អានតួអត្ថបទ
កម្ពុជា

សាលារាជធានី​យល់​ព្រម​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​ជួបជុំ​នៅ​ទី​លាន​ប្រជាធិបតេយ្យ​ថ្ងៃ​៦​តុលា​

បន្ទាប់​ពី​គណបក្ស​សង្គ្រោះជាតិ​បាន​ផ្ញើ​​លិខិត​ស្នើសុំ​ទីលាន​ប្រជាធិបតេយ្យ​ ដើម្បី​ជួបជុំ​មហាជន​ នៅ​ថ្ងៃទី ០៦តុលា​ខាង​មុខ សាលា​រាជ​ធានី​ភ្នំពេញ ក៏​ព្រម​ឯកភាព​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​ ប្រារព្ធ​ពិធី​ជួបជុំ​នោះ​។ ដូច​កាល​ពី​មុន​ដែរ ការ​ជួបជុំ​នេះ​មិន​អាច​ឲ្យ​មាន​ចំនួន​មនុស្ស​លើស​ពី​១​ម៉ឺន​នាក់​ឡើយ។ ប៉ុន្តែ គណបក្ស​សង្គ្រោះជាតិ​នៅ​តែ​ទទូច​ចង់បាន​អ្នក​ចូលរួម​លើស​ពី​ ១​ម៉ឺន​នាក់។

ការ​ជួបជុំ​របស់​គណបក្ស​សង្គ្រោះជាតិ កាលពីពេលកន្លងមក
ការ​ជួបជុំ​របស់​គណបក្ស​សង្គ្រោះជាតិ កាលពីពេលកន្លងមក RFI/Im Rachana
ផ្សាយពាណិជ្ជកម្ម

សាលារាជធានី​ភ្នំពេញ​បាន​ឯកភាពនៅ​រសៀល​ថ្ងៃ​អង្គារនេះ ​ឲ្យ​គណបក្ស​សង្គ្រោះជាតិ ធ្វើ​វេទិកា​ជួប​ជុំ​មហាជន​ជា​ថ្មី​ នៅ​ទី​លាន​ប្រជាធិបតេយ្យ។ បន្ទាប់​ពី​ការ​ប្រជុំ​ពិភាក្សា​គ្នា រវាង​តំណាង​គណបក្ស​សង្គ្រោះជាតិ និង​សាលារាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានីភ្នំពេញ បាន​ប្រាប់​វិទ្យុ​បារាំង​ថា ភាគី​ទាំងពីរ​បាន​សម្រេច​ព្រម​ព្រៀម​តាម​សំណើ​របស់​គណបក្ស​ប្រឆាំង​ហើយ។ ហើយ​គណបក្ស​ប្រឆាំង​ក៏​យល់​ស្រ​ប​ធ្វើ​តាម​លក្ខខណ្ឌ​របស់​សាលារាជធានី​ភ្នំពេញ​ដែរ។ មាន​តែលក្ខខណ្ឌ​មួយ​ប៉ុណ្ណោះ ​ដែល​គណបក្ស​សង្គ្រោះជាតិ មិន​យល់​ព្រម​ គឺ​ការ​កំណត់​ចំនួន​អ្នក​ចូលរួម​នៅ​ក្នុង​វេទិកា ​ថ្ងៃ​ទី​០៦​តុលា។

សាលា​រាជធានី​មិន​អាច​សម្រេច​ឲ្យមានអ្នកចូលរួម​លើស​ពី១ម៉ឺន​នាក់​បាន​ទេ ហើយ​សាលារាជធានី​​ក៏​គ្រោង​ធ្វើ​លិខិត​មួយ​ទៅ​ក្រសួង​មហា​ផ្ទៃ​នៅ​ថ្ងៃ​ពុធ។​ ប្រសិន​បើ​ក្រសួង​មហាផ្ទៃ​យល់​ស្រប នោះ​ការ​ជួប​ជុំ​របស់​គណបក្ស​ប្រឆាំង​ គឺ​អាច​ដំណើរ​ការ​បាន។ នេះបើ​តាម​លោក ឡុង​ ឌីម៉ង់។

សូម​បញ្ជាក់​ថា លក្ខខណ្ឌ​របស់​សាលា​រាជធានី​ភ្នំពេញ គឺ​មិន​ខុស​ពី​ពេល​ដែល​គណបក្ស​សង្គ្រោះជាតិ​ធ្វើ​មហា​បាតុកម្ម ​កាលពី​លើក​មុន​នោះទេ ពោលគឺការ​ជួប​ជុំ​មិន​ត្រូវ​មាន​ការ​ហែក្បួន​​ឡើយ។ មិន​ត្រូវ​បំផុស​ប្រជាពលរដ្ឋ​ឲ្យ​មាន​អំពើ​ហិង្សា។ មិន​ត្រូវ​និយាយ​ប៉ះ​ពាល់​ដល់​ស្ថាប័ន​ដទៃ​ ឬព្រះ​មហាក្សត្រ។ ត្រូវ​មាន​កិច្ច​ការពារ​សណ្តាប់​ធា្នប់ ​សន្តិសុខ​ដោយ​ខ្លួនឯង​ ហើយ​ប្រសិន​បើ​មាន​ញតិ្ត​អ្វីមួយ គណបក្ស​ត្រូវ​ចាត់​តំណាង២០រូប ឲ្យ​យក​ញ្ញតិ្តនោះទៅ​ដាក់​នៅ​សាលារាជធានី ហើយ​សាលារាជធានី​នឹងបញ្ជូន​បន្ត​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ។

គួរ​បញ្ជាក់ដែរ​ថា គណបក្ស​សង្គ្រោះជាតិ គ្រោង​នឹង​រៀប​ចំ​ការ​ជួបជុំ​មហា​ជន​ នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃទី ០៦​តុលា បន្ទាប់​ពី​ថ្ងៃភ្ជុំបិណ្ឌ ចាប់​ពី​វេលាម៉ោង ២រសៀល ដល់​ម៉ោង​៦​ល្ងាច។ ក្នុង​លិខិត​ជូន​ទៅ​សាលា​រាជធានី គណបក្ស​សង្គ្រោះជាតិ ស្នើឲ្យ​មាន​ការ​ជួប​ជុំ​ប្រជាពលរដ្ឋ​ប្រមាណ​ជា​២​ម៉ឺន​នាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ