អានតួអត្ថបទ
ចិន-អង់គ្លេស

ចិន​បរិហារ​លើ​របាយការណ៍​របស់​អង់គ្លេស​ស្តីពី​រឿង​សិទ្ធិមនុស្ស​នៅ​ចិន

នៅ​ថ្ងៃ​អង្គារ ទី១៥ មេសា រដ្ឋាភិបាល​ទីក្រុង​ប៉េកំាង​បាន​ចោទ​រដ្ឋាភិបាល​ទីក្រុង​ឡុងដ៏​ពី​បទ​បាន​លូកដៃ​ចូល​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន។ ការ​ចោទ​ប្រកាន់​របស់​ចិន​លើ​ប្រទេស​អង់គ្លេស​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​អង់គ្លេស​បាន​ផ្សព្វផ្សាយ​របាយការណ៍​ប្រចំា​ឆ្នំា​ស្តីពី​សិទ្ធិមនុស្ស។ នៅ​ក្នុង​របាយការណ៍​នោះ ទីក្រុង​ឡុងដ៏​បាន​ដាក់​ប្រទេស​ចិន​ទៅ​ក្នុង​បញ្ជី​ប្រទេស​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ។

លោក Li Keqiang នាយករដ្ឋមន្រ្តី​ចិន
លោក Li Keqiang នាយករដ្ឋមន្រ្តី​ចិន REUTERS/Barry Huang
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​របាយការណ៍​ស្តីពី​សិទ្ធិមនុស្ស​ប្រចំា​ឆ្នំា ២០១៣ រដ្ឋាភិបាល​អង់គ្លេស​បាន​កត់សម្គាល់​ឃើញ​ពី​កំណើន​នៃ​ការ​បំបិទ​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ និង​ការ​ជួបជុំ​នៅ​ក្នុង​ប្រទេស​ចិន។ ទន្ទឹម​គ្នា​នេះ របាយការណ៍​ក៏​បាន​លើក​ឡើង​ពី​ការ​ដែល​រដ្ឋាភិបាល​ចិន​បាន​ប្រើ​កម្លំាង​គាបសង្កត់​លើ​ក្រុមជាតិ​ពិន្ធុ​នៅ​ទីបេ និង​នៅ​ស៊ីនជំាង។ ប្រតិកម្ម​ភ្លាមៗ​នឹង​របាយការណ៍​របស់​អង់គ្លេស​នេះ រដ្ឋាភិបាល​ទីក្រុង​ប៉េកំាង​បាន​លុបចោល​កិច្ចចរចា​រឿង​បញ្ហា​សិទ្ធិមនុស្ស​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​ឡុងដ៏​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ពុធ ទី១៦ មេសា​នេះ។

នៅ​ក្នុង​សន្និសីទកាសែត​មួយ លោកស្រី​ហ៊័រ ជុនយីង អ្នកនំា​ពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ចោទ​អង់គ្លេស​ដោយ​ត្រង់ៗ​ថា បាន​រៀបចំ​ប្រឌិត​របាយការណ៍​មួយ​ស្តីពី​នយោបាយ​ចិន​ដោយ​មិន​បាន​ផ្អែក​លើ​ការ​ពិត និង​គ្មាន​ការ​ពិចារណា ពិសេស​បាន​ធ្វើ​ការ​បរិហារ និង​ធ្វើ​ការ​ទិតៀន​ដោយ​បំប៉ោង​ស្តីពី​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​ចិន។ លោកស្រី​ជុនយីង​បាន​ទាមទារ​ឲ្យ​អង់គ្លេស​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​យក​រឿង​សិទ្ធិមនុស្ស​មក​ធ្វើ​ជា​លេស​ដើម្បី​លូកដៃ​ចូល​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន។

គួរ​ជម្រាប​ជូន​ថា ប៉េកំាង និង​ឡុងដ៏​បាន​ឯកភាព​គ្នា​ក្នុង​ការ​ជួប​ចរចា​រឿង​សិទ្ធិមនុស្ស​ឡើង​វិញ នា​ឱកាស​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក​នាយករដ្ឋមន្រ្តី​អង់គ្លេស​ដាវីដ កាមេរ៉ូន​នៅ​ក្នុង​ប្រទេស​ចិន​កាល​ពី​ខែ​ធ្នូ ឆ្នំា ២០១៣។ ទស្សនកិច្ច​ដែល​មាន​គោលដៅ​ពង្រឹង​ឡើង​វិញ​នូវ​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទំាង​ពីរ។ ទីក្រុង​ឡុងដ៏​បាន​សម្តែង​ការ​សោកស្តាយ​យ៉ាង​ខ្លំាង​ចំពោះ​ការ​ដែល​ទីក្រុង​ប៉េកំាង​បាន​លុបចោល​ជំនួប​ដែល​បាន​កំណត់​នៅ​ថ្ងៃពុធ ទី១៦ មេសា​នេះ និង​ថា ភាគី​ទំាង​ពីរ​កំពុង​ពិភាក្សា​គ្នា​ដើម្បី​កំណត់​ថ្ងៃ​ជួប​នៅ​ពេល​ក្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ