អានតួអត្ថបទ
វៀតណាម-ចិន

​បាតុកម្ម​វៀតណាម​ប្រឆាំង​​ចិន កំពុង​រុញ​ច្រាន​ជម្លោះ​មាន​ស្រាប់​ឱ្យ​កាន់​ធ្ងន់ធ្ងរ

បាតុកម្ម​ប្រឆាំង​នឹង​ ចិន​ដែល​បាន​ដាក់​ពង្រាយ​ឧបករណ៍​ខួង​​​យក​ប្រេង​ នៅ​ក្នុង​តំបន់​ដែន​ទឹក​ជាប់​ជម្លោះ​ជាមួយ​វៀតណាម បាន​រាល​ដាល​ជា​អំពើ​ហិង្សា​។ រោងចក្រឧស្សាហកម្ម​បរទេស​ជាង​១០​ត្រូវ​ដុត​បំផ្លាញ​ ​មនុស្សជាង​៥រយ​នាក់ ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​។ ​តៃវ៉ាន់ សិង្ហបុរី​ ទាមទារ​ឱ្យ​​​​រដ្ឋាភិបាល​វៀតណាម​ ចាត់​វិធានការ​សម​ស្រប​ចំពោះ​ហេតុការណ៍​ហិង្សា​នេះ ឯ​ចិន​វិញ​បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំង​​ និង​កាច​ជាង​គេ ព្រមទាំង​​​បាន​ណែ​នាំ​ឱ្យ​ប្រជាជន​ចិន​ស្នាក់​នៅក្នុង​ប្រទេស​វៀតណាម រក្សា​ការ​ប្រុង​ប្រយ័ត្ន​សុវត្ថិភាព។

ប៉ូលិស​វៀតណាម​ចាប់​ខ្លួន​បាតុករ​ប្រមាណ​៥០០​នាក់ ដែលបាន​​​បង្ក​អំពើ​ហិង្សាក្នុង​តំបន់​ឧស្សាហកម្ម​ នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ ថ្ងៃ​ទី ១៣ ឧសភា ២០១៤​
ប៉ូលិស​វៀតណាម​ចាប់​ខ្លួន​បាតុករ​ប្រមាណ​៥០០​នាក់ ដែលបាន​​​បង្ក​អំពើ​ហិង្សាក្នុង​តំបន់​ឧស្សាហកម្ម​ នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ ថ្ងៃ​ទី ១៣ ឧសភា ២០១៤​
ផ្សាយពាណិជ្ជកម្ម

ប្រមូល​ផ្តុំ​គ្នា​ជិត​ពីរ​ម៉ឺន​នាក់ កម្មករ​វៀតណាម​បាននាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​សកម្មភាព​ចិន​ក្នុង​សមុទ្ទ​ចិន​ខាងត្បូង នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ ប៉ុន្តែ​​អណ្តាត​ភ្លើង​​កំហឹង​បាតុកម្ម​ ទៅ​ជា​ជះ​​ដុត​បំផ្លាញ​រោងចក្រ​ដែល​មាន​ថៅកែ ឬ​អ្នក​ដឹកនាំ​ជា​ជនជាតិ​ចិន និង​បាន​អំពាវនាវ​ឱ្យ​កម្មករ​ផ្សេង​ទៀត​នាំ​គ្នាងើប​ធ្វើ​​កូដកម្មប្រឆាំង។ អ្នក​ទទួល​ខុស​ត្រូវ​ តែវ៉ាន់ ជប៉ុន កូរ៉េខាង​ត្បូង នៃ​តំបន់​ឧស្សាហកម្ម​ ដែល​រងគ្រោះ​ បាន​សម្រេច​បិទ​រោងចក្រ​​នៅ​ថ្ងៃពុធ​នេះ​ ខ្លាច​ក្រែង​មាន​ការ​រីក​រាល​ដាល​កាន់​តែ​ធំ។

 
បាតុកម្ម​ជា​សកម្មភាព​ដ៏​កម្រ​ក្នុង​ប្រទេស​វៀតណាម​ ! យូរៗ​ម្តង​អាជ្ញាធរ​ហាណូយ​ធ្មេញ​ភ្នែក​រៀប​ចំ​បាតុកម្ម​ ក្នុង​កម្មវត្ថុ​តែ​មួយ​គឺ​ដើម្បី​ប្រឆាំង​នឹង​ចិន។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ ប៉េកាំង​បាន​បញ្ចេញ​ប្រតិកម្ម​ យ៉ាង​ខ្លាំងក្លា ជា​ផ្លូវការ​ នៅ​ថ្ងៃ​នេះ ចោទ​ប្រកាន់​ហាណូយ​ជា​អ្នក​បង្ក​ហេតុ និង​បាន​ទាមទារ​ឱ្យ​អាជ្ញាធរ​វៀតណាម ចាត់​វិធានការ បិទ​បញ្ចប់​ទង្វើ​ "ឧក្រិដ្ឋ”​ ព្រមទាំង​​ដាក់​ទោស​ជន​ដៃដល់។ ជាមួយ​នឹង​ការ​អំពាវនាវ​ឱ្យ​បណ្តា​ជន​ចិន​នៅ​វៀតណាម​ធ្វើ​ការ​ប្រុង​ប្រយ័ត្ន និងការ​ដាក់​យន្តការ​បន្ទាន់​សម្រាប់​ធានា​សន្តិសុខ​ដល់​ក្រុមហ៊ុន​ចិន​នៅ​វៀតណាម ប៉េកាំង​បាន​ប្រកាស​ព្រមាន​វៀតណាម​ឱ្យ​ចេះ​គោរព​បូរណភាព​ដែន​ដី​ចិន និង​ប្រកាស​បង្កើន​វត្តមាន​ទាហាន​ជើង​ទឹក​ការ​ពារ​គម្រោង​ខួង​ប្រេង​ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង​កំពុង​ជាប់​ជម្លោះ។

ចិន វៀតណាម ប្រទេស​កុម្មុយនិស្ត​ជិត​ខាង​ជាប់​របង​គ្នា​ទាំងពីរ មាន​​​ជម្លោះ​ដែនដី តាំង​ពី​យូរ​យារ​មក ដណ្តើម​ប្រជុំ​កោះ​ ស្ព្រាតលី និង​ប៉ារ៉ាសែល ដែល​ល្បី​ថា​សម្បូរ​ដោយ​ធនធាន​ធម្មជាតិ​ក្រោម​ដី​ ​ និង​ជា​ច្រក​គមនាគមន៍​ដែន​សមុទ្ទ​​យ៉ាង​សំខាន់។ តាំង​ពី​ដើម​ខែ​ឧសភា​មក សម្ពាធ​បាន​ឡើង​តាន​តឹង​កាន់​តែ​ខ្លាំង ដ្បិត​ចិន​បាន​ដាក់​ដំឡើង​គ្រឿង​ចក្រ​សម្រាប់​បូម​ប្រេង​ ក្នុង​តំបន់​ទឹក​ជ្រៅ​នៃ​សមុទ្ទ​ចិន​ខាង​ត្បូង។ ចិន​ក៏​មាន​ជម្លោះ​ជាមួយ​ប្រទេស​ក្នុង​តំបន់​ផ្សេ​ង​ទៀត​ដែរ ជាក់​ស្តែង​ហ្វីលីពីន ដែល​ក្នុង​ពេល​ទន្ទឹម​គ្នា​នេះ បាន​សម្តែង​ការ​សង្ស័យ​ថា​ប៉េកាំង​ទំនង​ជា​ចង់​បង្កើត​ចំណត​យន្តហោះ​មួយ​នៅ​ក្បែរ​ប្រជុំ​កោះ​ស្ព្រាតលី​ផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ