អានតួអត្ថបទ
ចិន

ចិន​កាត់ទោស​មេធាវី​សិទ្ធិមនុស្ស​ម្នាក់​ដាក់​ពន្ធនាគារ​៧ឆ្នាំ

មេធាវីចិន​ម្នាក់ ដែល​ភាគច្រើន​ធ្វើ​ការ​ក្នុង​ការ​ពារ​សិទ្ធិមនុស្ស ត្រូវ​បាន​តុលាការ​ចិន កាត់ទោស​ដាក់ពន្ធនាគារ រយៈពេល ៧ឆ្នាំ ដោយ​ចោទប្រកាន់​ពី​បទ​ធ្វើ​សកម្មភាព​ប្រឆាំង​រដ្ឋ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋចិន ស៊ីនហួ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ នេះ​គឺ​ជា​ករណី​ទី៣ហើយ នៅ​ក្នុង​សប្តាហ៍​នេះ ដែល​តុលាការ​ចិន​ធ្វើការ​ជំនំជម្រះ និង​កាត់ទោស​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​បែបនេះ។

លោក ជូ ស្ហ៊ីហ្វិង (Zhou Shifeng) មេធាវី​ការពារសិទ្ធិមនុស្ស ដែល​ត្រូវ​តុលាការ​កាត់ទោស​ដាក់​ពន្ធនាគារ ៧ឆ្នាំ ពីបទ​ធ្វើ​សកម្មភាព​ប្រឆាំង​រដ្ឋ
លោក ជូ ស្ហ៊ីហ្វិង (Zhou Shifeng) មេធាវី​ការពារសិទ្ធិមនុស្ស ដែល​ត្រូវ​តុលាការ​កាត់ទោស​ដាក់​ពន្ធនាគារ ៧ឆ្នាំ ពីបទ​ធ្វើ​សកម្មភាព​ប្រឆាំង​រដ្ឋ
ផ្សាយពាណិជ្ជកម្ម

លោក ជូ ស្ហ៊ីហ្វិង (Zhou Shifeng) ​គឺ​ជា​ប្រធានការិយាល័យមេធាវីមួយ ដែល​មាន​ទីស្នាក់ការ​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ហើយ​ដែល​ភាគច្រើន​ការពារក្តី​ឲ្យ​ជនរងគ្រោះ​ដោយ​ការ​រំលោភបំពាន​លើ​ផ្លូវភេទ, សមាជិក​និកាយ​សាសនា​ដែល​ត្រូវ​អាជ្ញាធរ​ហាមឃាត់ និង​បញ្ញវន្ត​ដែល​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល។ លោក​គឺ​ជា​ម​នុស្ស​ម្នាក់ ក្នុង​ចំណោម​មេធាវី និង​សកម្មជន​សិទ្ធិមនុស្ស​ជាង ២០០នាក់ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចិន​ចាប់ឃុំខ្លួន នៅ​ក្នុង​ប្រតិបត្តិការ​ទ្រង់ទ្រាយធំ បើក​ធ្វើ​ចាប់តាំង​ពី​ខែ​កក្កដា​ឆ្នាំ​ទៅមិញ ដើម្បី​​បង្រ្កាប​​អ្នក​រិះគន់​របបកុម្មុយនិស្ត។

លោក​ ជូ ស្ហ៊ីហ្វិង ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ ៧ឆ្នាំ ព្រមទាំង​ត្រូវ​ដក​សិទ្ធិ​នយោបាយ​រយៈពេល ៥ឆ្នាំ ហើយ​បើ​យោងតាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីនហួ លោក​ជូ​បាន​សារភាព​ទទួលកំហុស​របស់​ខ្លួន ហើយ​សម្រេច​មិន​ប្តឹង​ជំទាស់​នឹង​សេចក្តីសម្រេច​របស់​តុលាការ​នេះ​ទេ។

គួរបញ្ជាក់ថា មុន​លោក​ជូ សកម្មជន​សិទ្ធិ​មនុស្ស​ពីរ​រូបផ្សេងទៀត​ក៏​ត្រូវ​បាន​តុលាការ​តែមួយនេះ​ផ្តន្ទាទោស​ពីបទ​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​រដ្ឋ​ដូចគ្នា​នេះដែរ កាល​ពីថ្ងៃ​អង្គារ និង​ថ្ងៃ​ពុធ គឺ​ម្នាក់​ត្រូវ​កាត់​ឲ្យ​ជាប់​ពន្ធនាគារ ៣ឆ្នាំ ដោយ​ត្រូវ​ព្យួរ​ទោស​ និង​ម្នាក់​ទៀត​ត្រូវ​កាត់​ឲ្យ​ជាប់​ពន្ធនាគារ​រហូតដល់​ទៅ ៧ឆ្នាំ​កន្លះ ដោយតុលាការ​អះអាង​ថា លោក​បាន​ញុះញង់​ឲ្យ​មាន​ “បដិវត្តន៍ពណ៌” នៅ​ក្នុង​ប្រទេស​ចិន។

គេ​សង្កេតឃើញ​ថា សវនាការ​កាត់ទោស​សកម្មជន​អស់ទាំងនេះ​ត្រូវ​បាន​ធ្វើឡើង ក្រោម​ការ​ឃ្លាំមើល​យ៉ាងតឹងរ៉ឹង​ពី​សំណាក់​កងកម្លាំង​ប៉ូលិស ទាំង​ក្នុង​ឯកសណ្ឋាន និង​ក្នុង​សម្លៀក​បំពាក់​ស៊ីវិល។ អាជ្ញាធរ​ចិន​អះអាង​ថា សវនាការ​អស់ទាំងនេះ​ត្រូវ​ធ្វើឡើង​ដោយ​បើក​ចំហ​ដល់​សាធារណជន ក៏ប៉ុន្តែ ទីភ្នាក់ងា​រព័ត៌មាន​បារាំង​អាអែហ្វប៉េ​បាន​ឲ្យដឹង​ថា អ្នក​យក​ព័ត៌មាន​របស់​ខ្លួន​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​បន្ទប់​សវនាការ​នោះទេ។

​ក្រុម​គ្រួសារ​របស់ជនជាប់ចោទ​​​បាន​ឲ្យដឹង​​ថា ពួកគេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ស្តាប់​សវនាការ​នេះ​ដែរ។ ក៏ប៉ុន្តែ អាជ្ញាធរ​ចិន​បាន​ធ្វើការ​ពន្យល់ថា ការ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​គ្រួសារ​ចូល​ទៅស្តាប់​សវនាការ​នេះ គឺ​ធ្វើ​ទៅតាម​ការ​ស្នើ​សុំ​របស់​ជនជាប់ចោទ ដោយ​​​បាន​ចុះផ្សាយ​​នូវ​លិខិត​សរសេរ​ដោយដៃ ព្រមទាំង​មាន​ស្នាម​មេដៃ​ផង ដែល​តុលាការ​អះអាង​ថា ជា​លិខិត​ស្នើ​សុំ​របស់​ជនជាប់ចោទ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ