អានតួអត្ថបទ
កម្ពុជា

ប៉ូលិស រារាំង​សកម្មជន​ស្ត្រី ដាក់​ញត្តិ​ស្នើ​ឲ្យ​មាន​សមភាព​រវាង​ស្ត្រី និង​បុរស​ក្នុង​គ.ជ.ប

អាជ្ញាធរ និង​ប៉ូលិស បាន​រារាំង​សកម្មជន​ស្ត្រី មកពី​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន មិន​ឲ្យ​ហែ​ក្បួន ដាក់​ញត្តិ​នៅ​រដ្ឋសភា គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នា​ព្រឹក​ថ្ងៃ​អង្គារ ទី៧ ខែមេសា។ ក្រុម​ស្ត្រី​អង្គការ​សង្គម​ស៊ីវិល ស្នើ​ឲ្យ​មាន​សមភាព​រវាង​ស្ត្រី និង​បុរស ក្នុង​គជប​ថ្មី។ នោះ​គឺ​គណបក្ស​ទាំងពីរ ត្រូវដាក់​បេក្ខជន​យ៉ាងហោចណាស់​ជា​ស្ត្រី​ម្នាក់ ក្នុង​មួយ​គណបក្ស ហើយ​ប្រធាន និង​អនុប្រធាន​គជប​ថ្មី ត្រូវមាន​ភេទ​ផ្ទុយគ្នា។

ក្រុមអង្គការស្រី​ដង្ហែញត្តិទៅកាន់រដ្ឋសភា
ក្រុមអង្គការស្រី​ដង្ហែញត្តិទៅកាន់រដ្ឋសភា © សហការី
ផ្សាយពាណិជ្ជកម្ម

គ្រាន់តែ​ប្រមូល​ផ្តុំ នៅ​ជិត​រង្វង់​មូល​សម្តេច​សង្ឃ​រាជ ជួន ណាត ខាង​ជើង​រដ្ឋ​សភា មិនទាន់​ទាំង​បាន​ដើរ​ហែ​ក្បួន ដែល​ត្រូវ​ដឹក​នាំ​ដោយ​របាំ​ត្រុត គឺ​ក្រុម​សកម្ម​ជន​ស្ត្រី មកពី​អង្គការ​សង្គម​ស៊ីវិល​ធ្វើការ​ខាង​លើកស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ ត្រូវបាន​អាជ្ញាធរ ប៉ូលិស រារាំង និង​បំ​បែក។ ប៉ុ​ន្តែ​មិន​មាន​អំពើ​ហិង្សា​លើ​រាង​កាយ​ទេ។

 
មេ​ប៉ូលិស​ខណ្ឌដូនពេញ បាន​ប្រាប់​ក្រុម​ស្ត្រី​អង្គការ​សង្គម​ស៊ីវិល​ថា នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី៧​មេសា​​នេះ រដ្ឋសភា​រវល់​ប្រជុំ។ ប៉ូលិស​បាន​តម្រូវ​ឲ្យ​ក្រុម​ស្ត្រី​រំសាយ​ចេញ​ពីលើ​ចិញ្ចើមផ្លូវ។ ប៉ុន្តែ​នៅពេល​ស្ត្រី​សង្គម​ស៊ីវិល​ទាំងនោះ ជិះ​រ៉ឺម៉ក​ម៉ូតូ ឡាន ម៉ូតូ ក្នុង​បំណង​ទៅកាន់​ទីស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ផ្លូវ​ព្រះ​នរោត្តម និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ផ្លូវជាតិ​លេខ​២ ក៏ត្រូវ​ប៉ូលិស​តាម​រារាំង បំបែក នៅ​ផ្លូវ​ព្រះសីហនុ ខាងលិច​វិមានឯករាជ្យ។

ក្រុម​ស្ត្រី​ទាំងនោះ ដាក់​ញត្តិ​ទៅកាន់​រដ្ឋសភា គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ស្នើសុំ​ឲ្យ​មាន​វិធានការ​ជ្រើសរើស​សមាជិក​គជប​ថ្មី ឲ្យ​មាន​សមភាព​រវាង​បុរស និង​ស្ត្រី។​ លោកស្រី ធីតា ឃឹះ ប្រធាន​អង្គការ​សីល​ការ ដែល​បាន​ចូលរួម​ជួបជុំ ដាក់​ញត្តិ បាន​លើកឡើងថា គណបក្ស​ទាំងពីរ ត្រូវដាក់​បេក្ខជន​យ៉ាងហោចណាស់​ជា​ស្ត្រី​ម្នាក់ ក្នុង​មួយ​គណបក្ស ហើយ​ប្រធាន និង​អនុប្រធាន​គជប​ថ្មី ត្រូវមាន​ភេទ​ផ្ទុយគ្នា។

លោកស្រី ធីតា ឃឹះ បាន​បញ្ជាក់ថា “ពួក​ខ្ញុំ​សុទ្ធតែជា​ក្រុម​ស្ត្រី និង​ក្រុម​ដែល​គាំទ្រ​ស្ត្រី ពីព្រោះ​ពួកយើង​គ្នា ៥២% នៃ​ប្រជាពលរដ្ឋ​សរុប ដូច្នេះ​អត់​មាន​តំណាង​សោះ នៅពេលដែល​ការរៀបចំ​ការបោះឆ្នោត ដែល​សម្រេច​ឲ្យ​ជោគវាសនា​របស់​ប្រទេសជាតិ​ទាំងមូល។ យើង​ដឹង​ហើយ​ថា នៅពេលណា​ដែល​យើង​មាន​សមាជិក​ជា​ស្ត្រី នៅពេល​ជជែក​ពិភាក្សាគ្នា​អី ការឈ្លោះគ្នា អត់ ហើយ​យើង​ដឹង​ហើយ​ថា ស្ត្រី​មាន​ភាពទន់ភ្លន់​ជាង ហើយ​នឹងមាន​ជំនោរ​ក្នុងការ​ដោះស្រាយ​បញ្ហា​ដោយ​អហិង្សា ដូច្នេះ​ការដោះស្រាយ​សម្រាប់​ប្រទេសជាតិ យើង​ត្រូវការ​អហិង្សា ហើយ​និង​ត្រូវការ​ឲ្យ​ចេញ​ជា​ដំណោះ​ដោះស្រាយ​ជា​ប្រយោជន៍​រួម។

ទីបំផុត​ទៅ មានតែ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ប៉ុណ្ណោះ ដែល​ក្រុម​ស្ត្រី បានដាក់​ញត្តិ។ ចំណែក​រដ្ឋសភា និង​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ក្រុម​ស្ត្រី មិនបាន​ដាក់​ញត្តិ​ទេ ព្រោះ​ប៉ូលិស រារាំង។ យ៉ាងណាក៏ដោយ លោក ឈឹម ផល​វរុណ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បានចាត់ទុក​សំណើ​របស់​សង្គម​ស៊ីវិល ថា​ជា​ភាសា​ពិ​រោះ តែ​គេ​មិនអាច​កំណត់​កូ​ត្តា​ដូច្នោះ​ទេ។ តាម​អ្នកនាំពាក្យ ការជ្រើសរើស​សមាជិក​គជប​ថ្មី ភេទ​មិនមែនជា​រឿង​ធំ​ទេ តែ​ត្រូវ​សំដៅលើ​សមត្ថភាព និង​ការសម្រេច​របស់​បេក្ខជន អ្នកដាក់ពាក្យ​ទាំងនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ