អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​អនុម័ត​ឯកសារ​ស្តីពី​ការ​គ្រប់គ្រង​បំណុល​

រដ្ឋាភិបាល​ ​បាន​​អនុម័ត​​ឯកសារ​​សំខាន់​​មួយ​​នៅ​​ក្នុង​​កិច្ច​​ប្រជុំ​​គណៈ​​រដ្ឋមន្ត្រី​​នៅ​​ថ្ងៃ​​សុក្រ​​ទី​​១០​​កុម្ភៈ​​នេះ។​ ជា​​ឯកសារ​​គ្រប់គ្រង​​បំណុល​​សាធារណៈ​​ពី​​ឆ្នាំ​​២០១១​​ដល់​​ពី​​២០១៨។​ ឯកសារ​​ត្រូវ​​បាន​​សរសេរ​​ឡើង​​ដើម្បី​គៀ​​គរ​​ទុន​ហិរញ្ញវត្ថុ​និង​បំពេញ​​តម្រូវការ​​ហិរញ្ញប្បទាន​​លើ​​ចំណាយ​​របស់​​រដ្ឋាភិបាល​ជា​ដើម។​ រហូត​ដល់​​ពេល​​នេះ​បំណុល​​សាធារណៈ​​របស់​​រដ្ឋ​​មាន​​ប្រមាណ​ ​​៣៣០០​លាន​​ដុល្លារ។​

លោក ​ខៀវ កញារីទ្ធ​អ្នកនាំ​ពាក្យ​រដ្ឋាភិបាលកម្ពុជា
លោក ​ខៀវ កញារីទ្ធ​អ្នកនាំ​ពាក្យ​រដ្ឋាភិបាលកម្ពុជា RFI
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល ​បាន​អនុម័ត​ឯកសារ​យុទ្ធសាស្ត្រ​ស្តី​ពី​ការ​គ្រប់គ្រង​បំណុល​សាធារណៈ​ឆ្នាំ​២០១១​-២០១៨​ ​នៅ​​ក្នុង​​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​១០​កុម្ភៈ​នេះ។ នេះ​គឺ​ជា​ឯកសារ​សំខាន់​មួយ​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ប្រកាស​ដាក់​អោយ​អនុវត្ត​កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០១១។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី ឯកសារ​ដែល​ត្រូវ​បាន​ចងក្រង​ដោយ​ក្រសួង​សេដ្ឋកិច្ច​នេះ មាន​គោលដៅគៀរគរ​ទុន​ហិរញ្ញវត្ថុ ដើម្បី​បំពេញ​តម្រូវការ​លើ​ចំណាយ​​ជា​អាទិភាព​របស់​រដ្ឋ ធានា​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច និង​ការ​ទ្រទ្រង់​ចីរភាព​កំណើន​សេដ្ឋកិច្ច។

ឯកសារ​យុទ្ធសាស្ត្រ​ស្តី​ពី​ការ​គ្រប់គ្រង​បំណុល​នេះ ត្រូវ​បាន​គេ​រំពឹង​ថា គឺ​ជា​ឯកសារ​ដែល​កម្រិត​ការ​ខ្ចី​បុល​បរទេស និង​ស្ថាប័ន​ហិរញ្ញវត្ថុ​មិន​អោយ​ហួស​សមត្ថភាព​របស់​កម្ពុជា។

បំណុល​របស់​កម្ពុជា​ចំពោះ​បរទេស​បាន​ក្លាយ​ជា​ប្រធានបទ​នយោបាយ​ដ៏​រសើប​មួយ​សម្រាប់​គណបក្ស​នយោបាយ​នៅ​កម្ពុជា។ តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង ​ធ្លាប់​ទាមទារ​អោយ​រដ្ឋាភិបាល​​បង្ហាញ​តួលេខ​បំណុល​ម្តង​ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ។ ចម្លើយ​របស់​រដ្ឋាភិបាល​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ផង​នោះ បង្ហាញ​ថា បំណុល​របស់​កម្ពុជា​នៅ​មិន​ទាន់​ឈាន​ដល់​ចំនុច​ប្រកាស​អាសន្ន​នៅឡើយ​ទេ។ ហើយ​ថា​កម្ពុជា​នៅ​មាន​លទ្ធភាព​ខ្ចី​បុល​បន្ថែម​ទៀត។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា ​លោក​ខៀវ កាញារីទ្ធ ​បាន​ថ្លែង​អោយ​ដឹង​ថា រហូត​ដល់​ពេល​នេះ បំណុល​សាធារណៈ​របស់​កម្ពុជា​មាន​សរុប​ជិត​៣៣០០លាន​ដុល្លារ​ ដោយ​បូក​បញ្ចូល​ទាំង​បំណុល​​​ដែល​កម្ពុជា​បាន​ជំពាក់​អាមេរិក​ក្នុង​សម័យ​លន់ នល់ជាង​ ៣០០លាន​ដុល្លារ​ទៀត​ផង។ ​ហើយ​ថា​ភាគច្រើន​នៃ​បំណុល​សាធារណៈ​ទាំង​នោះ គឺ​ជា​កំចី​សម្បទាន​ដែល​មាន​ការ​ប្រាក់​ទាប​ចន្លោះ​ពី​០ ទៅ​២​ភាគរយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ