អានតួអត្ថបទ
កម្ពុជា

អ្នក​ជំនាញ​៖ នៅ​ពេល​នេះ នៅ​មិន​ទាន់​មាន​មនុស្ស​ពេញ​វ័យ​ស្លាប់​ដោយសារ​តែ​វីរុស​ហ្ស៊ីកា​នៅ​ឡើយ​ទេ

រហូត​មក​ទល់​នឹង​បច្ចុប្បន្ន​នេះ អង្គការ​សុខភាព​ពិភព​លោក WHO នៅ​មិន​ទាន់​រក​ឃើញ​ភស្តុតាង​ណា​មួយ ដែល​បញ្ជាក់​ថា​មាន​មនុស្ស​ពេញ​វ័យ​ស្លាប់ បន្ទាប់​ពី​បាន​ឆ្លង​វីរុស​ហ្ស៊ីកា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាន​មជ្ឈ​មណ្ឌល​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​របស់​ក្រសួង​សុខភាព នៅ​ក្នុង​ឱកាស​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​ជំងឺ​ហ្ស៊ីកា (ZIKA) ជូន​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅ​ព្រឹក​ថ្ងៃ​ទី ១៨​កុម្ភៈ​នេះ នៅ​ឯ​វិទ្យា​ស្ថាន​សុខភាព​សាធារណៈ ក្នុង​ទីក្រុង​ភ្នំពេញ។

Une affiche de prévention anti-zika, à Tegucigalpa, au Honduras, le 6 février 2016.
Une affiche de prévention anti-zika, à Tegucigalpa, au Honduras, le 6 février 2016. REUTERS/Jorge Cabrera
ផ្សាយពាណិជ្ជកម្ម

លោក​វេជ្ជបណ្ឌិត​លី សុវណ្ណ បាន​ឲ្យ​ដឹង​ថា ជំងឺ​ហ្ស៊ីកា បង្ក​ឡើង​ដោយ​វីរុស​ហ្ស៊ីកា ឆ្លង​តាម​រយៈ​មូស​ខ្លា​ខាំ។ ហើយ​អ្នក​ដែល​មាន​ជំងឺ​ហ្ស៊ីកា​ជា​ធម្មតា​មាន​គ្រុន​ក្តៅ​តិច​តួច មាន​កន្ទួល​ក្រហម​លើ​ស្បែក ក្រហម​ភ្នែក​ជា​ដើម។ ហើយ​រោគ​សញ្ញា​ទាំង​នេះ នឹង​ជា​វិញ​ក្នុង​រយៈ​ពេល​ពី​ពីរ​ថ្ងៃ ទៅ​ដល់​៧​ថ្ងៃ។ លោក​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​នេះ គ្មាន​វ៉ាក់​សាំង ឬ​ការ​ព្យាបាល​​ជាក់​លាក់​ណាមួយ​សំរាប់​ជំងឺ​ហ្ស៊ីកា​នេះ។ ហើយ​វិធី​បង្កា​ដែល​ល្អ​បំផុត​គឺ​កុំ​ឲ្យ​មូស​ខាំ។

វិធី​បង្កា​កុំ​ឲ្យ​មូសខាំ​បាន​គឺ​ប្រើ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ឬ​ថ្នាំ​មូស ការ​ស្លៀក​សម្លៀក​បំពាក់​មាន​ព័ណ​ភ្លឺ ដែល​គ្រប​ដណ្តប់​ភាគ​ច្រើន​នៃ​រាង​កាយ​ដែល​អាច​ធ្វើ​ទៅ​បាន។ ឬ​ក៏​អាច​ប្រើ​ឧបករណ៍​​ដូច​ជា​សំណាញ់​បិទ​បង្អួច ​ឬ​ក៏​ដេក​ក្នុង​មុង​ជា​ដើម។ ហើយ​ចំណុច​សំខាន់​មួយ​ទៀត​គឺ​ត្រូវ​លាង​សំអាត​របស់​ដែល​អាច​ទុក​ទឹក​បាន ដូច​ជា​ធុង ផើង​ផ្កា ឬ​សំបក​កង់​ឡាន ដែល​ជា​កន្លែង​សត្វ​មូស​អាច​ពង​បាន។

នៅ​ពេល​នេះ​អង្គការ​សុខ​ភាព​ពិភព​លោក​បាន​កំពុង​តែ​ចំណាយ​ថវិកា​យ៉ាង​ច្រើន​ប្រមាណ​ជា ៥៦ លាន​ដុល្លារ​អាមេរិក​ ដើម្បី​ស្រាវជ្រាវ និង​រិះរក​វិធី​ការ​ពារ និង​បង្កើត​ថ្នាំ​វ៉ាក់​សាំង។

សូម​បញ្ជាក់​ថា​វីរុស​ហ្ស៊ីកា​បាន​កើត​មាន​ដំបូង​នៅ​លើ​សត្វ​ស្វាអ៊ូហ្គង់ដា នៅ​ឆ្នាំ​១៩៤៧ ហើយ​បន្ត​ដល់​សត្វ​មូស​នៅ​ក្នុង​ឆ្នាំ​១៩៤៨ ។ នៅ​ក្នុង​ឆ្នាំ​១៩៥២ វីវុស​នេះ​បាន​ឆ្លង​ដល់​មនុស្ស​តាម​រយៈ​មូស​ខ្លា​ខាំ នៅ​ក្នុង​ទ្វីប​អាហ្វ្រិក អាស៊ី​ខាង​ត្បូង និង​អាស៊ី​អាគ្នេយ៍។ នៅ​ឆ្នាំ​១៩៧៧ ដល់ ១៩៧៨ មេរោគ​នេះ​បាន​បន្ត​រីករាល​ដាល​ដល់​ប្រទេស​ប៉ាគីស្ថាន ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី។ នៅ​ឆ្នាំ​២០០៧ មេរោគ​នេះ​បាន​បង្ក​ផល​ប៉ះពាល់​ដល់​មនុស្ស​ប្រមាណ​ជា ៧៣% នៅ​លើ​កោះ​យ៉ាប់​ (YAP) មីក្រូណេស៊ី ក្នុង​តំបន់​សមុទ្រ​ប៉ាស៊ីហ្វិក​ភាគ​ខាង​លិច។ នៅ​ក្នុង​ឆ្នាំ​២០១៤ មាន​មនុស្ស​៥​ម៉ឺន ៥​ពាន់​នាក់​ឆ្លង​នៅ​ក្នុង​ប្រទេស​បារាំង ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​នោះ​ទេ។ ដោយ​ឡែក​នៅ​ក្នុង​ឆ្នាំ​២០១៥​វិញ មាន​មនុស្ស​ឆ្លង​ជំងឺ​នេះ ចំនួន​១​លាន៥​សែន​នាក់ នៅ​អាមេរិក​ឡាទីន និង​ប្រទេស​ប្រេស៊ីល។ ហើយ​នៅ​ក្នុង​ឆ្នាំ​២០១៦ នេះ​វិញ មេរោគ​នេះ កំពុង​តែ​គម្រាម​កំហែង​ប្រទេស​ចំនួន​២០ នៅ​ក្នុង​ពិភព​លោក​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ