អានតួអត្ថបទ
កម្ពុជា

ភ្នំពេញ​​ផ្ញើ​កំណត់​ទូត​ទៅហាណូយ​​តវ៉ា​ពី​ការ​រំលោភ​បំពាន​តាម​បន្ទាត់​ព្រំ​ដែន

ក្រសួង​ការបរទេស​កម្ពុជា​កាល​ពី​ម្សិលមិញ​បាន​ផ្ញើ​កំណត់​ទូត​តវ៉ា​មួយ​ទៅ​ប្រទេស​វៀតណាម ពាក់ព័ន្ធ​នឹង​ការ​រំលោភ​បំពាន​របស់​វៀតណាម​នៅ​តាម​បណ្ដោយ​ព្រំដែន​។ កំណត់ទូត​ដែល​មាន​កម្រាស់​៤​ទំព័រ ទាញ​ការ​ចាប់​អារម្មណ៍​ទៅ​ទីតាំង​​សំខាន់​​ៗ​នៅ​ក្នុង​ខេត្តខ្មែរ​​ចំនួន​៥ ដែលវៀតណាម​រំលោភ​បំពាន និង​ដែល​​ក្រសួង​ការបរទេស​កម្ពុជា​បញ្ជាក់​ថា ធ្លាប់​បាន​ធ្វើ​កំណត់ទូត​ចំនួន​២២ និង​លិខិត​ចំនួន​១​ទៅ​វៀតណាមរួច​មក​ហើយ​។

រូបភាពចាស់៖ ទាហាន​វៀតណាម​ឈរ​ការពារ​ពេល​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​មើល​ព្រំដែន​ នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥។
រូបភាពចាស់៖ ទាហាន​វៀតណាម​ឈរ​ការពារ​ពេល​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​មើល​ព្រំដែន​ នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥។ Facebook
ផ្សាយពាណិជ្ជកម្ម

តាម​កំណត់​ទូត​ចុះ​ថ្ងៃ​ទី​១៨​សីហា ការ​រំលោភ​បំពាន​របស់​វៀតណាម​នៅ​ក្នុង​ខេត្ត​ខ្មែរ​ទាំង​៥​រួម​មាន​៖ ទី​១ ការ​ជីក​ស្រះ​ចំនួន​៩ និង​ការ​សង់​អគារ​ព្រម​ទាំង​ផ្លូវ​បេតុង​នៅ​ខេត្ត​រតនៈ​គិរី​។ ទី​២ ការ​ធ្វើ​ផ្លូវ​និង​ប៉ុស្តិ៍​រដ្ឋបាល​នៅ​តំបន់​ដាក់ដាង ដាក់ហ៊ូត ក្នុង​ខេត្ត​មណ្ឌល​គិរី​។ ទី​៣ ការ​ធ្វើ​ផ្លូវ​នៅក្នុង​ស្រុក​ចន្ទ្រា និង​ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយ​រៀង​។ ទី​៤ ការ​សាង​សង់​ប៉ុស្តិ៍​យោធា​នៅ​ស្រុក​កោះ​ធំ ខេត្ត​កណ្ដាល​។ និង​ទី​៥ ការ​ធ្វើ​ប៉ុស្តិ៍​នៅ​ច្រក​ទ្វារ​វិញហួយដុង ជាប់​បង្គោល​ព្រំដែន​លេខ​២៦០ ទល់​មុខ​ច្រក​ទ្វារ​ទ្វេ​ភាគី​កំពង់ក្រសាំង ស្រុក​បូរី​ជលសារ ខេត្ត​តាកែវ​។

ក្រសួង​បរទេសកម្ពុជា​បញ្ជាក់​ថា ខណៈ​ដែល​គណៈកម្មការ​ចម្រុះ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ នៅ​មិន​ទាន់​បញ្ចប់​ការ​ខណ្ឌ​សីមា​ជា​ស្ថាពរ​នៅ​ឡើយ តំបន់​ដូច​បាន​រៀបរាប់​ខាង​ដើម​នេះ គឺ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​កម្ពុជា​​។ ហើយ​តាម​រយៈ​កំណត់​ទូត​ចុង​ក្រោយ​នេះ ទីក្រុង​ភ្នំពេញ​បាន​ស្នើ​ឲ្យ​ក្រុង​ហាណូយ បញ្ឈប់​សកម្មភាព​សាងសង់​​​ទាំង​អស់​ជា​បន្ទាន់ និង​ធ្វើ​ឲ្យ​ស្ថានភាព​នៅ​តំបន់​ទាំង​នោះ​មាន​សភាព​ដូច​ដើម​វិញ ព្រម​ទាំង​ចាត់​វិធានាការ​រារាំង​កុំ​ឲ្យ​ពលរដ្ឋ​វៀតណាម​ចូល​មក​ដាំ​ដុះ​ឬ​ធ្វើ​សកម្មភាព​នៅ​តំបន់​ព្រំដែន​ទាំង​ឡាយ​ណា​ដែល​មិន​ទាន់​បញ្ចប់​ខណ្ឌ​សីហា និង​បោះ​បង្គោល​ព្រំដែន​។
 
គួរ​ជម្រាប​ជូន​ថា គិត​ត្រឹម​កំណត់​ទូត​ចុង​ក្រោយ​នេះ កម្ពុជា​បាន​ផ្ញើកំណត់ទូត​ចំនួន​២៣ និង​លិខិត​ចំនួន​១​ទៅ​កាន់​វៀតណាម ដើម្បី​តវ៉ា​អំពី​ការ​រំលោភ​បំពាន​តាម​បន្ទាត់​ព្រំ​ដែន​កម្ពុជា​-វៀតណាម​​។ ប៉ុន្តែ​អ្នក​វិភាគ​បញ្ហា​សង្គម​និង​នយោបាយ​មើល​ឃើញ​ថា កំណត់​ទូត​ទាំង​អស់​នេះ មាន​ឥទ្ធិពល​តិច​តួច​ណាស់​ទៅ​លើ​វៀតណាម ព្រោះ​កន្លង​មក របប​កុំម្មុយនីស​ក្រុង​ហាណូយ នៅ​តែ​គគ្លើន​បន្ត​សកម្មភាព​បំពាន​នៅ​តាម​ព្រំដែន​ខ្មែរ​ឥត​ល្ហែ​ល្ហើយ​។
 
ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ រដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ថា ខ្លួន​មិន​បាន​ព្រងើយ​កន្តើយ​​​ទេ ដោយ​អះអាង​ថា នឹង​រៀបចំ​កិច្ច​​ប្រជុំ​ចង្អៀត​រវាង​គណៈកម្មការ​ចម្រុះ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ នៅ​ថ្ងៃ​ទី​២៩​សីហាខាង​មុខ​​ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​ចរចា​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ​។ បន្ថែម​ពី​លើ​នេះ ភាគី​ទាំង​ពីរ​ក៏​គ្រោង​ពិភាក្សា​លើ​​​សំណើ​សុំ​ទៅ​ប្រទេស​បារាំង ឲ្យ​ផ្ដល់​អ្នក​ជំនាញ​ខាង​បច្ចេកទេស​ផែនទី មក​ចម្លង​ខ្សែ​ព្រំដែន​ពី​ផែន​ទី​បោន ខ្នាត​១​លើ​១​រយ​ពាន់ ទៅ​លើ​ផែនទី UTM ខ្នាត​១​លើ​៥០​ពាន់ ត្រង់​ចំណុច​បង្គោល​ព្រំដែន​លេខ​៣០-៤០ និង​១៣៨-១៤៧ ព្រម​ទាំង​ជួយ​ដៅ​ខ្សែ​ព្រំដែន​នៅ​លើ​ដី​ជាក់​ស្ដែង​។
 
លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មការ​កិច្ច​ការ​ព្រំដែន​កម្ពុជា បាន​ពន្យល់​ថា ការ​ចរចា​នីមួយ​ៗ​នឹង​មិន​អាច​ផ្ដល់​ផល​បាន​ភ្លាម​ៗ​ទេ ព្រោះ​ភាគី​ទាំង​សង​ខាង​សុទ្ធ​តែ​ចង់​ការពារ​ប្រយោជន៍​ប្រទេស​រៀង​ៗ​ខ្លួន​។ ប៉ុន្តែ​លោក​មាន​សុទិដ្ឋិនិយម​ថា បញ្ហា​ទាំង​អស់​នឹង​ត្រូវ​ដោះ​ស្រាយ​តាម​ផ្លូវ​ចរចា​។
 

ប៉ុន្តែ​សម្រាប់​លោក រៀល ខេមរិន្ទ្រ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ធ្លាប់​តវ៉ា​ប្រឆាំង​ខ្លាំង​ចំពោះ​ការ​រំលោភ​ព្រំដែន​របស់​វៀតណាម យល់​ឃើញ​ថា ការ​ចរចា និង​កំណត់ទូត​តវ៉ា គឺ​ជា​ជំហាន​ដំបូង​។ ប៉ុន្តែប្រសិន​បើ​​វា​មិន​មាន​ប្រសិទ្ធិភាព​គ្រប់​គ្រាន់​ទេ លោក រៀល ខេមរិន្ទ្រ ស្នើ​ឲ្យ​​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ ដោយ​មាន​សមាសភាពសង្គម​ស៊ីវិល​និង​​បក្ស​ប្រឆាំង​ផង ដើម្បី​ពិនិត្យ​និង​ពិភាក្សា ឈាន​ទៅ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​នេះ ស្រប​តាម​ច្បាប់​អន្ដរជាតិ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ