អានតួអត្ថបទ
កម្ពុជា

នាយក​រដ្ឋមន្ត្រី​កម្ពុជា​អំពាវនាវ​ទៅកាន់​កូរ៉េខាងជើង និង​ស៊ីរី​ក្នុង​រឿង​អាវុធ​ប្រល័យលោក

ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ផ្សារ​ទំនើប​ដ៏​ធំ របស់​ក្រុមហ៊ុន​ជប៉ុន ដែល​មាន​ទុន​ជាង ២០០ លាន​ដុល្លារ​ ក្នុងទីក្រុងភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១០ ខែ​ធ្នូនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាម​ជា​ប្រធាន​អាស៊ាន ជិត​ផុត​អាណត្តិ បានប្រកាស​សេចក្តីអំពាវនាវ​ផ្ទាល់មាត់ ទៅកាន់​ប្រទេស​កូរ៉េខាងជើង ឲ្យ​បោះ​បង់គំនិត ចង់​បាញ់​សាកល្បង​រ៉ុកែត មីស៊ីល។

សម្តេច​ ហ៊ុន​សែន​នៅ​ក្នុង​សិខាសាលា​ថ្នាក់​ជាតិ​អំ​ពី​អាហារ​រូប​ត្ថម្ភរបស់​មាតា​និង​កុមារ
សម្តេច​ ហ៊ុន​សែន​នៅ​ក្នុង​សិខាសាលា​ថ្នាក់​ជាតិ​អំ​ពី​អាហារ​រូប​ត្ថម្ភរបស់​មាតា​និង​កុមារ ©channa/rfi
ផ្សាយពាណិជ្ជកម្ម

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បានអំពាវនាវ​ផងដែរ​ទៅកាន់​របប​ដា​ម៉ាស់ របស់​លោក អាសាធ ប្រធានាធិបតី ប្រទេស​ស៊ីរី កុំឲ្យ​ប្រើប្រាស់​អាវុធ​គីមី ប្រឆាំង​នឹង​ក្រុមប្រឆាំង។

នៅព្រឹកមិញ លោកនាយករដ្ឋមន្ត្រី ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ថា រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ទាំង ១០ ប្រទេស មិនអាច​រក​ឯកភាពគ្នា ដើម្បី​ចេញសេចក្តី​ប្រកាស​មួយ​របស់​អាស៊ាន ប្រឆាំង​នឹង​គម្រោង​បាញ់​មីស៊ីល នៅ​កូរ៉េខាងជើង ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​កម្ពុជា ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន ជិត​ផុត​អាណត្តិ បាន​ព្យាយាម​ស្វែងរក​ឯកភាព​គ្នា ក្នុង​សំឡេង​ជា​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន រយៈពេល ១ សប្តាហ៍​មក​ហើយ ដោយ​គ្មាន​លទ្ធផល។

ដូច្នេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាម​ជា​ប្រធាន​អាស៊ានផង និងក្នុងនាម ជាប្រមុខ​រដ្ឋាភិបាលកម្ពុជាផង មាន​សិទ្ធិ​ក្នុង​ការធ្វើ​សេចក្តី​ថ្លែងការណ៍ ស្តីពី​បញ្ហា​កូរ៉េខាងជើង​ និង​បញ្ហា​នៅស៊ីរី ដើម្បី​ឲ្យ​បញ្ឈប់​ការប៉ុនប៉ង​ប្រើប្រាស់​អាវុធ​ប្រល័យលោក ដែល​លោក​ថា អាចនឹង​នាំ​មហន្តរាយ​ដល់​បណ្តា​ប្រទេស​នានា ក្នុង​តំបន់ និង​ពិភពលោក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ