អានតួអត្ថបទ
ចិន

លោក​ Xi Jinping​ ឡើង​កាន់​តំណែងផ្លូវការ​​ជា​ប្រធានាធិបតី​ជំនួស​លោក​​ហ៊ូជីនតាវ​

នៅប្រទេសចិន នៅ​ថ្ងៃ​ព្រហស្បតិ៍​១៤​មីនា សភាប្រជាមានិតចិន បាន​បោះ​ឆ្នោត​ជ្រើស​​តាំងជាផ្លូវការ​លោក ​ Xi Jinping ឲ្យឡើងកាន់តំណែង​ជា​ប្រធានាធិបតី​ថ្មី​ជំនួស​លោក​ហ៊ូ ជីនតាវ។ ជា​ពិធី​តែង​តាំងមួយ​សំរាប់​ប្រមុខ​ដឹកនាំំថ្មី​នៃ​គណបក្ស​កុម្មុយនិស្ត​ចិនដើម្បី​បិទ​​បញ្ចប់​សម័យ​អន្តរកាល​និង​បើក​ទំព័រ​ថ្មីក្រោមការដឹកនាំរបស់លោក xi Jinping​៕ 

លោក  Xi Jinping ឡើងកាន់មុខតំណែងផ្លូវការជាប្រធានាធិបតីចិនជំនួសលោក Hu Jintao.
លោក Xi Jinping ឡើងកាន់មុខតំណែងផ្លូវការជាប្រធានាធិបតីចិនជំនួសលោក Hu Jintao. REUTERS/China Daily
ផ្សាយពាណិជ្ជកម្ម

 

មាន​អាយុ ៥៩​ឆ្នាំ លោក Xi Jinping ជា​អ្នកបន្តស្នង​ពីលោកហ៊ូជិនតាវនិង​​​​អម​​ដោយ​លោក Keqiang  ជានាយករដ្ឋមន្ត្រីចិន ដែល​សភា​កុម្មុយនិស្ត​ចិន​នឹងត្រូវ​​តែងតាំង​នៅ​ថ្ងៃ​សុក្រ​ស្អែក។ លោក​ Keqiang  នេះ ជា​អ្នកបន្តតំណែង​ពីអតីតនាយករដ្ឋមន្ត្រី Wen Jiabao ។

ជាប់​ឆ្នោត​​ជា​ប្រមុខ​​គណបក្ស​កុម្មុយនិស្ត​ចិន នៅ​នា​ឱកាស​សមាជបក្ស​លើក​ទី​១៨​កាលពី​​ខែ​វិច្ឆិកា​២០១២ លោក Xi Jinping  បានទទួល​មុខ​តំណែង​ជាស្វ័យ​ប្រវត្តិ​ជា​ប្រធានាធិបតី​នៃ​ប្រទេស​​ចិន​និង​​ក៏​ជា​ប្រធាន​អង្គការស្ថាប័ណរដ្ឋ​ទាំងអស់ ដែល​ស្ថិត​នៅ​ក្រោមអំណាច​នៃ​​គណបក្ស​កុម្មុយនិស្តចិនដែលជា​គណបក្សតែមួយគត់នៅក្នុងប្រទេស​។

ប្រកបដោយ​ឋានៈ​ជា​ប្រមុខ​រដ្ឋចិន លោក Xi Jinping  នឹង​តំណាង​​ ឲ្យ​ប្រទេស​ចិន​ចាប់​ពី​អំណេះ​ត​ទៅ​នៅ​លើ​ឆាក​អន្តរជាតិ​និងមាន​​អំណាច​គ្រប់​យ៉ាង​ទាំង​អស់​នៅ​ក្នុង​ការ​គ្រប់​គ្រង​ប្រទេស​នា​​រយៈ​ពេល​១០​ឆ្នាំទៅមុខ​។​

លោក Xi Jinping ដែល ខុសពី​ប្រមុខ​​ដឹក​នាំ​មុនៗ នៅ​ពេល​ជាប់​ឆ្នោត​ជា​អគ្គលេខាធិការ​នៃ​គណបក្ស​កុម្មុយនិស្ត​ចិន​ជាស្ថាពរ ហើយបាន​ឡើង​កាន់​តំណែង​ភ្លាម​​ ជា​ប្រមុខ​នៃ​គណកម្មការ​​កណ្តាល​​នៃ​កង​ទ័ពចិន​​ដ៏​មាន​ឥទ្ធិពល​។

ម្យ៉ាងទៀតនៅក្នុងដំណើរ​ទស្សនកិច្ច​ជា​​លើក​តំបូង​​នៅបរទេស  លោក Xi Jinping ក្នុង​នាម​ជា​ប្រធានាធិបតីប្រទេស​ចិន​នឹង​គ្រោង​ទៅបំពេញទស្សនកិច្ច​នៅ​ទីក្រុង​ម៉ូស្គូ​ចាប់ពី​ពេល​នេះ រហូត​​ដល់​ចុង​ខែ​មីនា​​និង​បន្ទាប់មកនៅទ្វីបអាហ្រិក។

គួររំលឹកថា នៅ​ពេល​ទទួល​មុខ​តំណែង​ជា​ប្រមុខ​នៃ​គណបក្ស​កុម្មុយនិស្ត​ចិន​កាលពីខែវិច្ឆិកា​ឆ្នាំ​មុន​នេះ លោក Xi Jinping បាន​ទទួល​ស្គាល់​ដែរ​ថា ក្រុម​ថ្មី​របស់លោក ត្រូវ​ប្រឈម​មុខ​នឹង​ការ​ទទួល​ខុស​ត្រូវ​យ៉ាង​ធំ​ធេង​​ក៏ព្រមទាំង​បញ្ហា​​ធ្ងន់ៗ​ អាទិ៍​ អំពើពុករលួយ​ដែល​រីក​រាល​ដាល​យ៉ាង​ខ្លាំង​នៅ​ក្នុង​ជួរ​របស់​លោក។​អំពើ​ពុករលួយ​ដែលលោកអះអាងថា នឹង​​គំរាមដល់​ជីវិត​​គណបក្ស​ដែល​ដឹក​នាំ​ប្រទេស​និងរបបចិនកុម្មុយនិស្ត​។ លោក Xi Jinping ​​បាន​បញ្ជាក់​​ផងដែរ អំពី​ទឹកចិត្ត​ខ្វល់ខ្វាយ​របស់​លោក​ចំពោះ​បញ្ហាវិសមភាពនៅក្នុងសង្គម ជាពិសេស​បញ្ហាប្រជាជនក្រីក្រ ដែល​ជួប​នឹង​បញ្ហា​ហិរញ្ញវត្ថុ បញ្ហាអត់ការងារធ្វើ​និង​បញ្ហា​ខ្វះ​ទីលំ​នៅ​សំរាប់​ជ្រកកោន​ជាដើម។

 

 ទោះជាយ៉ាងណាក្តី ប្រមុខរដ្ឋថ្មីនៃប្រទេសចិន ដែល​ជា​អ្នក​ប្រកប​ដោយ​ឆន្ទះដ៏​​មុះមុត នឹង​ខិត​ខំ​​ប្រឹង​ប្រែងតទៅមុខទៀត ​ដើម្បី​បន្ត​ការ​ដោះស្រាយបញ្ហាទាំងអស់នេះ​ឲ្យបានជោគជ័យដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ