ដើម្បីប្រឆាំងនឹងអំពើពុករលួយ ចិនហាមធ្វើស៊ុបឆ្លាមទទួលភ្ញៀវ
លែងមានទៀតហើយ ស៊ុបព្រុយឆ្លាម ក្នុងពិធីជប់លៀងផ្លូវការសំខាន់ៗ នៅក្នុងចិន ចាប់ពីពេលនេះតទៅ។ ម្ហូបដ៏ល្បីល្បាញ និងថ្លៃបំផុត របស់បណ្តាជននេះ មានតាំងពីសម័យរាជវង្សមិញមក ត្រូវបានហាមឃាត់ដោយ សារាចរណ៍ថ្មីរបស់ក្រុមប្រឹក្សារដ្ឋ ចាប់ពីពេលនេះតទៅ។ សារាចរណ៍ក៏បានដាក់បម្រាម ផងដែរ មិនឱ្យទទួលទានម្ហូបស៊ុបសំបុកត្រចៀកកាំ (ទឹកមាត់ត្រចៀកកាំ) និងម្ហូបធ្វើពីសាច់សត្វព្រៃកម្រ។ បម្រាមនេះ គឺសំដៅការពារអភិរក្សសត្វផង និងដើម្បីប្រយុទ្ធប្រឆាំងនឹងភាពមានបានហ៊ឺហា ពុករលួយរបស់មន្ត្រី ដែលនាំឱ្យខូចរូបភាពបក្សផង។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:២៧
រឿងឡើងតុ បរិភោគអាហារឆ្ងាញ់ជាចំណូលរបស់ក្រុមមន្ត្រីចិន ហើយខ្លះឆ្លៀតយកចំណេញយ៉ាងងងើលពីពិធីបុណ្យផ្លូវការ។ “នេះមិនមែនជាលើកទីមួយដែលក្រុមប្រឹក្សារដ្ឋ បានណែនាំ អ្នករៀបចំកម្មវិធីទស្សនកិច្ចផ្លូវការ ឬទស្សនកិច្ចការងារ ត្រៀមម្ហូប ដោយឈរបទដ្ឋានចំណាយសមហេតុផល” ! នេះជាអ្វីដែលមានចែងក្នុងសារាចរណ៍ថ្មី។
មន្ត្រីចិនចាស់ៗ នៅចងចាំបាន អំពីសេចក្តីណែនាំរបស់មន្ត្រីជាន់ខ្ពស់បក្សតាំងពីសម័យនាយករដ្ឋមន្ត្រី ជូរ អេឡៃ ឆ្នាំ១៩៤៩មក គឺបញ្ជីមុខម្ហូបមាន “សម្លបួនមុខ និងស៊ុបមួយមុខ” គ្មានលើសគ្មានខ្វះទេ។
នៅឆ្នាំ១៩៨៩ និង ឆ្នាំ២០០៦ សេចក្តីណែនាំប្រហាក់ប្រហែលនេះ បានប្រកាសរំលឹកជាថ្មី ដោយស្នើសុំមិនឱ្យធ្វើម្ហូបទទួលភ្ញៀវហួសឋានៈ។ ប៉ុន្តែបម្រាមលើកនេះ មានលក្ខណៈលម្អិត ច្បាស់ៗនិងចំៗ។
ស៊ុបព្រុយឆ្លាម ម្ហូបដ៏ជាទីពេញនិយមបំផុតមួយរបស់ចិន ដែលជាម្ហូបល្អ ម្ហូបសម្រាប់អ្នកមាន ម្ហូបថ្លៃ ទាំងតម្លៃទាំងរូបភាព និងទាំងជីវជាតិ ត្រូវហាមឃាត់តែម្តង ! ស៊ុបទឹកមាត់ត្រចៀកកាំ ដែលស្ត្រីអភិជនចិន មានជំនឿថាបរិភោគទៅសាច់ស្អាត ក៏ត្រូវហាមឃាត់ដែរ។
បើតាមសាស្ត្រាចារ្យសកលវិទ្យាល័យឧស្សាហកម្មប៉េកាំង ព្រុយឆ្លាម ឬសំបុកត្រចៀកកាំ មិនមែនជាអាហារប៉ូវអ្វីទេ ប៉ុន្តែវាមានតម្លៃថ្លៃ។ មន្ត្រីរដ្ឋការជាន់ខ្ពស់ចិន ជឿថាគឺជាកិត្តិយស ឬនាំកិត្តិយសដល់ខ្លួននៅពេលបានបរិភោគអាហារនេះ។ ពោលគឺចង់សំញែងអំណាចដោយប្រើលុយរដ្ឋប៉ុណ្ណោះ។
បើតាមសារព័ត៌មានផ្លូវការចិនថ្មី សេចក្តីណែនាំថ្មីនេះ មានទិសដៅជំរុញមន្ត្រីឱ្យចេះរស់នៅដោយសាមញ្ញ ប្រឆាំងនឹងភាពហ៊ឺហា មានបានបង្ហួតសំញែង ព្រមទាំងជំរុញដល់ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ក្នុងក្របខ័ណ្ឌបក្ស និងរដ្ឋាភិបាល។
មន្ត្រីរដ្ឋការ ក៏នឹងត្រូវមានរបបហាមឃាត់ ទាក់ទងនឹងការទទួលទានសុរា បារី ថ្លៃៗ ផ្តល់ជូនជាកាដូក្រោយពេលបរិភោគអាហារដែរ។ “បារីរបស់អធិរាជ្យមានតម្លៃថ្លៃជាងបារីកម្មករដល់ទៅ ដប់ដង” ! នេះជាសុភាសិតរបស់ចិន។ អ្នកកាសែតចិនម្នាក់ ដែលធ្លាប់សរសេររិះគន់ថាមន្ត្រីតំបន់សានហ្ស៊ី ជក់បារីផ្សែងទ្រលោម ក្នុងពិធីជប់លៀង បានបាត់បង់ការងារតែម្តង។ ប៉ុន្តែជាសំណាងល្អ ជាមួយសារាចរណ៍ថ្មីនេះ អ្នកកាសែតរូបនោះបានចូលធ្វើការវិញហើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ