អានតួអត្ថបទ
កម្ពុជា

សហគមន៍​ព្នង​ស្នើ​លោក​ឈាង វុន​អោយ​សុំខមាលទោស​នៅ​ភ្នំដោះក្រមុំ​ទៀត

នៅ​ថ្ងៃ​ព្រឹក​ថ្ងៃ ព្រហស្បតិ៍​នេះ អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​​កម្ពុជា​លោក​ឈាង វុន​បាន​យក​វេទិកា​កិច្ចប្រជុំ​សភា​ពេញអង្គ​​ដើម្បី​ថ្លែង​សុំទោស​ប្រជាជន​ភាគតិច​ព្នង តាម​ការ​ស្នើ​របស់​​ក្រុម​អង្គការ​សមាគម​ជនជាតិ​ភាគតិច​។ ប៉ុន្តែ​ក្រោយ​ការ​ថ្លែង​សុំទោស​របស់​​អ្នកតំណាងរាស្ត្រ​រូប​នេះ ប្រធាន​សមាគមជនជាតិ​ដើម​ភាគតិច​កម្ពុជា លោក​ភាព សុជា​បាន​ប្រាប់​អោយ​ដឹង​ថា លោក​បាន​ដាក់​លិខិត​មួយ​ទៀត​ស្នើ​អោយ​អ្នក​តំណាង​រាស្ត្រ​​ធ្វើ​ពិធី​សុំ​ខមាលទោស​ដូនតា​ជនជាតិ​ព្នង​នៅ​មុខ​ភ្នំដោះក្រមុំ​ក្នុង​ខេត្ត​មណ្ឌល​គិរី។

លោកឈាង វុន អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជនកម្ពុជា
លោកឈាង វុន អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជនកម្ពុជា
ផ្សាយពាណិជ្ជកម្ម

សហគមន៍​ជនជាតិ​ដើម​ភាគតិច​​មិន​បាន​ដឹង​ភ្លាម​ទេ​ថា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋសភា​ពេញអង្គ អ្នក​តំណាង​រាស្ត្រ​គណបក្សប្រជាជន​កម្ពុជា​លោក ឈាង វុន​បាន​ថ្លែង​សុំ​ការ​អធ្យាស្រ័យ​ពី​សហគម​ន៍​ជនជាតិ​ភាគតិច​ព្នង។ នេះ​គឺ​ជា​អ្វី​​ដែល​សហគមន៍​ជនជាតិ​ភាគតិច​ព្នង​បាន​ស្នើ​​រក​អន្តរាគមន៍​ដល់​ប្រធាន​រដ្ឋសភា​ក្នុង​ពេល​កន្លង​មក។ ដោយ​មិន​បាន​ដឹង​ថា រដ្ឋសភា​មាន​គម្រោង​អោយ​លោក​ឈាង វុន​ថ្លែង​សុំទោស​សហគមន៍​ជនជាតិភាគតិច​ព្នង​នៅ​ថ្ងៃ​នេះ លិខិត​មួយ​ផ្សេង​ទៀត​ពី​សហគមន៍​ជនជាតិ​ព្នង ត្រូវ​បាន​ដាក់​មក​ដល់​រដ្ឋសភា​ទៀត។

លោក​ភាព សុជា ដែល​មាន​កំណើតដើម​ជា​ជនជាតិ​​ព្នង និង​ជា​ប្រធាន​សមាគម​យុវជន​ជនជាតិភាគតិច​កម្ពុជា​​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា លោក​ទើប​ផ្ញើ​លិខិត​ទី២​នេះ​ទៅ​ដល់​សន្តិសុខ​រដ្ឋសភា​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដែរ។ ហើយ​ថា ខ្លឹមសារ​នៃ​លិខិត​នោះ គឺ​​ជា​ការ​ទាមទារ​របស់​ចាស់ទុំ​ជនជាតិ​ព្នង​ដែល​ចង់​អោយ​អ្នកតំណាងរាស្ត្រ​រៀបចំ​ពិធី​សុំ​ខមាលទោស​តាម​បែប​ប្រពៃណី​នៅ​ភ្នំ​ដោះក្រមុំ​​នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី។ លោក​សុជា​បញ្ជាក់​ថា ភ្នំដោះក្រមុំ​នេះ គឺ​ជាទី​សក្ការៈ​របស់​ជនជាតិ​ភាគតិច​ព្នង។

បើតា​ម​ប្រធាន​សមាគម​យុវជន​ជនជាតិភាគតិច​រូបនេះ​ដដែល ចាស់ទុំ​ជនជាតិ​​ភាគតិច​គ្រាន់​តែ​ចង់​ផ្សះផ្សា​ផ្នែក​ចិត្ត​​រវាង​ជនជាតិ​ព្នង និង​លោក​ឈាង វុន ហើយ​ក៏​ចង់​បង្កើត​ទំនាក់ទំនង​ជាមួយ​​អ្នក​តំណាងរាស្ត្រ​រូប​នេះ​ដែរ។ គេ​នៅ​មិន​ទាន់​ដឹង​ថា លោក​ឈាង វុន​នឹង​ធ្វើ​តាម​ការ​ស្នើ​លើក​ទី​២​របស់​សហគមន៍​ជនជាតិ​ភាគតិច​ព្នង​នេះ​ ឬ​យ៉ាង​ណា​នោះ​ទេ។ ប៉ុន្តែ​ព្រឹក​មិញ​នេះ អ្នកតំណាង​រាស្ត្រ​បាន​ឆ្លើយតប​ទៅ​នឹង​ការ​ស្នើ​របស់​សមាគម អង្គការ​ជនជាតិ​ភាគតិច​ហើយ​ ដោយ​បាន​ថ្លែង​សុំ​អោយ​ជនជាតិ​ព្នង​អធ្យាស្រ័យ​អោយ​រូប​លោក។ ដ្បិត​អ្វី​ដែល​លោក​មាន​ប្រសាសន៍ មិន​បាន​ស្តែង​ពី​គំនិត​របស់​លោក​នោះ​ឡើយ។

នៅ​ក្នុង​សម័យ​ប្រជុំ​រដ្ឋសភា​កាល​ពី​ពេល​ថ្មីៗ​នេះ លោក​ឈាង វុន​អ្នកតំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​រិះគន់​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ថា មិន​ចេះ​ច្បាប់ អង្គុយ​លើ​ច្បាប់ ហើយ​មាន​អកប្បកិរិយា​ព្រៃផ្សៃ​ដូច​ជនជាតិ​ព្នង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ