អានតួអត្ថបទ
កាតាឡូញ៉ា

កាតាឡូញ៉ា៖ Puigdemont ថា​នឹង​មិន​សុំ​សិទ្ធិ​ជ្រកក្រោន​នៅ​ បែលហ្ស៊ិក ទេ

លោក​ កាលឡេស ពុយដេម៉ុង (Carles Puigdemont) អតីត​ប្រមុខ​ដឹកនាំផ្តាច់​ទឹក​ដីកា​តាឡូញ៉ា បានតាម​ធ្វើ​ដំណើរ​ស្ងាត់ៗ ​ទៅ​ដល់​ទី​ក្រុង​ ព្រុចសែល ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គេ​សង្ស័យ​ថា លោក​អាច​ទៅ​សុំ​សិទ្ធិ​ជ្រកកោននយោបាយ​ នៅទីនោះ​។ ក៏ប៉ុន្តែ នៅ​ក្នុង​សន្នីសីទ​កាសែត​ពីរសៀលថ្ងៃទី​៣១តុលា លោក​បាន​ប្រកាស​ថា លោក​នឹង​មិន​សុំ​សិទ្ធិ​ជ្រកក្រោន​នៅ​ បែលហ្ស៊ិក នោះទេ។ ចំពោះ​អនាគត​របស់រដ្ឋ​អំណាច​​តំបន់​កាតា​ឡូញ៉ា​វិញ​ លោក Puigdemont ថាលោក​​​នឹង​គោរព​តាមឆន្ទៈ​របស់​ពលរដ្ឋ​កាតាឡូញ៉ា ដែល​ត្រូវ​បោះឆ្នោត​ នៅ​ថ្ងៃទី​២១ធ្នូ។

លោក Carles Puigdemont ថាលោក​នឹង​គោរព​តាម​ការ​បោះឆ្នោត​ជាថ្មី នៅថ្ងៃ២១ធ្នូ។
លោក Carles Puigdemont ថាលោក​នឹង​គោរព​តាម​ការ​បោះឆ្នោត​ជាថ្មី នៅថ្ងៃ២១ធ្នូ។ REUTERS/Yves Herman
ផ្សាយពាណិជ្ជកម្ម

ក្នុង​សន្នីសីទ​កាសែត លោក Carles Puigdemont បាន​និយាយ​ជា​បីភាសា អេស្ប៉ាញ់ អង់គ្លេស និង​បារាំង ដោយ​ពន្យល់​ពី​ការ​ដែលរូប​​លោក​មាន​វត្តមាន​ នៅ​ប្រទេស​បែល​ហ្ស៊ិក​។ លោកថា មូលហេតុ​ដែល​លោក​ចាកចេញពី​តំបន់​កាតាឡូញ៉ា​ គឺព្រោះតែ​រដ្ឋាភិបាល​អេស្ប៉ាញ​​របស់​លោក Mariano Rajoy ​ មិន​ព្រម​ទទួល​យក​ការ​ចរចា ដោយ​ស្ងប់​ស្ងាត់ និង​តាម​ផ្លូវ​ការ​ទូត។ ដូច្នេះ​លោក​ត្រូវ​សម្រេច​ចិត្ត​ចេញ​មកកាន់​​ទីក្រុង​ព្រុចសែល ជាទី​ដែល​លោក​ចាត់ទុកថា ជា​រដ្ឋធានីនៃ​សហភាព​អឺរ៉ុប។

អតីត​ប្រមុខ​ដឹកនាំផ្តាច់​ទឹក​ដីកាតាឡូញ៉ា បាន​​​អះអាង​ទៀត​​ថា​លោក​នឹង​​មិន​សុំ​សិទ្ធជ្រកក្រោននយោបាយ​​នៅ​ព្រុយសែលនោះទេ។ តែ​ទោះយ៉ាងនេះក្តី​ លោក​ថា​អាច​នឹង​បន្ត​ស្នាក់​នៅ​ប្រទេស​បែលហ្សិកមួយ​រយៈទៀត​សិន​។

សូម​បញ្ជាក់ថា រដ្ឋាភិបាល​អេស្ប៉ាញ បាន​ប្តឹងទៅ​តុលាការ ចំពោះ​រូប​លោក​ Puigdemont ពី​បទ​បំបះបំបោរផ្តាច់​ទឹកដី​ ប្រកាស​ឯករាជ្យខុស​រដ្ឋ​ធម្មនុញ្ញ ហើយ​ដែល​លោក​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ ពី​១៥ ទៅ​៣០ឆ្នាំ។​ នៅ​ក្នុង​សន្នីសីទ​កាសែតនៅ​ក្រុ​ង​ព្រុចសែល​ ថ្ងៃទី៣១តុលា ​ ​លោក Puigdemont ថា លោក​នឹងប្រឈម​​មុខ​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រព័ន្ធ​តុលាការ​អេស្ប៉ាញ ប្រសិន​បើ​នីតិវិធីជំនុះជម្រះនោះ មាន​ភាព​សុចរិត​​​យុត្តិធម៌​។​

នៅ​តំបន់​កាតាឡូញ៉ាឯណោះវិញ ពីម្សិលមិញនេះដែរ​ តុលាការ​កំពូល​អេស្ប៉ាញ បាន​ចេញ​ដីកា​កោះហៅ ​លោកស្រី Carme Forcadell អតីត​ប្រធាន​រដ្ឋសភា​​កាតាឡូញ៉ា និង​បក្ស​ពួកដែល​ជា​ថ្នាក់​ដឹកនាំតំបន់​ចំនួន​​៥នាក់​ផ្សេងទៀត ដើម្បី​ឲ្យ​ចូល​សវនាជំនុំ​ជម្រះ​ នៅថ្ងៃទី២និងទី៣វិច្ឆិកា​នេះ ដោយ​មាន​មេធាវី​ទៅជាមួយ​ផង​។

សូមរម្លឹក​ថា កាលពីថ្ងៃទី២៧តុលា ភ្លាមៗក្រោយសភានិងរដ្ឋបាលតំបន់កាតាឡូញ៉ា ប្រកាសឯករាជ្យ រដ្ឋា​ភិបាលអេស្ប៉ាញ បានសម្រេចរំលាយសភា និងរដ្ឋបាល​តំបន់​កាតាឡូញ៉ាចោល ដោយ​អនុលោម​តាម​មាត្រា​១៥៥ នៃរដ្ឋធម្មនុញ្ញ​អេស្ប៉ាញ។ មាត្រានោះ​​ចែង​ថា​ ​រដ្ឋាភិបាល​ក្រុង​ម៉ាឌ្រីដ មាន​សិទ្ធិ​ព្យូរ​ស្វយ័តភាព​តំបន់ ណាមួយ ក្នុងករណី​មាន​វិបត្តិ​។ ដូច្នេះ​ លោក Carles Puigdemont ប្រមុខ​ដឹកនាំ​តំបន់​កាតាឡូញ៉ា​ បានត្រូវដកហូតពី​តំណែង ហើយ​ការ​បោះឆ្នោត​មុន​អាណត្តិ​ គឺ​នឹង​ត្រូវរៀបចំ នៅថ្ងៃទី​២១ ខែធ្នូ ខាងមុខ​​នេះ​​​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ