អានតួអត្ថបទ
កម្ពុជា

ប្រជាជន​កម្ពុជា​នៅ​តែ​មិន​ដាច់​អាល័យ​ពី​មុខ​វាំង​ ​នា​ថ្ងៃ​បុណ្យ​អុំទូក​

នៅ​ថ្ងៃ​ទី​២ នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក ​បណ្តែត​ប្រទីប​ សំពះ​ព្រះ​ខែ​នា​ឆ្នាំ​២០១៥​នេះ​ កម្មវិធី​ពិសេស​២ ដែលមិ​ន​ធ្លាប់​មាន​ នឹង​ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​មុខ​វាំង និ​ង​វត្តភ្នំ​ នោះ​គឺ​ការ​បណ្តែត​គោម​ និង​ការ​បង្ហាញ​អំពី​ដាល់​អំបុក។​ ចំពោះ​ទិដ្ឋភាព​ទូទៅ​រយៈពេល​២​ថ្ងៃ​ នៃ​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក​ បណ្តែត​ប្រទីប​ សំពះ​ព្រះ​ខែ​នា​ឆ្នាំ​២០១៥​នេះ ​បើ​សង្កេត​នៅ​លើ​ដង​មហា​វិថី​នានា​នៅ​ភ្នំពេញ​ មាន​សភាព​ស្ងប់​ស្ងាត់​ល្អ​ណាស់។​ ផ្ទុយ​ទៅ​វិញ ​នៅ​តាម​ភោជនីយដ្ឋាន​ រមណីយ​ដ្ឋាន​វត្ត​ភ្នំ និង​នៅ​មុខ​ព្រះ​បរម​រាជ​វាំង​ មាន​ភាព​អ៊ូអរ​ល្អ​គ្រាន់​បើ។​

កម្មវិធី​​ដាល់​​អំបុក ​ត្រូវ​បាន​ធ្វើ​ឡើង​​​​នៅ​រមណីយដ្ឋាន​​វត្តភ្នំ​ នា​ពិធី​បុណ្យ​អុំទូក​ឆ្នាំ​នេះ។​​
កម្មវិធី​​ដាល់​​អំបុក ​ត្រូវ​បាន​ធ្វើ​ឡើង​​​​នៅ​រមណីយដ្ឋាន​​វត្តភ្នំ​ នា​ពិធី​បុណ្យ​អុំទូក​ឆ្នាំ​នេះ។​​ @Eng Kimhong
ផ្សាយពាណិជ្ជកម្ម

នា​ព្រឹក​ថ្ងៃ​ទី​25​ ខែវិច្ឆិកា​នេះ ​នៅ​វត្ត​ភ្នំ​ក្រុម​ការងារ​របស់​សាលារាជធានី​ភ្នំពេញ​កំពុង​តែ​ញាប់​ដៃ​ញាប់​ជើង​ដើម្បី​រៀបចំ​រណ្តាប់​ក្រុង​ពាលី ​មុន​នឹង​ចាប់​ផ្តើម​កម្មវិធី​បង្ហាញ​អំពី​ការ​ដាល់អំបុក​​ដែល​ត្រូវ​ចាប់​ផ្តើម​នា​ម៉ោង​​3​ល្ងាច។ នៅ​វត្ត​ភ្នំ​នា​ព្រឹក​នេះ​មាន​មនុស្ស​ម្នា​គួរ​សម​ ក្រៅ​តែ​អ្នក​ទេសចរ​ជាតិ​ក៏​មាន​ដែរ​អ្ន​កទេសចរ​អន្តជាតិ។​

ចំណែក​នៅ​លើ​ដង​វិថី​នានា​វិញ​ មាន​សភាព​ស្ងប់​ស្ងាត់​ជាង​ធម្មតា​ ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​យើង​ទៅ​ដល់​មុខ​ព្រះ​បរម​រាជ​វាំង​វិញ ​នាព្រឹកនេះ​មាន​ការ​កក​ស្ទះ​ចរាចរណ៍​បន្តិច​ដោយ​សារ​តែ​មាន​ ប្រជាជន​ខ្មែរ​មួយចំ​នួ​ន​នៅ​តែ​នាំកូន​ចៅ​ទៅ​កំសាន្តនៅ​ខាង​មុខ​ព្រះ​បរម​រាជ​វាំង។​ នៅ​ខាង​មុខ​ព្រះ​បរមរាជវាំង​នៅ​ម៉ោង​៦​ល្ងាច​ ថ្ងៃ​ទី​២​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​នេះ​រួម​មាន​ការ​បណ្តែត​គោម ​ចំនួន​៥០០​ ​នៅ​លើ​ទន្លេ​ចតុមុខ។​ 

ជា​​ការ​បណ្តែត​គោម​លើក​ដំបូង​នៅ​រាជធានី​ភ្នំពេញ​នៅក្នុ​ងឱកាស​ព្រះ​រាជ​ពិធី​បុណ្យ​ឆ្នាំ​នេះ។ ​លោក​ ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា ​គោម​ចំនួន​៥០០​ ដែល​រៀប​ចំ​ដោយ​ក្រុមការងារ​សាលា​រាជធានី​ភ្នំពេញ​នឹង​ចែក​ជូន​ឥត​គិត​ថ្លៃ​ដល់​អ្នក​ទេសចរ។​ អ្នក​នាំពាក្យ​រូប​នេះ​ក៏​បាន​ថ្លែង​ស្វាគមន៍​ចំពោះ​បង​ប្អូន​ប្រជាពលរដ្ឋ​ ធ្វើ​គោម​បណ្តែត ​ដើម្បី​យក​មក​ចូល​រួម​នៅ​ក្នុង​កម្មវិធី​ល្ងាច​នេះ​ទាំង​អស់​គ្នា។​

រីឯ​នៅ​កោះ​ពេជ្រ​វិញ​ នា​ព្រឹក​ថ្ងៃ​ទី​២៥​វិច្ឆិកា​នេះ ​សកម្មភាព​លក់​ដូរ​ក៏​ល្អ​ប្រសើរ​ដែរ។ មាន​ស្តង់​ខ្លះ​ពេញ​ហៀរ​ដោយ​អតិថិជន ​តែ​ស្តង់​ខ្លះ​មាន​អ្ន​កទិញ​មួយ​ៗ។ ​ហាង​ទំនិញ​មួយ​ចំនួន​ដែល​មាន​លើ​​ដង​មហាវិថី ​ក៏​បាន​បើក​ទ្វារ​ទទួល​ស្វាគមន៍​អតិថិជន​ដែរ​ គឺ​មិន​ដូច​ថ្ងៃ​បុណ្យ​ធំ​ៗ​ដូចជា​ចូល​ឆ្នាំ ​បុណ្យ​ភ្ជុំបិណ្ឌ​ទេ ​ដែល​ហាង​ទំនិញ​ទាំង​អស់​បាន​បិទ​ទ្វារ​ខណៈ​ពលរដ្ឋ​នៅ​ភ្នំពេញ​ចេញ​ទៅ​ជួប​ជុំ​គ្រួសារ​នៅ​ស្រុក​កំណើត។​

កាល​ពី​យប់​ថ្ងៃ​ទី​២៣​ ខែ​វិច្ឆិកា​ម្សិលមិញ ​ដែល​ជា​ថ្ងៃ​ទី​១​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក ​បើទោះបី​ជា​មិន​ពពាក់​ពពូន​ដូច​រាល់​ដង​ ក៏​ប៉ុន្តែ​នៅ​មុខ​វាំង​មិន​ស្ងាត់​ជ្រងំ​នោះ​ទេ​ គឺ​អ្ន​កទេស​ចរ​ជា​ច្រើន​បាន​ទៅ​ទស្សនា​ការ​បាញ់កាំជ្រួច​​នៅ​មុខ​វាំង ​ទៅ​មើល​ស្តង់​ពិព័រណ៍​លក់​ទំនិញ ​និង​​ឆាក​​សំដែង​សិល្បៈ​ដែល​ត្រូវ​បាន​រៀបចំ​យ៉ាង​ហឹកហ៊ាក់​​នៅ​ឯ​មុខ​វត្តបុទុមវត្តី​ និង​​កោះពេជ្រ​ នៅ​វត្ត​ភ្នំ​ និង​ទីលាន​ប្រជាធិបតេយ្យ​ផង​ដែរ។​

សូម​បញ្ជាក់​ថា ដោយសារ​តែ​នៅ​ឆ្នាំ​២០១​៥​នេះ​ទឹក​ទន្លេ​រាក់ ​រដ្ឋាភិបាល​បាន​សម្រេច​មិន​រៀប​ចំ​ ការ​បណ្តែត​ប្រទីប ​និង​ការ​ប្រណាំងទូ​ក​ដ៏​មាន​ប្រជាប្រិយ​នោះ​ទេ។ ​គួប​ផ្សំ​នឹង​ផ្អាក​ព្រះ​រាជ​ពិធី​​បុណ្យអុំទូក ​ជា​បន្ត​បន្ទាប់​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ដោយសារ​តែ​ឧបទ្ទហេតុ​នៅ​កោះពេជ្រ​ ការ​សោយ​ទីវង្គត​នៃ​អង្គសម្តេចឳ​ និង​គ្រោះ​មហន្តរាយ​ធម្មជាតិ​ ដូច្នេះ​ហើយ​ទើប​ធ្វើ​ចំនួន​អ្នក​មក​លេង​បុណ្យ​អុំទូក ដែ​ល​មាន​ចំនួន​ច្រើន​លើស​លប់​ ចេះ​តែ​ថយ​ចុះ​ជា​លំដាប់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ