អានតួអត្ថបទ
កម្ពុជា

បក្ស​នយោបាយ​២ ប្ដឹងសុំ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ

គណបក្ស​នយោបាយ​ធំៗ​ជាង​គេ​ទាំង​ពីរ​នៅ​ស្រុក​ខ្មែរ គឺ​បក្ស​ប្រជាជន និង​បក្ស​សង្គ្រោះ​ជាតិ បាន​ប្ដឹង​សុំ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​។ នេះ​បើ​តាមសេចក្ដី​ប្រកាស​ព័ត៌មាន​របស់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត គជប ចុះ​ថ្ងៃ​ទី​៦ មិថុនា​។

ការ​ផ្ទៀង​ផ្ទាត់​ឈ្មោះ​មុន​ពេល​ចូល​បោះ​ឆ្នោត ថ្ងៃ​ទី​០៤ មិថុនា ២០១៧
ការ​ផ្ទៀង​ផ្ទាត់​ឈ្មោះ​មុន​ពេល​ចូល​បោះ​ឆ្នោត ថ្ងៃ​ទី​០៤ មិថុនា ២០១៧ REUTERS
ផ្សាយពាណិជ្ជកម្ម

បណ្ដឹង​សុំ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​ ដែល គជប ទទួល​បាន មាន​យ៉ាង​ហោច​ណាស់​២៨​បណ្ដឹង​។ ក្នុង​នោះ ១៨​បណ្ដឹង​ជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​១០​បណ្ដឹង​ជា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ បើ​តាម គជប គណបក្ស​ទាំង​ពីរ​នេះ ប្ដឹង​សុំ​ឲ្យ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​នៅ​តាម​ការិយាល័យ​ចំនួន​៤៧ នៅ​ក្នុង​ខេត្ត​ចំនួន​៧​។

 

ទាក់​ទង​នឹង​បណ្ដឹង​នេះ អ្នក​នាំ​ពាក្យ គជប លោក ហង្ស ពុទ្ធា ពន្យល់​ថា ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ អាច​ធ្វើ​ទៅ​បាន​នៅ​ពេល​ដែលមាន​​អត្រា​ល្អៀងចាប់​ពី ០,៥​ភាគ​រយ​ឡើង​ទៅ​។ ក្រៅ​ពី​លក្ខខណ្ឌ​នេះ លោក ហង្ស ពុទ្ធា អះអាង​ថា គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ និង​ខេត្ត​រាជធានី ក៏​នឹង​ពិចារណា​ទៅ​លើ​ករណីជាក់​ស្ដែង​នីមួយ​ៗ​ផង​ដែរ ដោយ​ស្វែង​រកហេតុផល​និង​​ភស្តុតាង​នានា ដើម្បី​ឈាន​ទៅ​បើក​កញ្ចប់​សន្លឹក​ឆ្នោត និង​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​។

គួរ​កត់​សម្គាល់​ថា បន្ថែម​ពី​លើ​បណ្ដឹង​សុំ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ គជប ក៏​បាន​ទទួល​បណ្ដឹង​ចំនួន​៤៣​ផ្សេង​ទៀត​ដែរ​។ ជា​បណ្ដឹង​សុំ​ឲ្យ​ដាក់​ពិន័យ​ចំពោះ​អ្នក​ប្រព្រឹត្ត​ល្មើស​លើ​បទប្បញ្ញត្តិ​នៃ​ជំពូក​ទី​១៤​នៃ​ច្បាប់​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​។ ក្នុង​ចំណោម​បណ្ដឹង​ទាំង​៤៣​នោះ មាន​១៩​បណ្ដឹង​ជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ២០​បណ្ដឹង​ជា​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​៤​បណ្ដឹង​ទៀត​ជា​របស់​ពលរដ្ឋ​។

បើ​តាម គជប នៅ​ក្នុង​អំឡុង​ពេល​ដោះស្រាយបណ្ដឹង​ទាំង​នេះ មិន​ទាន់​មាន​ទេ លទ្ធផល​អំពី​ការ​បែង​ចែក​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​។ គជប នឹង​ផ្សាយ​ពី​ចំនួន​អាសនៈ និង​ឈ្មោះ​បេក្ខជន​ជាប់​ឆ្នោត ដរាប​ណា​ការ​ដោះ​ស្រាយ​បណ្ដឹង​បាន​ចប់​សព្វ​គ្រប់​ជា​ស្ថាពរ​។ ក្នុង​ន័យ​នេះ ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​កំពូល​ បាន​បដិសេធ​ចោល​នូវ​លទ្ធផល​​ការ​បែង​ចែក​អាសនៈ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កន្លង​មក​ពី​សំណាក់​ប្រភពផ្សេង​ៗ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ