អានតួអត្ថបទ
ចិន-ភូមា

លោក​ស៊ី ជីនពីង៖​ចិន​គាំទ្រ​​ដំណើរការ​​ចរចា​​សន្តិភាព​​នៅ​​ភូមា​

ថ្ងៃសុក្រ​១៩សីហា​ ក្នុង​ពេល​ទទួលជួប​លោកស្រី​អ៊ុងសាន​ ស៊ូជី ប្រធានាធិបតី​ចិន ស៊ី ជីនពីង បាន​ប្រកាស​​គាំទ្រ​ដំណើរការ​សន្តិភាព​នៅភូមា។ ការគាំទ្រ​របស់​ចិន បានបំពេញ​បំណង រដ្ឋាភិបាល​​ភូមាថ្មី ដែល​ប្តេជ្ញា​កសាង​​សន្តិភាព ដើម្បី​​អភិវឌ្ឈន៍​ប្រទេស។ ​

ប្រធានាធិបតី​ចិន និង​លោកស្រី​ស៊ូជី នៅ​ក្រុងប៉េកាំង ថ្ងៃ​សុក្រ​១៩សីហា
ប្រធានាធិបតី​ចិន និង​លោកស្រី​ស៊ូជី នៅ​ក្រុងប៉េកាំង ថ្ងៃ​សុក្រ​១៩សីហា Reuters
ផ្សាយពាណិជ្ជកម្ម

ក្នុង​ពេលទទួលជួប​លោកស្រី​អ៊ុងសាន ស៊ូជី ជា​រដ្ឋមន្ត្រីការបរទេស​ភូមា ដែល​បាន​មក​ទស្សនកិច្ច​​នៅ​ចិន ប្រធានាធិបតី​ចិន ស៊ី ជីនពីង បាន​ប្រកាស​គាំទ្រ​ដំណើរការ​សន្តិភាព​ភូមា ដោយ​សន្យា​ធ្វើការ​ជាមួយ​​ភូមា ដើម្បី​រក្សា​សន្តិភាព និង​ស្ថិរភាព​​នៅតាម​ព្រំដែន។ ​

ភូមា​មាន​ជាតិពិន្ធុ​១៣០​រស់នៅ។ ​ក្រោយភូមា​​​ទទួលបាន​ឯករាជ្យ​ពី​អង់គ្លេស​ ឆ្នាំ១៩៤៨​ ក្រុម​ប្រដាប់​អាវុធ​ជាច្រើន​​បាន​ងើបបះបោរ​ចង់​ផ្តាច់ខ្លួន​ពី​ភូមា។ ​នៅតាម​ព្រំដែន ​ពិសេស​នៅ​​តំបន់​កូងកាង ភាគឥសាន​​ ក្រុមឧទ្ទាម​បាន​ប្រយុទ្ធ​ជាមួយ​ ​កងទ័ព​ភូមា​ ធ្វើអោយ​ប្រជាជន​រាប់សិបពាន់​នាក់ ភៀសខ្លួន​ទៅ​ចិន កាលពីដើម​​ឆ្នាំ២០១៥។ ដោយឡែក ​នៅតាម​ព្រំដែន​ ក៏​សំបូរ​​សកម្មភាព​ជួញដូរ​គ្រឿងញៀន គ្រឿងសព្វាវុធ និង​ត្បូងថ្ម​មា​នតម្លៃ​ផងដែរ។

ប្រធានាធិបតី​ចិន​ ស៊ី ជីនពីង បាន​សន្យា​គាំទ្រ​ដំណើរការចរចា​​​សន្តិភាព​ភូមា ជា​ប្រទេស​ជាប់របង​ជាមួយចិន។ ការ​គាំទ្រ​នេះ ក៏អាច​​មា​នទិសដៅ​​​​ជំរុញ​អោយ​ភូមា​ព្រម​សង់​ទំនប់វារីអគ្គិសនី​​ មីតសូន បំពេញ​តំរូវការ​ប្រើប្រាស់​នៅ​ចិន​ដែរ។ ចិន​ចេញថ្លៃ​សាងសង់​​ទំនប់​នេះ ក្នុង​តម្លៃ​៣៦០០លានដុល្លារ។
ភូមា​បានផ្អាក​គម្រោង​សាងសង់​នេះ តាំង​ពិ​ឆ្នាំ ២០១១ តាំង​ពី​​​​ក្នុង​អាណត្តិ​​​លោក​ថេន សេន​ ដោយសារ​ប្រជាជន​ភូមា​ជំទាស់​គម្រោង។ ចិន​បាន​ដាក់សម្ពាធ​រដ្ឋាភិបាល​​​ថ្មី​របស់​លោកស្រី​ស៊ូជី ចំពោះ​គម្រោង​នេះ។ ពេលនេះ ភូមា​មិន​ទាន់​ឆ្លើយ​ថា ​យ៉ាងណា​ចំពោះ​ទំនប់​វារីអគ្គិសនី​ចិនទេ។ ​​លោកស្រី​ស៊ូជី គ្រាន់តែ​​គូសបញ្ជាក់ថា ​រដ្ឋាភិបាល​លោកស្រី​បានបង្កើត​គណៈ​កម្មការ​ស៊ើបអង្កេត​មួយឡើង ដើម្បី​ត្រួតពិនិត្យ​គម្រោង​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ