជា​មិន​ខាន​ ប្រៀប​ដូច​ជា​រងើក​ភ្លើង​ ដែល​ត្រៀម​ចាំ​តែ​ខ្យល់​បក់​និង​អាល​ឆាបឆេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ