អានតួអត្ថបទ
កម្ពុជា

សមត្ថកិច្ច​ទទួល​ស្គាល់​ថា ពិបាក​ក្នុង​ការ​គ្រប់​គ្រង​អាវុធ

នគរបាល​យុត្តិធម៌ និង​ស្ថាប័ន​តុលាការ នៅ​ថ្ងៃ​ទី​២២ ធ្នូ​នេះ បាន​បើក​កិច្ច​ប្រជុំ​ស្តីពី​កិច្ច​សហការ​អនុវត្ត​ច្បាប់​ក្នុង​ការ​ពង្រឹង​សន្តិសុខ​សាធារណៈ​បង្ការ និង​បង្ក្រាប​បទ​ល្មើស​ព្រហ្មទណ្ឌ។ ជា​កិច្ច​ប្រជុំ​ដែល​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ករណី​ប្លន់​ប្រដាប់​អាវុធ​បាន​កើត​ឡើង​ជា​ច្រើន​នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ។ យ៉ាង​ណា​ក៏​ដោយ សមត្ថកិច្ច​បាន​ទទួល​ស្គាល់​ថា រដ្ឋាភិបាល​ពិបាក​ក្នុង​ការ​គ្រប់​គ្រង​អាវុធ​ដែល​ជា​មធ្យោបាយ​ក្នុង​ការ​ប្រព្រឹត្តបទ​ល្មើស។

កិច្ច​ប្រជុំ​ស្តីពី ​«សហការ​អនុវត្ត​ច្បាប់​ក្នុង​ការ​ពង្រឹង​សន្តិសុខ​សាធារណៈ​បង្ការ និង​បង្ក្រាប​បទ​ល្មើស​ព្រហ្មទណ្ឌ។
កិច្ច​ប្រជុំ​ស្តីពី ​«សហការ​អនុវត្ត​ច្បាប់​ក្នុង​ការ​ពង្រឹង​សន្តិសុខ​សាធារណៈ​បង្ការ និង​បង្ក្រាប​បទ​ល្មើស​ព្រហ្មទណ្ឌ។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​បាន​ទទួល​ស្គាល់​ថា ខ្លួន​ពិបាក​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ​ដែល​ជា​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​ប្លន់​សម្លាប់​ កំពុង​តែ​កក្រើក​នៅ​កម្ពុជា​នា​ពេល​ថ្មី​ៗ​នេះ។ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​​ក្រោយ​កិច្ច​ប្រជុំ​អន្តរ​ក្រសួង លោក​ ម៉ក ជីតូ អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា៖ បើ​តាម​មន្ត្រី​នគរបាល​យុត្តិធម៌​រូប​នេះ អាវុធ​ដែល​ប្លន់​សព្វ​ថ្ងៃ​គឺ​ភាគ​ច្រើន​ចេញ​ពី​ប្រភព​​ចរាចរណ៍​ខុស​ច្បាប់​និង​ចេញ​ពី​ទីផ្សារ​ងងឹត ព្រម​ទាំង​ជា​អាវុធ​សល់​ពី​សង្គ្រាម។ លោក​ម៉ក់ ជីតូ បាន​បង្ហើប​ឱ្យ​ដឹង​ថា ដើម្បី​បង្ការ​ និង​ទប់​ស្កាត់​ការ​លក់​អាវុធ​ និង​ការ​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់​នេះ ក្រសួង​មហាផ្ទៃ​ចាប់​ពី​ឆ្នាំ​២០១៦​តទៅ ក្រសួង​នឹង​ចេញ​ជា​បទដ្ឋាន​ណែនាំ​ឱ្យ​មាន​ការ​ត្រួត​ពិនិត្យ​ និង​គ្រប់គ្រង​អាវុធ​តាម​លក្ខណៈ​វិទ្យាសាស្ត្រ​ដោយ​យក​សំបក​គ្រាប់​កាំភ្លើង​ យក​មក​ចុះ​បញ្ជី​ទាំង​អស់។ ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​ឱ្យ​ដឹង​ថា​ កាំភ្លើង​ ដែល​ត្រូវ​បាន​ប្រើប្រាស់​ខុស​ច្បាប់​នោះ ចេញ​ពី​ប្រភព​ណា​។

ទន្ទឹម​នឹង​មាន​ការ​លើក​ឡើង​ថា ការ​ចរាចរណ៍​អាវុធ​ខុស​ច្បាប់​នៅ​កម្ពុជា គឺ​ចេញ​ពី​មន្ត្រី​យោធា​ លោក ហុង វិណុល អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ​បាន​លើក​ឡើង​ថា តាម​ការ​ចាប់​បាន​អាវុធ​ខុស​ច្បាប់​នា​ពេល​កន្លង​មក មិន​ដែល​មាន​ករណី​ណា​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​យោធា ឬ​កង​រាជ​អាវុធ​ហត្ថ​ដែល​ជា​ស្ថាប័ន​សំបូរ​អាវុធ​នោះ​ឡើយ។

សូម​កត់​សំគាល់​ថា ​ករណី​ប្លន់​បាញ់​សម្លាប់​នៅ​ចុង​ឆ្នាំ​២០១៥នេះ បាន​កើន​ផ្ទួន​ៗ​គ្នា​ បាន​ធ្វើ​ឱ្យ​មាន​ការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។ ប៉ុន្តែ​លោក ម៉ក់ ជីតូ អគ្គស្នងការ​រង​នគរបាល​ជាតិ បាន​អះអាង​ថា​ ករណី​ប្លន់ និង​ឧក្រិដ្ឋ​នៅ​ឆ្នាំ​២០១៥​នេះ គឺ​បាន​ថយ​ប្រមាណ​១៤​ភាគរយ។ ពោល​គឺ​នៅ​ឆ្នាំ​២០១៥​នេះ មាន​ករណី​បទល្មើស​ទាំង​អស់​ប្រមាណ​ជាង​២​ពាន់​៩រយ​ករណី (២,៦៥៣)។

បើទោះបី​ជា​បែប​ណា​ក៏​ដោយ ករណី​ប្លន់​ប្រដាប់​អាវុធ​នា​ពេល​បច្ចុប្បន្ន​កំពុង​តែ​យាយី​ និង​បង្ក​ឱ្យ​មាន​ការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​ទៅ​ដល់​ពលរដ្ឋ​ដែល​ទាមទារ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សមត្ថកិច្ច និង​ការ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ​ឱ្យ​មាន​ប្រសិទ្ធភាព​បំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ