អានតួអត្ថបទ
ចិន

រដ្ឋាភិបាល​ចិន​៖ ​អតិរេក​ពាណិជ្ជកម្ម​ក្នុង​ខែ​មករា​កើន​៨៨% ​ស្មើ​នឹង​៣៦៧ពាន់​លាន​យ័ន

ពាណិជ្ជកម្ម​របស់​ចិន​នៅ​ខែមករា​ ឆ្នាំ២០១៥ ​ចំណេញ​ច្រើន​ជាង​ខែ​មករា​ឆ្នាំមុន​ ដល់​ទៅ​៨៨ភាគរយ​ ឬស្មើនឹង​៣៦៧​ពាន់លានយ័ន​ ពេល​ដែល​ការ​នាំ​ចូល​ថយចុះ​កាន់តែ​លឿន​ជាង​ការ​នាំ​ចេញ។ ​នេះ​បើយោង​តាម​ទិន្នន័យ​ផ្លូវការ​ផ្សាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ។

ទង់ជាតិចិន
ទង់ជាតិចិន © Reuters
ផ្សាយពាណិជ្ជកម្ម

អគ្គនាយកដ្ឋានគយ​ចិន​បាន​ឱ្យ​ដឹង​តាម​រយៈ​វ៉េបសាយត៍​របស់​ខ្លួនថា ​ការ​នាំ​ទំនិញ​ចេញ​ពី​មហា​អំណាច​សេដ្ឋកិច្ច​ពិភពលោក​ទី​២​នេះ ​ធ្លាក់​ចុះ​៣,២ភាគរយ ​ពោល​គឺ​ស្មើ​នឹង​១,២៣​ទ្វេពាន់​លាន​យ័ន​ បើ​ប្រៀបធៀប​ទៅ​នឹង​ខែ​មករា​ឆ្នាំ​មុន​ រីឯ​ការ​នាំ​ទំនិញ​ចូល​មកវិញ​គឺ​តិចជាង​ខែ​មករា​ឆ្នាំ​២០១៤ ​ចំនួន​ ១៩,៧ភាគរយ​ ឬ​ស្មើនឹង​៨៦០ពាន់លានយ័ន។

ស្ថិតិ​ថ្មី​បំផុត​នេះ​ផ្សាយ​ចេញ​មក​បន្ទាប់​ពី​អតិរេក​ពាណិជ្ជកម្ម​របស់​ចិន​លោត​ឡើង​៤៧,២ភាគរយ​ក្នុង​ឆ្នាំ២០១៤ ​ពោល​គឺ​ស្មើនឹង​៣៨២,៤៦ពាន់លានដុល្លារ​ ដែល​ជា​តម្លៃ​មិន​ធ្លាប់​មាន។ ​គ្រាន់​តែ​ក្នុង​ខែ​ធ្នូ​ប៉ុណ្ណោះ​ អតិរេក​ពាណិជ្ជកម្ម​ស្ទើរ​តែ​កើនទ្វេ​ដង​រហូត​ដល់​៤៩,៦ពាន់លានដុល្លារ​ទៅ​ហើយ​ ទោះបីជា​កំណើន​នេះ​តិច​ជាង​ខែ​វិច្ឆិកា​ដែល​មាន​៥៤,៤៧ពាន់លានដុល្លារ​ក្តី។   ​

ផល​ចំណេញ​ពាណិជ្ជកម្ម​ដ៏​សម្បើម​របស់​ចិន​ធ្លាប់​ជា​ប្រភព​នៃ​ការ​មិនចុះ​សម្រុង​គ្នា​រវាង​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ និង​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន ​ពេល​ចិន​ដែល​ជា​ក្បាល​ម៉ាស៊ីន​ផលិត​កម្ម​របស់​ពិភពលោក​ លក់​ទំនិញ​កម្មន្តសាល​យ៉ាង​ពោរពាស​ ហើយ​បំណុល​អាមេរិក​កើន​ឡើង។ ​ប៉ុន្តែ​ភាព​រកាំ​រកូស​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​បាន​ធូរស្រាល​មក​វិញ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

កាល​ពី​ខែ​មុន​ ទិន្នន័យ​ផ្លូវការ​ចង្អុល​បង្ហាញ​ឱ្យ​ឃើញ​ថា​ សេដ្ឋកិច្ច​ចិន​បាន​កើន​៧,៤ភាគរយ​នៅ​ឆ្នាំ​២០១៤។ ​នោះ​ជា​កំណើន​ទាប​បំផុត​ក្នុង​រយៈ​ពេល​ជិត​២៥ឆ្នាំ​កន្លង​ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ