អានតួអត្ថបទ
កម្ពុជា

វេទិកា​ម្ចាស់​ឆ្នោត​ចាប់​ផ្តើម​ធ្វើ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ

វេទិកាម្ចាស់​ឆ្នោត​ស្តីពី​ការផ្តល់​ពិន្ទុ​លើ​លទ្ធផល​នៃ​ការ បំពេញ/អនុវត្តន៍​គោល​នយោបាយ​របស់​រដ្ឋា​ភិ​បាល​នីតិកាល​ទី០៥ នៃ​រដ្ឋសភា ឆ្នាំ​ទី១ ត្រូវ​បាន​ធ្វើ​ឡើង​ពេញ​មួយ​ថ្ងៃ នៅ​ថ្ងៃ​អង្គារ ទី ៣០ធ្នូ​នេះ នៅ​ឯ​សាកល​វិទ្យាល័យ​ខេមរៈ ក្នុង​ទី​ក្រុង​ភ្នំពេញ។ វេទិកា​ដែល​មាន​មនុស្ស​ចូលរួម​ជាង ១០០នាក់​នេះ ត្រូវបាន​រៀប​ចំ​ឡើង​ដោយ​គណៈកម្មាធិការ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល។

ប្រជាជន​តម្រង់ជួរ​ដើម្បី​បោះឆ្នោត​ក្នុង​ទីក្រុង​ភ្នំពេញ(រូបភាពឯកសារ)
ប្រជាជន​តម្រង់ជួរ​ដើម្បី​បោះឆ្នោត​ក្នុង​ទីក្រុង​ភ្នំពេញ(រូបភាពឯកសារ) REUTERS/Samrang Pring
ផ្សាយពាណិជ្ជកម្ម

វេទិកា​ម្ចាស់ឆ្នោត​នេះ ត្រូវ​បាន​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​ដាក់​ពិន្ទុ និង​វាយ​តំលៃ ចំពោះ​ការងារ​របស់​រដ្ឋាភិបាល ដែល​ធ្វើ​ក្នុង​ឆ្នាំ​ទី១ នៃ​អាណត្តិ​ទី​៥​នេះ។ លោក​យង់ គឹមអេង សមាជិក​គណៈកម្មាធិកា​រ​នាយក​ខុមហ្វ្រែល បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា នៅ​ព្រឹក​មិញ​នេះ ប្រជាពលរដ្ឋ​ភាគច្រើន​បាន​ដាក់​ពិន្ទុ​តិច​បំផុត​ដល់ ការផ្តល់​សេវាសាធារណៈ​របស់​រដ្ឋាភិបាល។

 

លោក​យង់ គឹមអេង​បាន​បន្តថា សព្វថ្ងៃ​ប្រជា​ពលរដ្ឋ​បាន​ត្អូញត្អែរ​ថា អ្នក​ផ្តល់​សេវាសាធារណៈ​បច្ចុប្បន្ន​ដើរ​តួនាទី​មិន​មែន​ជា​អ្នក​ផ្តល់​សេវា​ដល់​ប្រជាជន​នោះទេ ប៉ុន្តែ​ធ្វើ​ជា​ម្ចាស់ និង​អ្នក​លក់​សេវា​ទៅវិញ។ បន្ទាប់ពី​សេវា​សាធារណៈ ប្រជាជន​ក៏​បាន​ផ្តល់​ពិន្ទុ​ទាប​ដល់​ប្រព័ន្ធ​យុត្តិធម៌​នៅ​ក្នុង​សង្គម​កម្ពុជា។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ក៏​ប្រជាជន​នាំ​គ្នា​ដាក់​ពិន្ទុ​ខ្ពស់​ដល់​វិស័យ​កីឡា​នៅ​កម្ពុជា។

លោក​យង់ គឹមអេង បាន​សង្កេត​ឃើញ​ថា តាម​រយៈ​វេទិកា​នេះ រដ្ឋាភិបាល​ក៏​បាន​ផ្លាស់​ប្តូរ​ឥរិយាបថ​របស់​ខ្លួន​មួយចំនួន​ផងដែរ ចំពោះ​ប្រជាពលរដ្ឋ ប៉ុន្តែ​ការ​ផ្លាស់​ប្តូរ​នេះ នៅ​មាន​កម្រិត​នៅ​ឡើយ។ លោក​សង្ឃឹមថា រដ្ឋាភិបាល និង​មន្ត្រី​នៅតាម​ថ្នាក់​មូលដ្ឋាន​នានា និង​ធ្វើ​ការបំរើ​ប្រជាពលរដ្ឋ​បានល្អ​ប្រសើរ​ជាមុន។

វេទិកា​ម្ចាស់​ឆ្នោត​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ជា​លើក​ដំបូង​ក្នុង​អាណត្តិ​ទី៤ ហើយ​នៅក្នុង​អាណត្តិ​ទី៥ នេះ ត្រូវបាន​ធ្វើឡើង​ចំនួន​ពីរ​ដោយ​លើកដំបូង​នៅក្នុង​ខេត្ត​សៀមរាប កាលពី​ថ្ងៃទី ២២ធ្នូ​កន្លងទៅនេះ ហើយ​និង​លើក​ទី​ពីរ ធ្វើឡើង​នៅក្នុង​ទីក្រុង​ភ្នំពេញ។ វេទិកានេះ ក៏​នឹង​បន្តធ្វើ​នៅតាម​បណ្តា​ខេត្ត​ដ​ដៃ ទៀតផង​ដែរ។

សូមបញ្ជាក់ថា​វេទិកា​នេះ ក៏មាន​ការចូលរួម​ពី​តំណាង​បក្ស​កាន់អំណាច បក្សប្រឆាំង និង​សង្គម​ស៊ីវិល ដើម្បី​ពិភាក្សា​ផ្តល់​ជា​យោបល់ និង​ដំណោះស្រាយ​ជូន​ដល់​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត និង​រដ្ឋាភិបាល ដែលជា​អ្នក​អនុវត្ត​គោល​នយោបាយ​បំរើ​ប្រជាជន។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ