អានតួអត្ថបទ
កម្ពជា-អាស៊ាន

មេដឹកនាំ​ភាគច្រើន​បាន​អះអាង​អំពី​វត្តមាន​នៅ​ក្នុង​កិច្ចប្រជុំកំពូល​អាស៊ាន

កិច្ចប្រជុំ​កំពូលអាស៊ានដែល​មាន​មេដឹកនាំកំពូល​នៃប្រទេស​អាស៊ាន និង​ប្រទេសមហាអំណាច​ជាដៃគូ នឹងប្រព្រឹត្តិទៅពី​ថ្ងៃ​ទី​១៥​ដល់​ថ្ងៃ​ទី​២០​នៅក្នុង​ខែ​វិច្ឆិកា​។ ក្រសួង​ពាក់ព័ន្ធ​នានា​បាន​ត្រៀមរៀបចំ​យ៉ាងម៉ត់ចត់​ជាង​ពេល​កិច្ចប្រជុំ​ធំៗ​កាល​ពី​ខែ​មេសា និង​ខែ​កក្កដាកន្លងទៅ ពីព្រោះ មេដឹកនាំកំពូល​នៃ​ប្រទេស​មហាអំណាច​នឹង​មានវត្តមាន​នៅ​ក្នុង​កិច្ចប្រជុំ​នេះ។

ផ្សាយពាណិជ្ជកម្ម

មេដឹកនាំ​ភាគច្រើន​នៃ​ប្រទេស​ដែល​ត្រូវ​ចូលរូម​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​នៅក្នុង​ខែ​វិច្ឆិកា​ខាង​មុខ​នេះ បាន​ឆ្លើយ​តប​តាម​ការ​អញ្ជើញ​របស់​កម្ពុជា​ ដែល​ជា​ម្ចាស់​ផ្ទះ​អាស៊ាន​ហើយ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​ស្រី សឿង រដ្ឋចាវី​ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​កម្ពុជា។ ថ្លែង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​នៅ​ថ្ងៃ​នេះ លោកស្រី រដ្ឋចាវី ដែល​ជា​ប្រធាន​ដឹកនាំ​កិច្ច​ប្រជុំ​ឧត្តម​មន្ត្រីបាន​ពន្យល់​ថា កម្ពុជា​បាន​អញ្ជើញ​មេដឹកនាំ​កំពូលនៃ​ប្រទេស​មហាអំណាច​ដែល​ត្រូវ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​អស់ហើយ ប៉ុន្តែ​តាម​ទំលាប់​មាន​មេដឹកនាំ​ធំៗ​មួយ​ចំនួន​ ពួកគេនឹង​ឆ្លើយ​បញ្ជាក់​អំពី​វត្តមាន​របស់​ពួកគេ​នៅជិតពេល​ដល់​កិច្ចប្រជុំ។

កិច្ចប្រជុំនៅ​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខនេះ នឹង​ជាកិច្ចប្រជុំ​ដ៏សំខាន់ ​ពិសេស​កិច្ចប្រជុំ​រវាង​អាស៊ាន​និងប្រទេស​​ដៃគូ​ ហើយ​ប្រទេស​ដៃគូ​ទាំងនោះ​នឹង​តំណាង​ដោយ​មេដឹកនាំកំពូល​តែ​ម្តង។ ក្រៅពី​ប្រទេស​សមាជិក​អាស៊ាន​ទាំង១០ ប្រសិន​ជា​មេ​ដឹកនាំ​នៃ​ប្រទេស​ដៃគូ​ទាំង៨​របស់​អាស៊ាន​ចូលរួម​នោះ វា​នឹង​មាន លោកប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតី​សាធារណៈរដ្ឋកូរ៉េ លោក លី ម្ញុងបាក់ នាយក​រដ្ឋមន្ត្រី​ញូហ្ស៊ីលេន លោកចន ហ្វីលីព ឃី នាយករដ្ឋមន្ត្រីជប៉ុន លោក យូស៊ីហ៊ីកូ ណូដា នាយករដ្ឋមន្ត្រី​ឥណ្ឌា លោកម៉ាន់ម៉ូហាន់ ស៊ីញ នាយករដ្ឋមន្ត្រី​ចិន លោក វេន ជាប៉ោ និង​នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោកស្រី ជូលៀ ហ្គីឡាដ។
ដោយសារ​តែ​វា​នឹង​មាន​វត្តមាន​មេដឹកនាំ​កំពូល​ៗ​នៃប្រទេស​មហាអំណាច ការរៀប​ចំ​កិច្ចប្រជុំ​ត្រូវបាន​ត្រៀម​យ៉ាងម៉ត់ចត់។

ក្រសួង​ព័ត៌មាន​ទើប​តែ​បាន​រៀបចំ​កិច្ច​ប្រជុំ​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ពេល​កន្លងទៅនេះ ដើម្បី​ត្រៀម​ធ្វើ​យ៉ាង​ណា​​ធ្វើ​អោយ​កាន់​តែ​ប្រសើរឡើង​នូវ​ការ​រៀបចំ​​ផ្នែក​មណ្ឌល​ព័ត៌មាន។ ផ្នែក​សន្តិសុខ​ក៏​ដូចគ្នា ស្នងការ​រាជធានី​ភ្នំពេញ​ធ្លាប់​បាន​និយាយ​ប្រាប់​អ្នកសារព័ត៌មាន​ថា ប៉ូលីស​មាន​សមត្ថកិច្ច​នឹង​ត្រូវ​ធ្វើការ​ដោយ​ប្រុងប្រយ័ត្ន​ខ្លាំង​បំផុត​ដោយ​សារ ​នៅក្នុង​កិច្ច​ប្រជុំ​ខែ​វិច្ឆិកា​នោះ នឹង​មាន​វត្តមេដឹកនាំ​កំពូល​នៃ​ប្រទេស​មហាអំណាច​ជាច្រើន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ