អានតួអត្ថបទ
កម្ពុជា

សង្គម​ស៊ីវិល៖​ មាន​ច្បាប់​ទើប​បញ្ជៀស​ពលរដ្ឋ​​ពី​ហានិភ័យ​នៃ​គ្រឿង​ស្រវឹង​បាន​

នៅ​ថ្ងៃ​នេះ ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន ​សែន​ បាន​រិះ​គន់​អ្នក​ផលិត ​ស្រា​ ស ​ដែល​បាន​ធ្វើ​ខុស​បច្ចេក​ទេស​ដើម្បី​កេង​ចំណេញ​ប្រាក់​កាន់​តែ​ច្រើន ​ប៉ុន្តែ​មិន​បាន​គិត​ពី​សុវត្ថិភាព​ របស់​អ្នក​ទទួល​ទាន។ ​ការ​រិះ​គន់​នេះ​ ធ្វើ​ឡើង​មួយ​ថ្ងៃ​ ក្រោយ ​ក្រសួង​សុខាភិបាល​ចេញ​សេចក្តី​​ប្រកាស​ព័ត៌មាន​មួយ ​ដែល​ស្នើ​អោយ​អាជ្ញាធរ​មូលដ្ឋាន ​បិទ​កន្លែង​ផលិត​ស្រា ស នៅ​ខេត្ត​ក្រចេះ។ ​ប៉ុន្តែ​សង្គម​ស៊ីវិល​បាន​លើក​ឡើងថា​ ទង្វើ​ទាំង​នេះ​ នៅ​ពុំទា​ន់គ្រប់​គ្រាន់​នៅ​ឡើយ​ទេ ​ក្នុង​ការ ​បញ្ជៀស​ពលរដ្ឋ​ពី​ហានិភ័យ​នៃ​គ្រឿង​ស្រវឹង​បាន។​

ការសេពគ្រឿងស្រវឹង​​អាច​ធ្វើ​ឲ្យ​ខូចសុខភាព ព្រមទាំង​​ជាដើមហេតុ​នៃ​អំពើ​ហិង្សា និង​គ្រោះថ្នាក់​ចរាចរ
ការសេពគ្រឿងស្រវឹង​​អាច​ធ្វើ​ឲ្យ​ខូចសុខភាព ព្រមទាំង​​ជាដើមហេតុ​នៃ​អំពើ​ហិង្សា និង​គ្រោះថ្នាក់​ចរាចរ ©វណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន អំពាវនាវ អោយ​ប្រជាពលរដ្ឋ​គិត​ពី​សុខភាព​របស់​ខ្លួន​ពេល​ទទួល​ទាន​គ្រឿង​ស្រវឹង​ និង​បន្ទាប់​ពីក្រសួង​សុខាភិបាល ​ស្នើ​អោយ​អាជ្ញាធរ​ បិទ​កន្លែង​ផលិត​ស្រា ស ​នៅ​ខេត្ត​ក្រចេះ ស​ង្គម​ស៊ីវិល​បាន​លើក​ឡើង​ថា ​ទង្វើ​ទាំង​នេះ ​នៅ​ពុំ​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ។ សង្គ​មស៊ីវិល​បន្ត​ថា​ កម្ពុជា​ត្រូវ​តែមាន​ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​គ្រឿង​ស្រវឹង​ព្រោះ​ច្បាប់​នេះ​នឹង​ជួយ​ពលរដ្ឋ​កម្ពុជា​អោយ​ចៀស​ឆ្ងាយ​ពី​ហា​និភ័យ​នៃ​គ្រឿង​ស្រវឹង​បាន។​

កញ្ញា​ ម៉ក់ ទេវិន្ទ ប្រធាន​គម្រោង​នៃ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​និយាយ​ថា​បើ​ទោះ​ជា​កន្លែង​ផលិត​គ្រឿង​ស្រវឹង​ខ្លះ​ត្រូវ​បាន​បិទ​ ក៏​គ្រឿង​ស្រវឹ​ងដែល​កំពុងច​រាចរណ៍​ផ្សេង​ទៀត ​បាន​នឹង​កំពុង​បំផ្លាញ​សុខភាព​ប្រជាពលរដ្ឋ​ជា​រៀង​រាល់​ថ្ងៃ។​

ដោយ​ដកស្រង់​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក ​កញ្ញាប​ន្តថា​ ទោះបី​ជា​គ្រឿង​ស្រវឹង​ខ្លះ​ មិ​នមា​ន​ជាតិ​ពុល​ភ្លាម​ៗ​ក៏​ដោយ ​ក៏​គ្រឿង​ស្រវឹង​ទាំង​នោះ​អាច​ធ្វើ​អោយ​អ្នក​ទទួល​ទាន ​មាន​ជំងឺ​ប្រហែល​ ២០​០មុខ​ ហើយ​អាច​បង្ក​បញ្ហា​សង្គម​ផ្សេង​ៗ​ដូចជា ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ គ្រោះ​ថ្នាក់​ចរាចរណ៍ ​ជា​ដើម។

ដូចគ្នា​នេះ​ដែរ ​លោក យង់ គឹមអេង ​ប្រធាន​មជ្ឈមណ្ឌល​ ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ ​និង ​សន្តិភាព ​លើក​ឡើង​ថា ​ឥទ្ធិពល​របស់​គ្រឿង​ស្រវឹង​ បាន​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ជាតិ។ លោក គឹមអេង បន្តថា ការ​មាន​ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​គ្រឿង​ស្រវឹង​ នឹង​អាច​ទប់​ស្កាត់​ប្រជាពលរដ្ឋ​មិន​អោយ​ផលិត​ស្រា និង​លក់​ស្រា​ខុស​ច្បាប់​ បញ្ជៀស​ការ​ពុល​ស្រា ​និង​ ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​ផង​ដែរ។​

យោង​តាម​ការ​ស្រាវជ្រាវ​របស់​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ចុង​ឆ្នាំ​ ២០១៤ បាន​អោយ​ដឹង​ថា​ ប្រជាពលរដ្ឋ​៩៦​ភាគរយ​ គាំទ្រ​អោយ​រដ្ឋាភិបាល​ចាត់​វិធានការ​ត្រួត​ពិនិត្យ​ផលិត​ផល​គ្រឿង​ស្រវឹង​ ដោយ​ស្នើ​សុំ​អោយ​រដ្ឋាភិបាល​ហាម​ឃាត់​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ កម្រិត​អាយុ​អ្នក​ប្រើប្រាស់​គ្រឿង​ស្រវឹង​ ដំឡើង​ពន្ធ​លើ​ផលិត​ផល​គ្រឿង​ស្រវឹង​ និង​ កំណត់​ពេល​វេលា ​និង​ទីតាំង​លក់​គ្រឿង​ស្រវឹង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ