អានតួអត្ថបទ
កម្ពុជា-ទេសចរណ៍​

អុំ​ទូក៖ អ្នក​ភ្នំពេញ​សម្រុក​ចេញ​ទៅ​កំសាន្ត​នៅ​ខេត្ត និង​ខ្លះ​ទៀត​ចេញ​ទៅ​ក្រៅ​ប្រទេស

អ្នក​ជំនាញ​ផ្នែក​ទេសចរណ៍​បាន​កត់​សម្គាល់​ថា នៅ​ក្នុង​ឱកាស​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​​អុំ​ទូក​ពលរដ្ឋ​រស់​នៅ​ភ្នំពេញ បាន​សម្រុក​នាំ​គ្នា​ចេញ​ទៅ​ដើរ​លេង​នៅ​តាម​បណ្ដា​ខេត្ត​នៃ​តំបន់​ទេសចរណ៍​សំខាន់​របស់​ប្រទេស​កម្ពុជា។ ទន្ទឹម​នឹង​នេះ អ្នក​ភ្នំពេញ​ខ្លះ​ទៀត​ក៏​បាន​ឆ្លៀត​ពេល​នេះ​ចេញ​ទៅ​លេង​នៅ​ក្រៅ​ប្រទេស។

តំបន់​ទេសចរណ៍​ខេត្តព្រះសីហនុ
តំបន់​ទេសចរណ៍​ខេត្តព្រះសីហនុ @RFI
ផ្សាយពាណិជ្ជកម្ម

អ្នក​ភ្នំពេញ​ចេញ​ទៅ​លេង​ខេត្ត រី​ឯ​អ្នក​ខេត្ត​ឡើង​មក​លេង​នៅ​ភ្នំពេញ​វិញ នៅ​ក្នុង​ឱកាស​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ទូក។ ការ​សម្រុក​ចេញ​ទៅ​លេង​នៅ​តាម​បណ្ដា​ខេត្ត​នៃ​តំបន់​ទេសចរណ៍​សំខាន់ៗ​របស់​ប្រទេស​កម្ពុជា ក៏​ដោយ​សារ​ពេល​វេលា​ឈប់​សម្រាក​គឺ​មាន​រយៈ​ពេល​យូរ​រហូត​ដល់​ទៅ​៤​ឬ​៥​ថ្ងៃ​ឯណោះ។ នេះ​គឺ​ជា​ការ​កត់​សម្គាល់​របស់​លោក ហូរ វណ្ឌី ទី​ប្រឹក្សា​សមាគមន៍​ទី​ភ្នាក់​ងារ​ទេសចរណ៍​កម្ពុជា។

លោក ហូរ វណ្ឌី បន្ថែម​ថា តំបន់​ទេសចរណ៍​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ពលរដ្ឋ តំបន់​ឆ្នេរ​នា​ខេត្ត​ព្រះសីហនុ​គឺ​មាន​ភាព​មមាញឹក​ខ្លាំង​ដោយ​សារ​ពលរដ្ឋ​សម្រុក​នាំ​គ្នា​ទៅ​លេង​នៅ​ទី​នោះ។ ក្រៅ​ពី​តំបន់​ឆ្នេរ តំបន់​ទេសចរណ៍​នៅ​ភូមិ​ភាគ​ឥសាន​វិញ​ក៏​មិន​ស្ងាត់​ដែរ។ ចំណែក​គោល​ដៅ​ចុង​ក្រោយ​នៃ​ដំណើរ​កំសាន្ត​របស់​ពួក​គាត់ ពលរដ្ឋ​បាន​នាំ​គ្នា​ទៅ​លេង​រមណីយដ្ឋាន​អង្គរ​ក្នុង​ខេត្ត​សៀមរាប។ ចេញ​ពី​អង្គរ​ពួក​គេ​ភាគ​ច្រើន​ហួស​ទៅ​លេង​នៅ​បឹង​ទន្លេ​សាប។

លោក ង៉ូវ សេងកាត់ ប្រធាន​មន្ទីរ​ទេសចរណ៍​ប្រចាំ​ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹង​ដែរ​ថា តំបន់​ទេសចរណ៍​សំខាន់ៗ​រួម​មានៈទឹក​ធ្លាក់​ភ្នំ​គូលេន ភូមិ​វប្បធម៌ បឹង​ទន្លេ​សាប និង​បារាយ​ទឹក​ថ្លា​ជា​ដើម គឺ​ផ្ទុក​មនុស្ស​ពេញ​ទាំង​អស់។​ ជាមួយ​នឹង​ចំនួន​មនុស្ស​ដ៏​ច្រើន​ចេញ​ទៅ​លេង​សៀមរាប លោក ង៉ូវ សេងកាក់ បង្ហាញ​ពី​ភាព​ជោគ​ជ័យ​ដែរ​សៀម​រាប​ទទួល​ភ្ញៀវ​បាន​ល្អ​តាម​រយៈ​ការ​គ្រប់​គ្រង​បាន​នៅ​តម្លៃ​ស្នាក់​នៅ​រួម​នឹង​តម្លៃ​ម្ហូប​អាហារ​ជា​ដើម។ ក្ដី​រំពឹង​ចំពោះ​ខេត្ត​សៀមរាប​បី​ថ្ងៃ​នៃ​ពិធី​បុណ្យ​អុំ​ទូក​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចន្លោះ​២០​ទៅ​២៥​ម៉ឺន​នាក់​ដែរ។

ក្រៅ​ពី​ដំណើរ​កំសាន្ត​ក្នុង​ស្រុក​ពលរដ្ឋ​ខ្មែរ ក៏​និយម​ចេញ​ទៅ​លេង​នៅ​ក្រៅ​ប្រទេស​ដែរ។និន្នាការ​និយម​ចេញ​ទៅ​លេង​ក្រៅ​ប្រទេស​​ក៏​ដោយ​សារ​កម្រិត​ជា​ជីវភាព​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន។ ក្នុង​នោះ​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន​គឺ​ជា​គោល​ដៅ​សំខាន់​នៃ​ដំណើរ​កំសាន្ត​របស់​ពលរដ្ឋ​ខ្មែរ។ តាម​ការ​អង្កេត​របស់​លោក ហូរ វណ្ឌី​ ទៀត​នោះ​យុវវ័យ​ដែល​ចង់​បាន​សេរីភាព​ផ្ទាល់​ខ្លួន​ក៏​មាន​ចំនួន​ច្រើន​ចេញ​ទៅ​លេង​នៅ​ក្រៅ​ប្រទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ