អានតួអត្ថបទ
ចិន

អាជ្ញាធរចិន​ចាប់ខ្លួន​មនុស្ស​៧នាក់​ ជាប់​សង្ស័យ​ក្នុង​ការ​វាយប្រហារ​នៅ​ស្ថានីយ​រថភ្លើង​តំបន់​ស៊ីនជាំង​

នៅថ្ងៃ​សៅរ៍​នេះ សារព័ត៌មាន​ប្រចាំថ្ងៃ​ ​Global Times បាន​ចុះផ្សាយ​ថា កាលពីថ្ងៃ​១៤​ឧសភា ​ប៉ូលិស​ចិន​បាន​ចាប់​ខ្លួន​មនុស្ស​៧នាក់ ជាប់​សង្ស័យ​ក្នុង​​ហេតុការណ៍​​​បំផ្ទុះ​គ្រាប់បែក​នៅ​​​​ពី​មុខ​ស្ថានីយ​រថភ្លើង ​ក្រុង​Urumqi តំបន់ស្វ័យត​​​ស៊ីនជាំង កាលពី​ថ្ងៃ​៣០​មេសា​​​កន្លងទៅ។

កងកម្លាំង​ចិន​ដើរ​ល្បាត​នៅតំបន់​ស៊ីនជាំង​
កងកម្លាំង​ចិន​ដើរ​ល្បាត​នៅតំបន់​ស៊ីនជាំង​ REUTERS/Stringer/Files
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​សៅរ៍នេះ យោងតាម​សារព័ត៌មាន​ Global Times ​ប៉ូលិស​ចិន​បាន​ចាប់ខ្លួន​​មនុស្ស​៧នាក់ ​​កាលពីថ្ងៃ​១៤ឧសភា ទាក់ទង​នឹង​​ហេតុការណ៍​​បំផ្ទុះ​គ្រាប់បែក​នៅ​មុខ​ស្ថានីយ​រថភ្លើង​ក្រុង​Urumqi ​តំបន់ស្វ័យត​​​ស៊ីនជាំង​ ភាគខាងលិច។ ហេតុការណ៍​នេះបានកើតឡើង កាលពី​ថ្ងៃ​៣០​មេសា។ កាលណោះ ​ហេតុការណ៍​​​​បំផ្ទុះ​​គ្រាប់បែក​​ បាន​សម្លាប់​មនុស្ស​​៣នាក់​ ក្នុង​​នោះ​មាន​ជនសង្ស័យ​២នាក់​ផងដែរដែល​ត្រូវបាន​ស្លាប់។​​ ​មនុស្ស​៧៩នាក់​ទៀត​បាន​​​រងរបួស។ ​ជន​សង្ស័យ​​ទាំង​៧នាក់ ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ នៅ​កសិដ្ឋាន​​មួយកន្លែង ក្នុង​ក្រុង​ចាំងឈី នៅ​មិនឆ្ងាយ​ពី​ក្រុង​​ Urumqi ​ប៉ុន្មាន​ឡើយ។ ​​​ជនសង្ស័យ​ទាំងនោះភាគច្រើន​​ ជា​សមាជិក​​ក្រុម​គ្រួសារ​ជាមួយ​​​គ្នា ​មាន​បងប្អូន​ប្រុស​២នាក់ ​​ប្រពន្ធនិង​បងប្អូន​ជីដូន​មួយ​ពួកគេ​ផងដែរ។

ហេតុការណ៍​បំផ្ទុះ​នៅ​ក្រុង​ Urumqi ​កាលពីថ្ងៃ​៣០មេសា កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​​របស់ប៉ូលិស​នៅឡើយ។ គួររំលឹក​ថា ហេតុការណ៍​នេះ ​បាន​កើតឡើង​ចំថ្ងៃ​ចុងក្រោយ​នៃ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​​​​ស៊ី ជីនពីង​នៅ​​តំបន់​ស៊ីនជាំង។ ​កាលណោះ​ លោក​ស៊ី ជីនពីង​បាន​សុំអោយ​ប៉ូលិស​ចាត់វិធានការ​​មាន​ប្រសិទ្ធភាព​ខ្ពស់ប្រឆាំង​អំពើ​ភេរវកម្ម។ តំបន់​ស៊ីនជាំង ​ជា​តំបន់​សំបូរ​ធនធាន​ធម្មជាតិ សំបូរ​​ជនជាតិ​អ៊ុយហ្គួ​​ ​​កាន់សាសនា​អ៊ីស្លាម ​មាន​​ដើម​កំណើត​មកពី​​​​តួកគី​រស់នៅ។

អំពើ​ហិង្សា​​ក្នុង​តំបន់ស៊ីនជាំង ជាង​១ឆ្នាំ​មកនេះ បាន​សម្លាប់​មនុស្ស​រាប់រយនាក់។ ​​រដ្ឋាភិបាល​ចិន​តែង​​ទំលាក់​កំហុស​​​លើ​សកម្ម​ជនផ្តាច់ទឹកដី​និយម​​​​អ៊ុយហ្គួ​។ ​​ជនជាតិ​អ៊ុយហ្គួវិញ​ តែង​ចោទ​រដ្ឋាភិបាល​ចិន​ថា ​បាន​​ធ្វើទុក្ខ​បុក​ម្នេញ គាបសង្កត់​វប្បធម៌ ​ប្រពៃណី​ ​និង​សាសនា​របស់​ពួកគេ៕​
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ