អានតួអត្ថបទ
កម្ពុជា

ការ​រំខាន​​ពិ​ធី​​ជួប​​ជុំ៖​ សមាជិក​​ព្រឹទ្ធ​​សភា​​បក្ស​​កាន់​​អំ​ណាច​​និង​​បក្ស​​ប្រ​​ឆាំង​​ប៉ះ​​សម្តី​​គ្នា​

សមា​ជិក​ព្រឹទ្ធ​សភា​គណ​បក្ស​សម រង្ស៊ី បាន​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃទី ១៧​មីនា ដោយ​ចោទ​ប្រកាន់​គណ​បក្ស​កាន់​អំ​ណាច​ថា​បាន​រំលោភ​រដ្ឋ​ធម្ម​នុញ្ញ​ស្តី​ពី​សិទ្ធិ​ជួប​ជុំ​និង​សម្តែង​មតិ​របស់​ពល​រដ្ឋ។ ការ​ចោទ​ប្រកាន់​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​រំ​ខាន​វេទិ​កា​ជួប​ជុំ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ក្នុង​ខេត្ត​តា​កែវ​កាល​ពី​ថ្ងៃ​ទី​១៥​មីនា។ ប៉ុន្តែ សមា​ជិក​ព្រឹទ្ធ​សភា​គណ​បក្ស​ប្រជា​ជន​កម្ពុជា​បាន​បដិ​សេធ​ការ​ចោទ​ប្រកាន់​ដោយ​ចាត់ទុក​ថា​ជា​ការ​ចោទ​ដោយ​គ្មាន​មូល​ដ្ឋាន​និង​មិន​អាច​ទទួល​យក​បាន។

លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

 

នៅ​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​កាល​ពី​ថ្ងៃ​ទី ១៧ មីនា សមា​ជិក​ព្រឹទ្ធ​សភា​គណ​បក្ស​សម រង្ស៊ី បាន​ថ្កោល​ទោស​យ៉ាង​ខ្លាំង​និង​បាន​ចោទ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ថា​បាន​រំលោភច្បាប់។ ការ​ចោទ​ប្រកាន់​នេះ​បានកើត​ឡើង​បន្ទាប់ពី​សកម្ម​ជន​គណ​បក្ស​កាន់​អំណាច​មួយ​ក្រុម​បាន​ចាក់​មេ​ក្រូ​រំខាន​ដល់​វេទិការ​ជួប​ជុំ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ឯ​ស្រុក​ត្រាំ​កក់ ខេត្ត​តាកែវ​កាល​ពី​ថ្ងៃ​ទី ១៥ មីនា។

 
សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី ក៏បាន​ចោទ​គណបក្ស​កាន់​អំណាច​ថា​បាន​រំលោភ​មាត្រា ៤១ នៃ​រដ្ឋ​ធម្មនុញ្ញ ដែល​ការពារ​សិទ្ធិ​ជួប​ជុំ​និង​សម្តែង​មតិ​របស់​ពលរដ្ឋ។ ប៉ុន្តែ នៅ​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​ឆ្លើយ​តប​វិញ​ចុះ​ថ្ងៃ​ទី ១៧​មីនា​ដដែល សមា​ជិក​ព្រឹទ្ធ​សភា​គណ​បក្ស​ប្រជា​ជន​កម្ពុជា​បាន​ហៅ​ការ​ចោទ​ប្រកាន់​របស់​បក្ស​ប្រឆាំង​ថា​គ្មាន​មូលដ្ឋាន​និង​មិន​អាច​ទទួល​យក​បាន។ សមា​ជិក​ព្រឹទ្ធ​សភា​បក្ស​កាន់​អំណាច​បាន​អះ​អាង​ថា គណ​បក្ស​របស់​ខ្លួន​តែង​គោរព​យ៉ាង​ខ្ជាប់​ខ្ជួន​នូវ​រដ្ឋ​ធម្ម​នុញ្ញ​និង​ច្បាប់​នានា​រាប់​ទាំង​ច្បាប់​ស្តីពី​សេរី​ភាព​សម្តែង​មតិ​ដែល​កំពុង​នៅ​ជា​ធរមាន។

គួរ​កត់​សម្គាល់​ថា គណបក្ស​សង្គ្រោះ​ជាតិ​តែង​តែង​បរិហារ​អំពី​ការ​រំខាន​វេទិការ​ជួប​ជុំ​របស់​ខ្លួន​ពី​សំ​ណាក់​សកម្ម​ជន​គណ​បក្ស​កាន់​អំ​ណាច​ជា​ញឹក​ញាប់​រយៈ​ពេល​ចុង​ក្រោយ​នេះ។ ព្រឹត្តិ​ការណ៍​នេះ​បាន​កើត​ឡើង​បន្ទាប់​ពី​លោក​នា​យក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អំ​ពាវ​នាវ​ឲ្យ​អ្នក​គាំ​ទ្រ​គណ​បក្ស​ប្រជា​ជន​ងើប​ឡើង​ប្រ​ឆាំង​ការ​ប៉ុន​ប៉ង​ទម្លាក់​រដ្ឋា​ភិ​បាល​និង​បាន​បើក​សញ្ញា​ភ្លើង​ខៀវ​ឲ្យ​អ្នក​គាំ​ទ្រ​រដ្ឋា​ភិ​បាល​អាច​ធ្វើ​បាតុ​កម្ម​ដូច​ក្រុម​ប្រឆាំង​ដែរ។

ការ​ប្រឈម​មុខ​ដាក់​គ្នា​ក្នុង​វេទិកា​សាធារណៈ​តាម​ខេត្ត​រយៈ​ពេល​កន្លង​ទៅ​ត្រូវ​បាន​អាជ្ញា​ធរ​គណ​បក្ស​កាន់​អំ​ណាច​ពន្យល់​ថា​កើត​ឡើង​ដោយ​សារ​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ​ដែល​គាំទ្រ​គណ​បក្ស​កាន់​អំណាច។ ប៉ុន្តែ គណ​បក្ស​ប្រឆាំង​បាន​មើល​ឃើញ​បញ្ហា​នេះ​ថា​ជា​ចេត​នា​បង្ក​ការ​រំខាន​ពី​សំណាក់​គណ​បក្ស​ប្រជាជន​កម្ពុជា។ គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់​បាន​ព្រមាន​ផ្តាច់​ការ​ចរចា​ប្រសិនបើ​ការ​រំខាន​នៅតែ​បន្ត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ