អានតួអត្ថបទ
វៀតណាម

ONG​និង​សហរដ្ឋ​អាមេរិក​ទាមទារ​ដោះលែង​បុព្វជិត​កាតូលិក​ Ngugen Van Ly​

សមាគមន៍​ការពារសិទ្ធិ​មនុស្ស​មួយ​ចំនួន បាន​ចូលរួម​ជាមួយ​សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ពុធ​ ២៧​កក្កដា​នេះ ក្នុង​ការ​អំពាវនាវ​រដ្ឋាភិបាល​វៀតណាម​ឲ្យ​ដោះលែង​បុព្វជិត​គ្រិស្តសាសនា​ កាតូលិក​មួយ​រូប​ដែល​ទើ់ប​ត្រូវ​បាន​អាជ្ញាធរ ចាប់​ខ្លួន​នៅ​ថ្ងៃ​ចន្ទ​មុន​នេះ​មួយ​ឆ្នាំ បន្ទាប់ពី​ត្រូវ​បាន​ដោះលែង​ជា​បណ្តោះ​អាសន្ន​ដោយ​បញ្ហា​សុខភាព។

បុព្វជិត​កាតូលិក  Nguyen Van ly
បុព្វជិត​កាតូលិក Nguyen Van ly REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

 « យើង​អំពាវនាវ​រដ្ឋាភិបាល​វៀតណាម ឲ្យ​ដោះលែង​បុព្វជិត Ngugen Van Ly ជាបន្ទាន់ » នេះ ជាសេចក្តីថ្លែង​របស់ លោក Heide Bronke Fulton អ្នកនាំពាក្យ​ម្នាក់​នៃ​ក្រសួង​ការបរទេស​អាមេរិក​នៅ​ថ្ងៃ​ពុធ​២៧​កក្កដា​នេះ។

លោក Heide Bronke Fulton បាន​ថ្លែង​បន្ថែម​ទៀត​ថា «  គេ​មិន​ដែល​ចាប់​មនុស្ស​យក​ទៅ​ដាក់​ឃុំ​ឃាំង​ដោយ​​គ្រាន់តែ​​​បាន​​​បញ្ចេញ​​មតិ​​ផ្ទាល់​ខ្លួន​របស់​គេ​នោះ​ទេ » ​។ មិនតែប៉ុណ្ណោះ អ្នកនាំ​ពាក្យ​នៃក្រសួងការបរទេសអាមេរិកាំង​​​ បានជំរុញ​ឲ្យ​អាជ្ញាធរវៀតណាម ដោះលែងបុព្វជិត Ngugen Van Ly ឲ្យ​មាន​សេរីភាពវិញ​​ ​ដើម្បី​​អាច​ឲ្យ​គាត់​ទៅ​ព្យាបាល​រោគ​ដុំពក​​ខួរក្បាល​របស់គាត់។

បុព្វជិត​កាតូលិក Ngugen Van Ly ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ផ្តន្ទាទោស​តាំងពី​ឆ្នាំ ២០០៧ ដាក់​គុក​​៨ ឆ្នាំ ​ពីបទ​ ឃោសនា​ប្រឆាំង​រដ្ឋាភិបាល វៀតណាម ជាពិសេស​ពី​បទ​​បាន​បង្កើត​​ចលនា​​​មួយមាននិន្នាកា​រប្រជាធិបតេយ្យ​នៅ​​ថ្ងៃ​​ទី​​៨​មេសា​ឆ្នាំ​២០០៦ និងបាន​​អំពាវនាវ​ឲ្យ​​​មាន​​ពហុបក្ស​​នៅ​​ក្នុង​​ប្រទេស។ វៀតណាម​ដែល​បច្ចុប្បន្ន​មាន​​​បក្ស​កុម្មុយនិស្ត​​តែ​​មួយ​​គត់​​កាន់​កាប់​​អំណាច​​នៅ​​ក្នុង​​ប្រទេស។​ គួរំលឹក​ថា​នៅ​ខែ​មីនា ២០១០ តុលាការ​វៀតណាម បាន​សម្រេច​ដោះ​​លែង​ឲ្យ​បុព្វជិតកាតូលិកនេះ​ឲ្យ​​នៅ​​ក្រៅ​ឃុំ​​បណ្តោះ​អាសន្ន​ចំនួនមួយ​ឆ្នាំ​ដើម្បី​អាច​ឲ្យ​គាត់​ទៅព្យាបាល​រោគ​របស់​គាត់។

រីឯ​អង្គការ​ការពារ​សិទ្ធមនុស្ស Human Rights Watchវិញ បាន​អត្ថាធិប្បាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​”ការ​​ចាប់​បញ្ជូន បុព្វជិត Ngugen Van Ly  យក​ទៅ​ដាក់​ក្នុង​គុគ​វិញ គឺ​​រឹត​​តែ​បង្កើន​ទោស​គាត់ឲ្យ​កាន់​តែ​ធ្ងន់ធ្ងរ​ជាងមុននិងរឹតតែអ​យុត្តិធម៌ទៀត ពីព្រោះ គាត់ ត្រូវ​ជាប់​គុក​៥​ឆ្នាំ​ថែម​ទៀត​និង ៥ឆ្នាំទៀតជាប់ឃុំឃាំងនៅក្នុងលំនៅឋាន។

សំរាប់ Human Rights Watch បុព្វជិត Ngugen Van Ly ជា​​អ្នកទោស​មនសិការ​ម្នាក់ដែល​ជាប់​គុក​​ដោយសារ​តែ​ការងារ​មួយ​មុខ​គត់របស់គាត់គឺដើម្បីសន្តិភាព​និង​ប្រជាធិបតេយ្យប៉ុណ្ណោះ ដែល​មិនត្រូវជាប់ទោសទាល់តែសោះ។

ចំណែក លោក Leonard Leo ប្រធាន​គណកម្មការ​អាមេរិកាំង​ដើម្បី​សេរីភាព​សាសនា​អន្តរជាតិ​​​​ដែល​ជា​អង្គការ​ផ្តល់​ឱវាទ​ដល់​រដ្ឋាភិបាល​អាមេរិកាំង បាន​​រិះគន់​​ថា ទីក្រុងវ៉ាស៊ីនតោន ថ្មីៗនេះ បាន​ជួយ​ទីក្រុង​ហាណូយ នៅក្នុង​​ជម្លោះ​ជាមួយ​​ប៉េកាំង​លើ​បញ្ហា​ដែន​សមុទ្រ​ចិន​ខាង​ត្បូង។​ ផ្ទុយទៅវិញ វៀតណាមបែរ​ជា​ចាប់ បុព្វជិត​កាតូលិក​ម្នា​ក់​ដែល​មាន​សុខភាព​ទ្រុធ​ទ្រោម។​ ទង្វើនេះ ជាការ​​ រមិល​គុណ​ ចំពោះ​សហរដ្ឋអាមេរិក។

គួររំលឹថា សហរដ្ឋ​អាមេរិក​និង​វៀត​ណាម អតីតសត្រូវទាំងពីរនេះ បានចាប់​មាន​ទំនាក់​ទំនង​ផ្លូវទូតជាមួយគ្នាឡើងវិញ នៅឆ្នាំ១៩៩៥ និង តាំងពីនោះមក កាន់​តែ​បង្កើន​កម្មវិធី​សហ​ប្រតិបត្តិ​ការ​​ជា​មួយគ្នារួមទាំងនៅលើវិស័យយោធាផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ