អានតួអត្ថបទ

ថៃ អនុញ្ញាត​ច្បាប់​ឲ្យ​ប្រើប្រាស់​ កញ្ឆា និង ក្ទម្ព សម្រាប់ការ​ស្រាវជ្រាវ​និង​​វិស័យ​ពេទ្យ

រដ្ឋសភា​ថៃ ​ថ្ងៃពុធទី​២៦ធ្នូ​​ បាន​​អនុម័ត​ច្បាប់​ថ្មីមួយ អនុញ្ញាតឲ្យ​ប្រើប្រាស់ កញ្ឆា និង ក្ទម្ព សម្រាប់​ព្យាបាល​ក្នុង​វិស័យ​វេជ្ជសាស្ត្រ និងការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​។ សូម​ជ្រាបថា ​រុក្ខជាតិ​ទាំង​ពីរនេះ មាន​សារធាតុ​ញៀន ដែល​ច្បាប់​បាន​ហាម​ឃាត់​ជា​យូរឆ្នាំ​មកហើយ​។

បុរសម្នាក់ សាក់រូប​ស្លឹកកញ្ឆាលើមុខ។ គាត់​ចូល​រួម​ក្នុង​យុទ្ធនាការ​ទាមទារឲ្យ​រដ្ឋាភិបាល​ថៃដាក់​កញ្ឆា​ចូល​ក្នុង​បញ្ជីពេទ្យដោយ​ស្រប​ច្បាប់។​
បុរសម្នាក់ សាក់រូប​ស្លឹកកញ្ឆាលើមុខ។ គាត់​ចូល​រួម​ក្នុង​យុទ្ធនាការ​ទាមទារឲ្យ​រដ្ឋាភិបាល​ថៃដាក់​កញ្ឆា​ចូល​ក្នុង​បញ្ជីពេទ្យដោយ​ស្រប​ច្បាប់។​ REUTERS/Panumas Sanguanwong
ផ្សាយពាណិជ្ជកម្ម

ប្រធាន​គណៈកម្មាធិការជាតិ​កសិករថៃ Prapat Panyachartrak បាន​ថ្លែងគាំទ្រច្បាប់ថ្មី ដោយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​ ថា ការ​អនុម័ត​ច្បាប់នេះ គឺនឹង​​ជួយ​បង្កើន​សេដ្ឋកិច្ច​ជាតិ និង​ជួយ​ដល់​កសិករ​ថៃ ឲ្យ​ធ្វើ​ពិពិធកម្ម​ផលិត​កម្ម​។ ក្នុង​មួយឆ្នាំៗ​ ប្រទេស​ថៃ​សព្វថ្ងៃ អាចទទួល​បាន​ចំណូល​ប្រមាណ ១០០ ពាន់​លាន​បាត គឺ​ប្រហែល​ជាង​ ៣ពាន់​លានដុល្លារ ពី​វិស័យ​នេះ​។ នេះបើ​តាម​សមាគម​កសិករថៃ។​

បើ​ទោះបី​​ជា​សមាជិក​សភាថៃ បញ្ជាក់ថា នៅក្នុង​ច្បាប់​ថ្មី ការ​ប្រើប្រាស់​រុក្ខជាតិ​ញៀននេះ គឺ​សម្រាប់​ស្ថិត​ក្នុង​ក្របខណ្ឌបញ្ជី​​ពេទ្យនិង​វិទ្យាសាស្ត្រ​ ហើយ​និង​ហាម​ឃាត់ក្នុង​ការ​យកទៅ​ជក់លេង​កម្សាន្ត​​ក៏ដោយ​ ក៏​ពលរដ្ឋ​ថៃ​មួយ​ចំនួន បាន​ប្រើប្រាស់​ ក្នុង​ជីវភាព​ប្រចាំថ្ងៃ ជា​ទម្លាប់​រួច​ស្រេចទៅ​ហើយ។

នៅពេល​ដែល​មាន​ច្បាប់​អនុញ្ញាត​ឲ្យផលិត​និង​ធ្វើ​អាជីវកម្ម​យ៉ាង​ដូច្នេះ ការ​ប្រើប្រាស់​នឹង​កាន់​តែ​ទូលំទូលាយ។ ពិសេស​គឺ​ការ​ផលិត​ ចម្រាញ់​ សម្រាប់​លក់ និង​នាំចេញ​ទៅបរទេស។ ចំណែក​ សហគ្រាស​ឱសថ​ និង​ក្រុម​ហ៊ុន​បរទេស ជា​ច្រើន​ បាន​ត្រៀម​ខ្លួន​បន្ត​កន្ទុយ​គ្នា​ដើម្បី​ដាក់​ពាក្យ​សុំ​ធ្វើ​អាជីវកម្ម​រួច​ជា​ស្រេច​។​

តាំង​ពី​ឆ្នាំ​១៩៧០មកម្ល៉េះ ដែល​ច្បាប់​ថៃ ​ហាមឃាត់ ដោយចាត់ទុក កញ្ឆា និងក្ទម្ព ​ថា​ជា​ប្រភេទ​គ្រឿង​ញឿន​។ នៅ​ពេល​នេះ រដ្ឋសភាថៃ ដែល​មានសុទ្ធសឹង​​សមាជិក​តែង​តាំងដោយ​របបសឹក បាន​សម្រេច​អនុម័ត​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​។ ទោះយ៉ាងណាក្តី​ច្បាប់​នេះ បា​នចេញ​ផុត​ពី​ដៃ​រដ្ឋសភាជាតិ​រួចហើយ ហើយប្រសិន​បើ​ព្រះមហាយក្សថៃ លាយ​ព្រះ​ហស្ថលេខា​ សម្រេច​ឲ្យ​ប្រើ​ច្បាប់​ថ្មីនេះមែន​ នោះ​ប្រទេស​ថៃ នឹង​ក្លាយ​ជា​រាជាណាចក្រ​ទី១ នៅ​អាស៊ី ដែល​អនុញ្ញាត​ឲ្យ​ផលិត​និង​ប្រើ​ រុក្ខជាតិ​ញៀន ដោយ​ស្រប​ច្បាប់៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ