អានតួអត្ថបទ
កម្ពុជា-សង្គម

​អាជ្ញាធរ​បិទ​ទីតាំង​ផលិត​ស្រា​ស​នៅ​ទូទាំង​ខេត្ត​ក្រចេះ ក្រោយ​ពុល​មនុស្ស​ស្លាប់​៥​នាក់​

អាជីវកម្ម​ផលិត​ស្រា​ស​ជា​លក្ខណៈ​គ្រួសារ​ចំនួន​៦០០​កន្លែង នៅ​ទូទាំង​ខេត្ត​ក្រចេះ ត្រូវ​បិទ​បណ្ដោះ​អាសន្ន​ក្រោយ​មនុស្ស​៥នាក់ បាន​ពុល​ស្រា​ស​ស្លាប់​ជា​បន្ត​បន្ទាប់​។ ការ​បិទ​នេះ ក្រោយ​មន្ត្រី​នៃ​មន្ទីរ​សិប្បកម្ម និង​ឧស្សាហកម្ម​ខេត្ត​ក្រចេះ រក​ឃើញ​ថា ទីតាំង​ផលិត​ស្រា​ស​ ភាគ​ច្រើន​គ្មាន​ច្បាប់​អនុញ្ញាត ជា​ហេតុ​ធ្វើ​ឲ្យ​សិប្បករ​ទាំង​នោះ ផលិត​ស្រាស​តាម​តែ​អំពើ​ចិត្ត​។ 

ស្រាស ដែលធ្វើអោយមានករណីពុលនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨
ស្រាស ដែលធ្វើអោយមានករណីពុលនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ FB/ មាន​ មាន
ផ្សាយពាណិជ្ជកម្ម

លោក នី ឈុន ប្រធាន​មន្ទីរ​សិប្បកម្ម និង​ឧស្សាហកម្ម​ខេត្ត​ក្រចេះ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ផ្ដើម​ចេញ​ពី​ករណី​ពុល​ស្រា​ស្លាប់​មនុស្ស​៥នាក់ នៅ​ក្នុង​ស្រុក​សំបូរ​ខេត្ត​ក្រចេះ ​កាល​ពី​ថ្ងៃ​ទី​១៨​ខែ​តុលា​កន្លង​ទៅ​នេះ ទើប​អាជ្ញាធរ​សម្រេច​បិទ​ទីតាំង​ផលិត​ស្រា​ស​ជា​លក្ខណៈ​គ្រួសារ​ចំនួន ៦០០​កន្លែង នៅ​ទូទាំង​ខេត្ត​។ ជាក់​ស្ដែង​អ្នក​ផលិត​ស្រា​នៅ​ក្នុង​ស្រុក​សំបូរ បាន​ដាក់​សារធាតុ​មេតាណុល​ខ្ពស់​ខ្លាំង​លើស​ការ​កំណត់​រហូត​ដល់​ទៅ​៦ភាគ​រយ ខណៈ​ដែល​កម្រិត​ស្តង់​ដា ដែល​គេ​តម្រូវ​ត្រឹម​តែ ០,១៥​ភាគ​រយ​ប៉ុណ្ណោះ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក នី ឈុន​។

ប្រធាន​មន្ទីរ​សិប្បកម្ម និង​ឧស្សាហកម្ម​ខេត្ត​ក្រចេះ​ដដែល ឲ្យ​ដឹង​ទៀត ថា​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​បុរស​ផលិត​ស្រា​ស​ម្នាក់​ឈ្មោះ លោក គុជ សុខ​សាន ហើយ​បាន​បញ្ជូន​ទៅ​កាន់​តុលា​ការ ដើម្បី​ចាត់​ការ​តាម​នីតិ​វិធី​ច្បាប់​។ លោក​ថា នេះ​ក៏​ដោយ​សារ​តែ​បុរស​អ្នក​ផលិត​ស្រា​ដែល​មិន​គោរព​តាម​គោល​ការណ៍​ណែ​នាំ ចង់​បាន​ប្រាក់​ចំណេញ​ច្រើន​ពេក ទើប​បន្ថែម​ជាតិ​មេតាណុល​ខ្ពស់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​ទាន​ស្លាប់​៥​នាក់ ខណៈ​មនុស្ស​៨០​នាក់​ទៀត បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ហើយ​ទើប​តែ​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​អស់​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​។

ទោះបី​ជា​រក​ឃើញ​ភាគ​ច្រើន​ថា ទីតាំង​ផលិត​ស្រា​ជា​លក្ខណៈ​គ្រួសារ​ក្នុង​ខេត្ត​ក្រចេះ​គ្មាន​ច្បាប់​អនុញ្ញាត​យ៉ាង​ណា​ក៏​ដោយ តែ​មន្ត្រី​នៃ​មន្ទីរ​សិប្បកម្ម​និង​ឧស្សាហកម្ម អះ​អាង​ថា ការ​ផលិត​ស្រា​នេះ ក៏​មាន​ទីតាំង​ស្រប​ច្បាប់ និង​ផលិត​តាម​ស្តង់​ដា​ដែរ​។ ប៉ុន្តែ​ដំណាក់​កាល​នេះ​ត្រូវ​ផ្អាក​បណ្ដោះ​អាសន្ន​សិន ដោយ​រង់​ចាំ​ម្ចាស់​ទីតាំង​ផលិត​ស្រា​ខុស​ច្បាប់​សុំ​ច្បាប់​អនុញ្ញាត​ឡើង​វិញ​។ នេះ​បើ​តាម​ប្រធាន​មន្ទីរ​សិប្បកម្ម និង​ឧស្សាហកម្ម​ខេត្ត​ក្រចេះ​។

នៅ​ពេល​សួរ​ថា ហេតុ​អ្វី​បាន​ជា​មន្ទីរ​សិប្បកម្ម​និង​ឧស្សាហកម្ម ទើប​តែ​គិត​គូរ​ដល់​ច្បាប់​អនុញ្ញាត ខណៈ​ដែល​ករណី​ពុល​ស្រា​ស្លាប់​មនុស្ស​កើត​ឡើង​ជា​បន្ត​បន្ទាប់​ក្នុង​ខេត្ត​ក្រចេះ​នោះ​? ជា​ចម្លើយ​តប លោក នី ឈុន ប្រធាន​មន្ទីរ​សិប្បកម្ម និង​ឧស្សាហកម្ម​ខេត្ត​ក្រចេះ​អះ​អាង​ថា មន្ទីរ​និង​អាជ្ញាធរ​ខេត្ត​គិត​គូរ​ហូរ​ហែរ​រហូត​មក ប៉ុន្តែ​មាន​បុគ្គល​មួយ​ចំនួន​នៅ​តែ​លួច​លាក់​បើក​ដោយ​ខុស​ច្បាប់​។ ត្រង់​ចំណុច​នេះ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការ​រិះគន់​ថា ជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ត​ច្បាប់​មិន​បាន​តឹង​តែង ទើប​ជន​ឆ្លៀត​ឱកាស​នៅ​តែ​បន្ត​ប្រព្រឹត្ត​ខុស​ច្បាប់ ឥត​ឈប់​ឈរ ហើយ​អ្នក​រង​គ្រោះ គឺ​តែង​ធ្លាក់​ទៅ​លើ​ប្រជាពល​រដ្ឋ​ជា​បន្ត​បន្ទាប់​។

សូម​បញ្ជាក់​ថា កាល​ពី​ឧសភា ឆ្នាំ​២០១៨ ​មាន​ការ​ពុល​ស្រា​ស ​និង​ពុល​ទឹក​នៅ​ឃុំ​ក​ន្ទូ​ត ស្រុក​ឆ្លូង ​បណ្ដាល​ឲ្យ ​អ្នក​ភូមិ ​១៣នាក់​ស្លាប់ ​និង​ធ្លាក់​ខ្លួន​ឈឺ​ប្រមាណ​៣០០​នាក់​។ ​ហើយ​ក្រោយ​ៗ​មក​ទៀត​ករណី​ពុល​ស្រា​នៅ​ខេត្ត​ក្រចេះ​នេះ ​បាន​កើត​ឡើង​ជា​បន្តបន្ទាប់​ឥត​ដាច់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ