អានតួអត្ថបទ
កម្ពុជា

បក្ស​ប្រឆាំង​ និង​សង្គម​ស៊ីវិល​ថា​សារាចរ​របស់​ប្រធាន​សភា​មាន​ភាព​ស្មុគ​ស្មាញ

ក្រោយ​ពេល​ សារាចរ​ដែល​រឹត​បន្តឹង​បែប​បទ​ការ​ងារ​របស់​គណៈ​កម្មាធិការ​ទាំង​១០​ ក្នុង​គោល​បំណង​ការពារ​ និង​រក្សា​សណ្តាប់​ធ្នាប់​ក្នុង​បរិវេណ​រដ្ឋសភា​ បាន​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ទី​១២ ​កញ្ញា ​មក​ សង្គម​ស៊ី​វិល​និង​គណបក្ស​ប្រឆាំង​ក៏​បាន​ចាត់​ទុក​ថា​ជា​សារាចរ​ ដែល​រឹត​ត្បិត​សេរីភាព​របស់​ប្រជា​ពលរដ្ឋ ​ក្នុង​ការ​ជួប​ជា​មួយ​អ្នក​តំណាង​រាស្ត្រ​របស់​ខ្លួន។

រដ្ឋសភា​កម្ពុជា
រដ្ឋសភា​កម្ពុជា សហការី
ផ្សាយពាណិជ្ជកម្ម

សង្គម​ស៊ីវិល​មួយ​ចំនួន​ធំ ​និង​គណបក្ស​ប្រឆាំង​ បាន​ប្រតិកម្ម​ទៅ​លើ​សារាចរ​ ដែល​ចេញ​ដោយ​គណៈ​កម្មាធិការ​រដ្ឋសភា​កាល​ពី​ថ្ងៃ​ទី​១២​នោះ​ លោក​យ៉ែម​ បុញ្ញារិទ្ធ​ ក៏​បាន​ប្រតិកម្ម​នឹង​សារាចរ​នេះ​ផង​ដែរ។ លោក​បាន​កត់​សម្គាល់​ថា ​បែប​បទ​នេះ ​អាច​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​សិទ្ធ​សេរីភាព​ក្នុង​ការ​ជូន​ព័ត៌មាន​ទៅ​កាន់​ប្រជា​ពលរដ្ឋ​ ឬ​តម្លាភាព​ និង​គណ​ន័យ​ភាព​របស់​តំណាង​រាស្ត្រ។ ​ក្រៅ​ពី​នេះ ​វា​អាច​ប៉ះពាល់​ដល់ ​សិទ្ធិ​របស់​អ្នក​តំណាង​រាស្ត្រ​ក្នុង​ការ​ទទួល​ពាក្យ​ដោះ​បណ្តឹង​របស់​ប្រជា​ពលរដ្ឋ។

លោក​ហង្ស ​ពុធ្ធា ​នាយក​ប្រតិបត្តិ​អង្គការ​និច​ហ្វិក​ បាន​បាន​កត់​សម្គាល់​ដែរ​ថា ​សារាចរ​នេះ​អាច​ជា​វិធាន​ការ​ថ្មី​មួយ​របស់​ប្រធាន​រដ្ឋ​សភា​ក្នុង​ការ​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​ ដើម្បី​គ្រប់​គ្រង​ស្ថាន​ការ​នៅ​ក្នុង​រដ្ឋ​សភា។ ​ដោយ​សារ​តែ​កន្លង​មក​មាន​តំណាង​រាស្ត្រ ​ក្នុង​គណៈ​កម្មាធិការ​ទី​១ ​របស់​រដ្ឋសភា​បាន​អញ្ជើញ​តំណាង​ប្រជា​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដី​ធ្លី​ ចូល​ជជែក​ពិភាក្សា​ជា​មួយ​ដោយ​មិន​មាន​ការ​អនុញ្ញាត​ពី​ប្រធាន​រដ្ឋ​សភា។

ការ​រឹត​បន្តឹង​នេះ​វា​ជា​រឿង​មួយ​ហើយ​ដើ​ម្បី ​ឲ្យ​រដ្ឋសភា​មាន​សណ្តាប់​ធ្នាប់។​ ប៉ុន្តែ​លោក ​យ៉ែម​ បុញ្ញារិទ្ធ​ក៏បាន​អំពាវនាវ​ឲ្យ​រដ្ឋ​សភាព​ពិចារណា​ឡើង​វិញ​ ចំពោះ​ការ​បើក​សវនាការ​ណា​មួយ ​គួរ​តែ​រដ្ឋ​សភា​អនុញ្ញាត​ឲ្យ​មាន​ការ​ចូល​រួម​ពី​សង្គម​ស៊ីវិល​ ឬ​ពី​ប្រជា​ពលរដ្ឋ។​ លោក​កត់​សម្គាល់​ថា​ រហូត​មក​ដល់​ពេល​នេះ ​តំណាង​រាស្ត្រ​របស់​គណ​បក្ស​ប្រឆាំង​ក៏​កំពុង​តែ​ចាត់​វិធាន​ការ​ដោះ​ស្រាយ​បញ្ហា​នេះ​ដែរ​ ដោយ​ការធ្វើ​វិសោធ​កម្ម​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​សភា។

មិន​សុខ​គ្នា​ប៉ុន្មាន​ពី​ការ​លើក​ឡើង​របស់​លោក​យ៉ែម​ បុញ្ញារិទ្ធ​នោះ​ទេ។ ​លោក​ ហង្ស ​ពុធ្ធា ​ក៏​បាន​កត់​សម្គាល់​ថា​ សភា​ជា​តំណាង​របស់​រាស្ត្រ ​និង​តំណាង​ការ​សម្រេច​ចិត្ត​របស់​ប្រជា​ពលរដ្ឋ​ ហេតុ​ដូច្នេះ ​មិនគួរ​មាន​ការ​រឹត​បន្តឹង​បែប​នេះ​កើត​ឡើង​នៅ​ក្នុង​រដ្ឋ​សភា​នោះ​ទេ។ ​ចំណែក​ឯ​តំណាង​រាស្ត្រ​មិន​ទាន់​មាន​ប្រតិកម្ម​យ៉ាង​ណា​នោះ​ទេ​ចំពោះ​បញ្ហា​សារាចរ​នេះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ​សារាចរ​ណែ​នាំ​ស្តី​ពី​បែប​បទ​ការ​ងារ​របស់​គណៈ​កម្មការ​នានា​នៃ​រដ្ឋ​សភា ​ដែល​ចេញ​នៅ​ថ្ងៃ​ទី​១២​ ខែ​កញ្ញា ​ឆ្នាំ​២០១៤​ បាន​បង្ហាញ​ពី​ការ​ណែនាំ​បែប​បទ​រដ្ឋបាល​ ក្នុង​ការ​អនុវត្ត​ការ​ងារ​ដែល​មាន​ចំណុច​ពាក់ព័ន្ធ​ នឹង​ការ​ប្រជុំ​ពិនិត្យ​សេចក្តី​ព្រាង​ច្បាប់ ​និង​សេចក្តី​ស្នើ​ច្បាប់​ ការ​ប្រជុំ​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​អនុវត្ត​ច្បាប់​ ការ​ប្រជុំ​ផ្សេង​ៗ​របស់​គណៈ​កម្មការ​ និង​ការ​រក្សា​សណ្តាប់​ធ្នាប់​ក្នុង​បរិវេណ​រដ្ឋ​សភា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ