អានតួអត្ថបទ
កម្ពុជា

GDP​របស់​កម្ពុជា កើន​ឡើង​៧​ដង​ពី​ឆ្នាំ​១៩៩៣-២០១៥

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន​សែន នៅ​ថ្ងៃ​ចន្ទ​ទី​៧ មីនា នេះ​បាន​ថ្លែង​នៅ​ក្នុង​ពិធី​បើក​សន្និសីទ​ចក្ខុ​វិស័យ​ប្រទេស​កម្ពុជា ឆ្នាំ​២០១៦​ថា កំណើន​ផលិត​ផល​ក្នុង​ស្រុក​បាន​កើន​ឡើង​៧​ដង​ចាប់​ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០១៥។ ជា​កំណើន​ដែល​បាន​កើន​ឡើង​ពី​២​ពាន់​៥​រយ​លាន​ដុល្លារ ទៅ​ដល់​ជាង​១៨​ពាន់​លាន​ដុល្លារ​អាមេរិក។ ជាមួយ​កំណើន​ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​នេះ កម្ពុជា​ក៏​កំពុង​ជំពាក់​បំណុល​បរទេស​យ៉ាង​ច្រើន​ពាន់​លាន​ដុល្លារ​ផង​ដែរ។

សន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ ២០១៦ ធ្វើ​ឡើង​ដោយ​មានកិច្ចសហការរវាង វិទ្យាស្ថាន CDRI និងធ​នាគារ​ ANZ Royal។
សន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ ២០១៦ ធ្វើ​ឡើង​ដោយ​មានកិច្ចសហការរវាង វិទ្យាស្ថាន CDRI និងធ​នាគារ​ ANZ Royal។ @Samdech Hun Sen, Cambodia Prime Minister
ផ្សាយពាណិជ្ជកម្ម

ក្នុង​រយៈ​ពេល​២២​ឆ្នាំ ផលិត​ក្នុង​ស្រុក​សរុប​របស់​កម្ពុជា​បាន​កើន​ឡើង​ចំនួន​៧​ដង ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០១៥។ ជា​កំណើន​ដែល​ប្រមុខ​រដ្ឋាភិបាល​បាន​លើក​ឡើង​ជា​ផល​ដែល​ហូរ​ចេញ​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ដែល​បាន​ដាក់​ចេញ​នៅ​យុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ​ ដើម្បី​បញ្ចប់​សង្គ្រាម​ទាំង​ស្រុង​នៅ​កម្ពុជា ការ​ផ្តោត​ទៅ​លើ​ការ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ។ នេះ​គឺ​ជា​ការ​បញ្ជាក់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ ដែល​បាន​ថ្លែង​នៅ​ក្នុង​ពិធី បើក​សន្និសីទ​ចក្ខុ​វិស័យ​ប្រទេស​កម្ពុជា ឆ្នាំ​២០១៦ នៅ​ថ្ងៃ​ទី​៧ មីនា​នេះ។

សម្លេងលោក​នាយក​រដ្ឋ​មន្ត្រី៖

ប្រមុខ​រដ្ឋាភិបាល​រូប​នេះ​បាន​បន្ត​ទៀត​ថា សម្រាប់​ចក្ខុ​វិស័យ​របស់​ប្រទេស​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៦​នេះ​ រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០២៥ ដើម្បី​ជួយ​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​ដែល​កំពុង​មាន​សន្ទុះ​ស្រាប់។ កម្ពុជា​ដែល​មាន​សន្ទុះ​ប្រមាណ​ជា​៧​ភាគ​រយ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ។

សម្រាប់​កម្ពុជា​ការ​បន្ត​យុទ្ធសាស្ត្រ​កសាង និង​គ្រប់​គ្រង​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​ដែល​ប្រទាក់​​ក្រឡា​គ្នា​​និង​ការ​បញ្ចុះ​តម្លៃ​អគ្គីសនី រួម​ទាំង​ការ​ពង្រឹង​ចំណេះ​ជំនាញ​របស់​ប្រជា​ពលរដ្ឋ នោះ​គឺ​ជា​កត្តា​ជំរុញ​ទឹក​ចិត្ត​ដល់​អ្នក​វិនិយោគ​ទន់​និង​ជា​ការ​វិនិយោគ​ទន់។ សម្រាប់​លោក​នាយក​រដ្ឋ​មន្ត្រី កំណើន​សេដ្ឋកិច្ច​នេះ​ ក៏​មិន​អាច​កាត់​ផ្តាច់​ចេញ​ពី​ការ​អនុគ្រោះ និង​អំណោយ​ផល​ទៅ​លើ​ទីតាំង​ភូមិ​សាស្ត្រ​របស់​ប្រទេស​កម្ពុជា និង​ការ​បង្កើន​ភាព​សហការ​គ្នា​រវាង​ប្រទេស​ក្នុង​អាស៊ាន និង​អាស៊ាន​ជាមួយ​អន្តរជាតិ​ផង​ដែរ។

យ៉ាងណា​ក៏​ដោយ ដើម្បី​ឱ្យ​កម្ពុជា​អាច​បន្ត​រក្សា​កំណើន​នោះ កម្ពុជា​ត្រូវ​ការ​បន្ត​ពង្រីក​បន្ថែម​ផ្លូវ​ជាតិ និង​អន្តរជាតិ រួម​ទាំង​ផ្លូវ​ជន​បទ​ដែល​តភ្ជាប់​ពី​ទីក្រុង​ទៅ​ជនបទ ក្រៅ​ពី​នោះ លំហូរ​ចរាចរណ៍​តាម​ផ្លូវ​ទឹក​ក៏​ដើរ​តួនាទី​ចាំបាច់​ដែល​មិន​អាច​កាត់​ថ្លៃ​បាន។ ក្រៅ​ពី​នេះ ការ​តភ្ជាប់​ផ្លូវ​ដែក​ពី​ទីក្រុង​ធំៗ​ក្នុង​ប្រទេស និង​ការ​តភ្ជាប់​ពី​ប្រទេស​កម្ពុជា ទៅ​កាន់​ប្រទេស​ក្នុង​តំបន់​ផង​ដែរ។

ទន្ទឹម​នឹង​ការ​ប្រកាស​ពី​វឌ្ឍនភាព​ស្តីពី​កំណើន​ផលិត​ផល​ក្នុង​ស្រុក​សរុប​នេះ កម្ពុជា​ក៏​កំពុង​ជំពាក់​បំណុល​បរទេស​ប្រមាណ​ជាង​៤​ពាន់​លាន​ដុល្លារ ដែល​ស្មើ​ប្រមាណ​៤៥​ភាគរយ​នៃ​ផលិត​ផល​ទុន​ក្នុង​ស្រុក​សរុប​ផង​ដែរ។ ដែល​នេះ​អ្នក​វិភាគ​សេដ្ឋកិច្ច​កម្ពុជា បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​ប្រយ័ត្ន​ប្រយែង​ចំពោះ​ការ​ចាយ​វាយ និង​គ្រប់​គ្រង​ឱ្យ​បាន​ល្អ និង​តម្លាភាព​បំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ