អានតួអត្ថបទ
កម្ពុជា

អគ្គនាយកដ្ឋាន​កាំកុង​ត្រូល ​​បើក​យុទ្ធនាការ​ទ្រង់ទ្រាយធំ​ស្វែង​រក​សារធាតុគីមី​ក្នុង​ស្ក​រ​ត្នោត​

អគ្គនាយកដ្ឋានកាំកុងត្រូល កំពុងបើកយុទ្ធនាការទ្រង់ទ្រាយធំ ស្វែងរកសារធាតុគីមី​ក្នុង​ស្ករ​ត្នោត​។ ស្របពេលដែលពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន និងវៀតណាម ជិតឈានចូលមកដល់ អគ្គនាយកដ្ឋានត្រួតពិនិត្យទំនិញ និងចំណីអាហារ ឬហៅថា អគ្គនាយកដ្ឋានកាំកុងត្រូល កំពុងបើកប្រតិបត្តិការទ្រង់ទ្រាយធំ នៅទូទាំងប្រទេស ដើម្បីស្វែងរក និងទប់ស្កាត់ ការចរាចរចំណីអាហារ មានសារធាតុគីមី នៅតាមទីផ្សារ។ ប្រតិបត្តិការនេះ ក៏បន្ទាប់ពីអគ្គនាយកដ្ឋានកាំកុងត្រូល ទើបបានរកឃើញស្ករត្នោត លាយសារធាតុគីមី ប្រមាណជិត ៥ពាន់គីឡូក្រាម នៅក្នុងទីក្រុងភ្នំពេញ និងបានកម្ទេចចោល កាលពីរសៀលថ្ងៃទី ២៨មករា រួចមក។

ស្ករត្នោត ដែលលាយ​សារធាតុគីមី។
ស្ករត្នោត ដែលលាយ​សារធាតុគីមី។ From Facebook
ផ្សាយពាណិជ្ជកម្ម

មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកាំកុងត្រូល ត្រួតពិនិត្យផ្នែកសុវត្ថិភាពចំណីអាហារ នៃក្រសួងពាណិជ្ជកម្ម បានប្រាប់វិទ្យុបារាំងឲ្យដឹងថា សមត្ថកិច្ចចម្រុះ ដោយមានការចូលរួមពីសំណាក់ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ និងក្រុមមន្ត្រីជំនាញកាំកុងត្រូល នៅថ្ងៃទី ២៨មករា ទើបបានកម្ទេចចោលទាំងស្រុង នូវស្ករត្នោត ដែលមានលាយសារធាតុគីមី ចំនួន ៤ពាន់៨រយគីឡូក្រាម។ ការកម្ទេចចោលនេះ បន្ទាប់ពីសមត្ថកិច្ច បានលបឆ្មក់ចាត់វិធានការ នៅកន្លែងផលិតស្ករត្នោត និងកន្លែងស្តុកម្សៅគីមីនេះ ២កន្លែង ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោយពីបានរឹបអូស នូវសារធាតុគីមីទាំងនោះហើយ សមត្ថកិច្ច បានឃាត់ខ្លួនបុរសជាម្ចាស់ទីតាំងទាំង ២ យកទៅកាន់នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដើម្បីធ្វើការអប់រំ និងធ្វើកិច្ចសន្យា។ ចំណែកទីតាំងទាំងពីរ ត្រូវបាននគរបាលបិទទ្វារអាជីវកម្មបណ្តោះអាសន្នសិន រង់ចាំបើកការស៊ើបអង្កេតបន្ថែមនៅពេលក្រោយ។

តាមការឲ្យដឹងពីមន្ត្រីជំនាញ សារធាតុគីមីនោះ មានឈ្មោះថា សូដ្យូម ហ៊ីដ្រូស៊ុលហ្វីត។ ហើយសារធាតុនោះ ជាធាតុផ្សំម្យ៉ាង ដែលធ្វើឲ្យស្ករត្នោតមើលពីសម្បកក្រៅ ហាក់ដូចជាមានគុណភាពល្អ ក្រហមឆ្អិនឆ្អៅ និងមានក្លិន សារធាតុហាក់មានឱជារសបំផុត។ ប៉ុន្តែធាតុពិតនៃសារធាតុនោះ គឺវាអាចបណ្តាលឲ្យអ្នកបរិភោគមាន សំពាធឈាមប្រែប្រួល មានអាការៈវិលមុខ ហើយថែមទាំងប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ និងអាចបណ្តាលឲ្យស្លាប់ ប្រសិនបើទទួលទានជាប្រចាំ។ តាមមន្ត្រីជំនាញ កុមារ ជាមុខសញ្ញា ដែលនឹងអាចទទួលផលប៉ះពាល់បំផុតពីសារធាតុនេះ។ ក្រោយពេលបរិភោគ កុមារ អាចប្រឈមនឹងកង្វះសមត្ថភាពផ្នែកប្រាជ្ញាសា្មរតី មានជំងឺរុំារៃ និងអាចគ្រោះថ្នាក់ដល់អាយុជីវិតតែម្តង។

អគ្គនាយកដ្ឋានកាំកុងត្រូល បានបញ្ជាក់ថា កន្លងមកសារធាតុនេះ ក៏ត្រូវបានប្រើប្រាស់ ទៅលើខ្ញី ឬស្លឹកក្រៃហាន់ ឬ សណ្តែក ជាដើម ដើម្បីបង្កើនរូបរាងវាឲ្យមើលទៅស្រស់ល្អ គួរឲ្យចង់ទទួលទាន។ អគ្គនាយកដ្ឋាននេះ មានការព្រួយបារម្ភខ្លាចស្ករត្នោត ដែលមានលាយសារធាតុគីមី សូដ្យូម ហ៊ីដ្រូស៊ុលហ្វីត នេះមានការចែកចាយទៅតាមបណ្តាខេត្តផ្សេងទៀត។ ដូច្នេះ ទើបអគ្គនាយកដ្ឋានកាំកុងត្រូល និងស្ថាប័នពាក់ព័ន្ធ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ប៉ុន្មានថ្ងៃនេះ នៅតាមបណ្តាខេត្តទូទាំងប្រទេសកម្ពុជា។

គួរជម្រាបជូនថា កម្ពុជាមានស្តង់ដារចំណីអាហារដល់ទៅ ៤៥២ប្រភេទ ប៉ុន្តែវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានរកឃើញថា មានតែ១២ប្រភេទប៉ុណ្ណោះក្នុងចំណោមនោះ ដែលត្រូវបានប្រកាសឱ្យអនុវត្ត ជាសាធារណៈ។ ក្រសួងពាណិជ្ជកម្ម បានប្តេជ្ញាថា នឹងព្យាយាមអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពផលិតផល ទំនិញ និងសេវា ដែលកម្ពុជាបានបង្កើតតាំងពីឆ្នាំ២០០០មក ឲ្យរួចរាល់ នៅក្នុងឆ្នាំ ២០១៦នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ