អានតួអត្ថបទ
ចិន-អឺរ៉ុប

នាយករដ្ឋមន្រ្តី​ចិន​សន្យា​បង្កើន​ការ​វិនិយោគ​នៅ​អឺរ៉ុប

នៅ​ក្នុង​ពេល​ដែល​អឺរ៉ុប​កំពុង​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ដ៏ធ្ងន់ធ្ងរ នៅថ្ងៃ​ពុធ​នេះ លោក​វេន ជៀប៉ាវ នាយករដ្ឋមន្រ្តី​ចិន​ បាន​សន្យា​ថា ចិន​នឹង​បង្កើន​ការ​វិនិយោគ​​នៅ​អឺរ៉ុប ក៏ប៉ុន្តែ ទាមទារ​ឲ្យ​មេដឹកនាំ​អឺរ៉ុប​ចាត់វិធានការ​ដោះស្រាយ​វិបត្តិ​ប្រាក់បំណុល​​របស់​ខ្លួន។ លោក​វេន ជៀប៉ាវ​ក៏​បាន​សន្យា​ផងដែរ​ថា ចិន​នឹង​ដាក់​ចេញ​យុទ្ធសាស្រ្ត ដើម្បី​បង្កើន​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក។

លោក​វេន ជៀប៉ាវ នាយករដ្ឋមន្រ្តី​ចិន ថ្លែងក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក
លោក​វេន ជៀប៉ាវ នាយករដ្ឋមន្រ្តី​ចិន ថ្លែងក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក REUTERS/Jason Lee
ផ្សាយពាណិជ្ជកម្ម

ក្តីបារម្ភ​អំពី​វិបត្តិ​ប្រាក់​បំណុល​នៅ​ក្នុង​តំបន់​អឺរ៉ូ​កំពុង​តែ​កើនឡើង ពីមួយថ្ងៃ ទៅមួយថ្ងៃ។ នៅថ្ងៃ​នេះ ប្រធាន​គណៈកម្មការ​អឺរ៉ុប និង​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ ប៉ូឡូញ ដែល​ជា​ប្រធាន​សហភាព​អឺរ៉ុប​បាន​ព្រមាន​ថា វិបត្តិ​ប្រាក់​បំណុល​ក្នុង​តំបន់​អឺរ៉ូ​អាច​នឹង​ធ្វើ​ឲ្យ​សហភាព​អឺរ៉ុប​ទាំងមូល​​ត្រូវ​ដួល​​រលំ ហើយជម្លោះ​និង​​សង្រ្គាម​​អាច​នឹង​វិលត្រឡប់​មក​​អឺរ៉ុប​វិញ​ជាថ្មី​ម្តងទៀត។

នៅ​ថ្ងៃពុធ​នេះ ប្រមុខដឹកនាំ​បារាំង អាល្លឺម៉ង់ និង​ក្រិក នឹង​ពិភាក្សា​គ្នា​​តាម​ទូរស័ព្ទ ដើម្បី​​​​រិះរក​ដំណោះស្រាយ​ទប់ស្កាត់​កុំ​ឲ្យ​ក្រិក​ក្ស័យធន។ កន្លងមក អឺរ៉ុប​បាន​ព្រមព្រៀង​គ្នា​រួចហើយ​ ទៅលើ​កញ្ចប់​ថវិកា​ ដើម្បី​ជួយ​ក្រិក ក៏ប៉ុន្តែ អឺរ៉ុប​ទាមទារ​ឲ្យ​ក្រិក​បំពេញ​នូវ​លក្ខខណ្ឌ​មួយ​ចំនួន​ជាមុនសិន ទើប​អាច​ដក​លុយ​យក​ទៅ​ចាយបាន។

នៅ​ក្នុង​ពេល​កំពុង​ប្រឈមមុខ​នឹង​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​បែបនេះ ​ប្រទេស​​ក្នុង​តំបន់​អឺរ៉ូ​​កំពុង​តែ​សម្លឹង​​មើល​ទៅ​រក​ជំនួយ​ពី​​ប្រទេស​​​ចិន​ ដែល​ជា​ប្រទេស​សម្បូរលុយ។ កន្លងមក ចិន​ធ្លាប់​បាន​សន្យា​រួចហើយ​ថា នឹង​ធ្វើការ​វិនិយោគ​លើ​មូលបត្រ​បំណុល​របស់​​ក្រិក ព័រទុយហ្កាល់ និងអេស្ប៉ាញ។

នៅថ្ងៃ​ពុធ​នេះ លោក​វេន ជៀប៉ាវ បាន​សន្យា​ថា នឹង​បង្កើន​ការ​វិនិយោគ​​បន្ថែម​ទៀត នៅ​អឺរ៉ុប ក៏ប៉ុន្តែ ជា​ថ្នូរ​មកវិញ អឺរ៉ុប​គួរតែ​​បើកចំហ​ទីផ្សារ​បន្ថែម​ទៀត​ដល់​ផលិតផល​ចិន។ គួររំឭកថា ចិន​បាន​ទាមទារ​បែបនេះ​ជា​ច្រើនឆ្នាំ​មកហើយ ក៏ប៉ុន្តែ អឺរ៉ុប​បដិសេធ​ ដោយ​លើក​ហេតុផល​ថា រដ្ឋាភិបាល​ចិន​លូកដៃ​ចូលធ្វើ​អន្តរាគមន៍​ច្រើន​ពេក ក្នុង​បញ្ហា​ជំនួញ (ក្រុមហ៊ុន​ធំៗ​ភាគច្រើន​របស់​ចិន គឺ​ជា​ក្រុមហ៊ុន​រដ្ឋ ហើយ​មេដឹកនាំ​ក្រុមហ៊ុន​តែងតាំង​ដោយ​រដ្ឋាភិបាល) ដែល​ផ្ទុយ​ពី​គោលការណ៍​សេដ្ឋកិច្ច​សេរី និង​ការ​ប្រកួតប្រជែង​ដោយ​ស្មើភាព។

នៅថ្ងៃ​ពុធ​នេះ លោក​វេន ជៀប៉ាវ ក៏​បាន​ជំរុញ​ផងដែរ​ឲ្យ​​​គ្រប់​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំងអស់​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ខ្លួន​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ ដាក់ចេញ​នូវ​នយោបាយ​រូបិយវត្ថុ​ដែល​មាន​ប្រសិទ្ធិភាព ចាត់ចែង​ដោះស្រាយ​បញ្ហា​ប្រាក់​បំណុល និង​ធានា​សុវត្ថិភាព​ដល់​​ការ​ធ្វើ​វិនិយោគ។

ក្នុងពេលជាមួយ​គ្នា នាយករដ្ឋមន្រ្តី​ចិន​ក៏​បាន​សន្យា​ផងដែរ​ថា ចិន​នឹង​ដាក់ចេញ​នូវ​យុទ្ធសាស្រ្ត ដើម្បី​​បង្កើន​តម្រូវការ​ទីផ្សារ​ក្នុងស្រុក ត្រៀម​ខ្លួន​បោះជំហាន​ចូល​ក្នុង​ដំណាក់កាល​ថ្មី នៃ​​​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ