អានតួអត្ថបទ
កម្ពុជា

គណៈមេធាវី​បើក​កិច្ចប្រជុំ​ពិចារណា​ករណី​មេធាវី​ជូង ជូងី​កោសក់

ក្រុមប្រឹក្សា​នៃ​គណៈមេធាវី​នឹង​បើក​កិច្ច​ប្រជុំ​មួយ​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​៦​មករា​ ដើម្បី​ជជែក​អំពី​ករណី​របស់​មេធាវី​ជូង ជូងី​ កោសក់​តាំង​សីល​អំពាវនាវ​អោយ​មាន​យុត្តិធម៌​ក្នុង​ស្ថាប័ន​យុត្តិធម៌។ ​លោក​ជូង ជូងី​ មេធាវី​របស់​គណបក្ស​សមរង្ស៊ី​ រៀបចំ​ពិធី​កោសក់​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ហើយ​មាន​គម្រោង​ធ្វើ​វិបស្សនា​នៅ​មុខ​ស្ថាប័ន​យុត្តិធម៌​ជាច្រើន ​រួម​មាន​គណៈមេធាវី​ផង។

លោក​ជូង ជូងី កោសក់​កាន់សីល នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​សមរង្ស៊ី
លោក​ជូង ជូងី កោសក់​កាន់សីល នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​សមរង្ស៊ី RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

ខណៈ​ដែល​លោក​មេធាវី​ជូង ជូងី​ រៀបចំ​ពិធី​កោសក់​កាន់​សីល​៨ ​ក្នុង​គោល​បំណង​ដែល​មេធាវី​រូបនេះ​បាន​បញ្ជាក់​កន្លង​មក​ថា ​ដើម្បី​អំពាវនាវ​អោយ​ស្ថានប័ន​យុត្តិធម៌​ទាំងអស់​អនុវត្ត​ការ​ផ្តល់​យុត្តិធម៌ គណៈមេធាវី​ក៏​បាន​កោះ​ប្រជុំ​ក្រុម​ប្រឹក្សា​របស់​ខ្លួន​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​៦​មករា​ដែរ។

ប្រធាន​គណៈមេធាវី​កម្ពុជា​ លោក​ជីវ សុងហាក់ ​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តជាតិ ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ក្រុម​ប្រឹក្សា​នៃ​គណៈ​មេធាវី​នឹង​ពិចារណា​អំពី​សកម្មភាព​របស់​មេធាវី​ជូង ជូងី។ ប្រធាន​គណៈ​មេធាវី​បញ្ជាក់​ថា ​ក្រុម​ប្រឹក្សា​គណៈ​មេធាវី​នឹង​សម្រេច​ថា​ តើ​សកម្មភាព​របស់​លោក​ជូង ជូងី​ ជា​សកម្មភាព​ត្រឹមត្រូវ ឬ​ខុសឆ្គង។

លោក​ជូង ជូងី​ មេធាវី​ប្រចាំ​គណបក្ស​សម រង្ស៊ី​ បាន​រៀបចំ​ពិធី​កោសក់​កាន់សីល​៨​ តាម​ការ​គ្រោងទុក​ នៅ​ព្រឹក​ថ្ងៃ​ទី​៥​មករា​នេះ។ ពិធី​នេះ​ត្រូវ​បាន​រៀបចំ​នៅ​ក្នុង​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​សម រង្ស៊ី​ទៅវិញ។

លោក​ជូង ជូងី​ ក្នុង​នាម​ជា​អ្នក​តាំង​សីល​ មិន​បាន​និយាយ​ជាមួយ​អ្នក​កាសែត​ ដែល​សួរ​លោក​​អំពី​គោល​បំណង​នៃ​ការ​កោរសក់​នេះ​ឡើយ​នៅ​ថ្ងៃ​នេះ។ ប៉ុន្តែ​នៅក្នុង​សន្និសីទ​កាសែត​កន្លងទៅ​ថ្មីៗ​នេះ ក្រោយ​ពី​ការ​រត់គេច​ពី​ការ​ចាប់ខ្លួន​ នៅ​ក្នុង​សំណុំរឿង​ក្តីក្តាំ​មួយ​នោះ មេធាវី​រូប​នេះ​បាន​ប្រាប់​អោយ​ដឹង​ថា លោក​នឹង​សំណាក់​ធម៌​នៅ​មុខ​ស្ថាប័ន​យុត្តិធម៌​មួយ​ចំនួន ​ដើម្បី​អំពាវនាវ​អោយ​ស្ថាប័ន​ទាំងនោះ​អនុវត្ត​គោលការណ៍​យុត្តិធម៌។ ស្ថាប័ន​ទាំងនោះ​រួមមាន​សាលាដំបូង​ខេត្ត​កណ្តាល ​ដែល​បាន​ប្តឹង​លោក សាលាឧទ្ធរណ៍ តុលាការ​កំពូល ក្រសួង​យុត្តិធម៌ និង​ចុងក្រោយ ​គឺ​គណៈមេធាវី។ គណៈមេធាវី​ដែល​កំពុង​ពិចារណា​លើ​សកម្មភាព​របស់​មេធាវី​ជូង ជូងី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ