អានតួអត្ថបទ
កម្ពុជា

តំណាង​កម្ពុជា​នៅ​UN​ប្រាប់​ឧត្តម​ស្នង​ការ​សិទ្ធិ​មនុស្ស​ថា​ខ្លួន​ចាស់​ទុំ​រឿង​សិទ្ធិ​មនុស្ស​ហើយ​មិន​បាច់​មក​ប្រដៅ​ទេ

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នានា​នៅ​ក្នុង​ក្រុង​ហ្សឺណែវ ប្រទេស​ស្វីស​កាល​ពី​ម្សិល​មិញ បាន​ចេញ​មុខ​ប្រតិកម្ម​ទៅ​នឹង​ការ​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ស្ថានភាព​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា​របស់​អ្នក​នាំ​ពាក្យ​ឧត្តម​ស្នង​ការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស។ តំណាង​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ​បាន​បោះ​ពាក្យ​ទៅ​កាន់​ស្ថាប័ន​ជាន់​ខ្ពស់​ផ្នែក​សិទ្ធិ​មនុស្ស​ថា កម្ពុជា មាន​ភាព​ចាស់​ទុំ​លើ​រឿង​សិទ្ធិ​មនុស្ស​ហើយ ដូច្នេះ​មិន​ចាំ​បាច់​មក​ប្រដៅ​នោះ​ទេ។

​លោក​​ស្រី Liz Throssell អ្នក​​នាំ​​ពាក្យ​​ឧត្តម​​ស្នង​ការ​​អង្គការ​​សហប្រជាជាតិ​​ទទួល​​បន្ទុក​​សិទ្ធិ​​មនុស្ស​​
​លោក​​ស្រី Liz Throssell អ្នក​​នាំ​​ពាក្យ​​ឧត្តម​​ស្នង​ការ​​អង្គការ​​សហប្រជាជាតិ​​ទទួល​​បន្ទុក​​សិទ្ធិ​​មនុស្ស​​ @unwebtv
ផ្សាយពាណិជ្ជកម្ម

“នៅ​ពេល​និយាយ​ពី​បញ្ហា​សិទ្ធិ​មនុស្ស លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ រួម​បញ្ចូល​ទាំង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ សេរីភាព​នៃ​ការ​ចូល​រួម និង​កាតព្វកិច្ច​ផ្សេងៗ​ទៀត ស្ថាន​បេសកកម្ម​សូម​បញ្ជាក់​ជូន​ថា កម្ពុជា​មិន​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​កុមារភាព​ទៀត​ទេ យើង​មាន​ភាព​ចាស់​ទុំ​គ្រប់​គ្រាន់​ក្នុង​ការ​ប្រឈម​ដោះ​ស្រាយ​ដោយ​ខ្លួន​ឯង​ដោយ​មិន​ចាំ​បាច់​ត្រូវ​ការ​ប្រៀន​ប្រដៅ​គ្រប់​បែប​យ៉ាង​នោះ​ទេ”។ នេះ​គឺ​ជា​ការ​គូស​បញ្ជាក់​របស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ទៅ​កាន់​អ្នក​នាំ​ពាក្យ​ឧត្តម​ស្នង​ការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស។

ការ​គូស​បញ្ជាក់​ដូច្នេះ​ធ្វើ​ឡើង បន្ទាប់​ពី​អ្នក​នាំ​ពាក្យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​លោក​ស្រី Liz Throssell បាន​ចេញ​មុខ​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​វិធាន​ការ​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ព្យួរ​អាជ្ញាប័ណ្ណ​និង​ផ្អាក​កម្មវិធី​ផ្សាយ​វិទ្យុ ការ​គំរាម​កំហែង​បិទ​កាសែត​Cambodia Daily និង​ការ​បិទ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ NDI។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​កាល​ពី​ថ្ងៃ​២៥ សីហា​ពី​ទី​ក្រុង​ហ្សឺណែវ ប្រទេស​ស្វីស លោក​ស្រី​អ្នក​នាំ​ពាក្យ​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ធានា​ឲ្យ​បាន​ពេញ​លេញ​នូវ​សិទ្ធិ​នយោបាយ និង​សិទ្ធិ​ស៊ីវិល ព្រម​ទាំង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ធ្វើ​ឡើង​ក្នុង​ឆ្នាំ​២០១៨។

ជា​ការ​ឆ្លើយ​តប តំណាង​កម្ពុជា​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ បាន​ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក​ស្រីLiz Throssell ថា​មិន​បាន​ផ្អែក​ទៅ​លើ​ការ​ពិត​គ្រប់​ជ្រុង​ជ្រោយ​នោះ​ទេ ប៉ុន្តែ​ធ្វើ​ទ្បើង​ដោយ​ផ្អែក​ទៅ​លើ​ពាក្យ​ចចាម​អារ៉ាម និង​ប្រភព​ដែល​មិន​ច្បាស់​លាស់ និង​មាន​ចរិត​នយោបាយ។ តំណាង​កម្ពុជា​ដដែល ក៏​បាន​​សង្កត់​ធ្ងន់​ថា ការ​ពង្រឹង​នីតិរដ្ឋ គឺ​មាន​ន័យ​ថា ជន​ល្មើស​ត្រូវ​ទទួល​ខុស​ត្រូវ​នូវ​ទង្វើ​របស់​ពួក​គេ​នៅ​ចំពោះ​ច្បាប់។ ចំណែក​សេរីភាព​សារព័ត៌មាន​មិន​មាន​ន័យ​ថា​បណ្តាញ​សារព័ត៌មាន​អាច​គេច​វេស ឬ​មិន​ព្រម​បង់​ពន្ធ​ជាមួយ​នឹង​និទណ្ឌភាព​ឡើយ។ និយាយ​ពី​បញ្ហា​សិទ្ធិ​វិញ តំណាង​កម្ពុជា​ក៏​បាន​អះអាង​ថា សិទ្ធិ​មិន​មែន​មាន​ន័យ​ថា អាច​ធ្វើអ្វីៗ​ទាំង​អស់​ដោយ​ផ្តាច់​មុន​នោះ​ទេ។

ដោយ​ឡែក ជុំវិញ​ការ​បិទ​អង្គការ​អាមេរិកាំង NDI កាល​ពី​សប្តាហ៍​មុន​នេះ​ដែរ ទី​ភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សំរាប់​អភិវឌ្ឍន៏​អន្តរជាតិ (USAID)​កាល​ពី​ថ្ងៃ​ចន្ទ​បាន​សម្តែង​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ដោយ​គូស​បញ្ជាក់​ថា ការងារ​របស់ NDI​ មិន​លំអៀង​ទៅ​រក​ភាគី​ណា​មួយ​សោះ​ឡើយ។ អ្នក​នាំ​ពាក្យ​ស្តីទី របស់​USAID បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្លាស់​ប្តូរ​សេចក្តី​សម្រេច​របស់​ខ្លួន ដើម្បី​ឲ្យ​NDI អាច​បន្ត​ការងារ​ត​ទៅ​ទៀត ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ ២០១៨ ផ្តល់​សំឡេង​ស្មើៗ​គ្នា​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំង​អស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ