អានតួអត្ថបទ
អាហ្វហ្កានិស្តង់

នាយ​សេនាធិការ​ដ្ឋាន​អាហ្វហ្កានិស្តង់​ទទួល​ប្រាក់​ពី​អៀរ៉ង់

លោក​Oumar​ Daudzaï​ ជា​នាយ​សេនាធិការដ្ឋាន​របស់​លោក​ប្រធានាធិបតី​អាហ្វហ្កានិស្តង់​ Hamid​ Karzaï​ ទទួល​ជា​រឿយៗ​ប្រាក់​ពី​ប្រទេស​អៀរ៉ង់​ដែល​សាក​ល្បង​ពង្រឹង​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​រង្វង់​អ្នក​ជំនិត​នៃ​វិមាន​ប្រធានាធិបតី​ ​ -នេះ​ជា​ការបង្ហើប​ឱ្យ​ដឹង​របស់​ទិនានុប្បវត្តិ​ New​ York​ Times​ នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ម្សិល​មិញ​២៣​តុលា។

លោក​Hamid Karzaï ប្រធានាធិបតី​អាហ្វហ្កានិស្តង់ (ស្តាំ) និង​ប្រធានាធិបតី​អៀរ៉ង់ លោកMahmoud Ahmadinejad (ឆ្វេង)
លោក​Hamid Karzaï ប្រធានាធិបតី​អាហ្វហ្កានិស្តង់ (ស្តាំ) និង​ប្រធានាធិបតី​អៀរ៉ង់ លោកMahmoud Ahmadinejad (ឆ្វេង) ©អា អេហ្វ ប៉េ
ផ្សាយពាណិជ្ជកម្ម

02:29

សេចក្តី​រាយការណ៍​របស់​វីនស្តុន រតនា

ប្រទេស​អៀរ៉ង់​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​ ដើម្បី​ធ្វើ​ឱ្យ​មាន​ការបែក​បាក់​គ្នា​រវាង​ជន​ជាតិ​អាហ្វហ្កានិស្តង់​និង​សម្ព័ន្ធមិត្ត​អាមេរិកាំង​និង​សម្ព័ន្ធមិត្ត​អូតង់​របស់​គេ​ ​ -នេះ​ជា​ការបង្ហើប​ឱ្យ​ដឹង​របស់​ទិនានុប្បវត្តិ​ New​ York​ Times​ដែល​យោង​ទៅ​លើ​សំដី​របស់​ពួក​អ្នក​ទទួល​ខុស​ត្រូវ​អាហ្វហ្កានិស្តង់​និង​លោក​ខាង​លិច​នៅ​ទី​ក្រុង​កាប៊ូល។

ស្រប​តាម​ពួក​អ្នក​ទទួល​ខុស​ត្រូវ​ទាំង​នេះ​ ​ ប្រាក់​មាន​ចំនួន​រាប់​លាន​ដុល្លារ​បង់​ទៅ​ឱ្យ​មូលនិធិ​សម្ងាត់​មួយ​ដែល​ត្រូវ​លោក​Daudzaï​និង​លោក​Karzaï​ប្រើ​ប្រាស់​ ដើម្បី​បើក​ឱ្យ​ពួក​អ្នក​តំណាង​រាស្ត្រ​ ​ ពួក​មេ​កុលសម្ព័ន្ធ​ ក៏​ព្រម​ទាំង​ពួក​អ្នក​ទទួល​ខុស​ត្រូវ​តាលីបង់​ទៀត​ផង​ ដើម្បី​ទទួល​បាន​ភក្តីភាព​របស់​គេ។

អ្នក​ទទួល​ខុស​ត្រូវ​លោក​ខាង​លិច​ម្នាក់​បាន​អះអាង​ជាអាទិ៍​ថា​ “​ ដោយ​សរុប គឺ​ជា​ហិប​ខ្មៅ​មួយ​របស់​លោក​ប្រធានាធិបតី“។​ “បេសកកម្មរបស់​លោក​Daudzaï​គឺ​ធ្វើ​ឱ្យ​ចម្រើន​ជឿនលឿន​ទៅ​មុខ​ ផល​ប្រយោជន៍​របស់​អៀរ៉ង់“។

លោក​ប្រមុខ​រដ្ឋ​អាហ្វហ្កានិស្តង់​Karzaï​និង​នាយ​សេនាធិការដ្ឋាន​របស់​គាត់​បាន​បដិសេធ​ពុំ​ព្រម​ឆ្លើយ​តប​ចំពោះ​សំនួរ​ជា​លាយ​ល័ក្ស​អក្សរ​ស្តី​ពី​ទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​ប្រទេស​អៀរ៉ង់​។ស្រប​តាម​កាសែត​New​ York​ Times​ ​ ឩបការី​ម្នាក់​របស់​លោក​Daudzaï​បាន​ចាត់​ទុក​អំណះ​អំណាង​ទាំង​នេះ​ថា​ជា​”​ រឿង​ឥត​ខ្លឹម​សារ​ ​ ឥតបានការ“។

ចំណែក​ឯ​លោក​Feda​ Hussein​ Malika​ជា​ឯក​អគ្គ​រដ្ឋ​ទូត​អៀរ៉ង់​ប្រចាំ​នៅ​ទី​ក្រុង​កាប៊ូល​វិញ​ ​ ក៏​ពុំ​ព្រម​ឆ្លើយ​តប​ដែរ​ចំពោះ​សំនួរ​ទាំង​នេះ​។ អ្នកនាំពាក្យ​ម្នាក់​របស់​លោក​Maliki​ក៏​បាន​ចាត់​ទុក​ដែរ​អំណះ​អំណាង​ទាំង​នេះ​ថា​ជា​”​ សំដី​រអេច​រអូច​សែន​អាក្រក់​លេច​ចេញ​មក​ពី​មធ្យោបាយ​ឃោសនា​មហាជន នៅ​លោក​ខាង​លិច​និង​បរទេស“។

ស្រប​តាម​កាសែត​New​ York​Times​ ដែល​យោង​ទៅ​លើ​សំដី​របស់​ឥស្សរជន​ផ្លូវ​ការ​មិន​បញ្ចេញ​ឈ្មោះ​ ​ ប្រាក់​របស់​អៀរ៉ង់​ប្រើ​សំរាប់​ទទួល​បាន​ភក្តីភាព​របស់​លោក​Daudzaï​ជា​អតីត​ឯក​អគ្គ​រដ្ឋ​ទូត​អាហ្វហ្កានិស្តង់​ប្រចាំ​នៅ​អៀរ៉ង់​ដែល​ជានិច្ចកាល​ការពារ​ខ្សែ​បន្ទាត់​នយោបាយ​ប្រឆាំង​នឹង​លោក​ខាង​លិច​ នៅ​អម​លោក​Karzaï។

កាសែត​New​ York​ Times​បញ្ជាក់​ប្រាប់​ទៀត​ថា​ នៅ​ខែ​សីហា​មុន​ បន្ទាប់​ពី​ចប់​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​អាហ្វហ្កានិស្តង់​នៅ​អៀរ៉ង់​មក​ ​ លោក​Feda​ Hussein​ Maliki​បាន​ឡើង​ទៅ​កាន់​យន្តហោះ​របស់​លោក​ប្រធានាធិបតី​អាហ្វហ្កានិស្តង់​ ដោយ​ពាំនាំ​ស្បោង​ប្លាស្ទិក​ដ៏​ធំ​មួយ​ពេញ​ណែន​ដោយ​ប្រាក់​អឺរ៉ូ​ទាំងបាច់ៗ​ដែល​គាត់​បាន​ប្រគល់​ជូន​លោក​Karzaï។

“​ គឺ​ជា​ប្រាក់​របស់​អៀរ៉ង់​ “​ ​ -“​ គ្នា​យើង​មួយ​ចំនួន​បាន​កត់​សំគាល់​ឃើញ​ “​ ​ -នេះ​ជា​ការអះ​អាង​របស់​ឥស្សរជន​ផ្លូវការ​អាហ្វហ្កានិស្តង់​ម្នាក់​ដែល​កាសែត​អាមេរិកាំង​លើក​យក​មក​ចុះផ្សាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ