អានតួអត្ថបទ
កម្ពុជា

ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ គ្រោះ​ថ្នាក់​ចរាចរណ៍​ថយ​ចុះ​ជាង​ឆ្នាំ​មុន!

នៅក្នុង​រយៈពេល៤ថ្ងៃ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ចាប់ពី​ថ្ងៃទី២៩កញ្ញា ដល់​ថ្ងៃទី២តុលា​នេះ គ្រោះថ្នាក់​ចរាច​ណ៍​នៅ​ទូទាំងប្រទេស​កម្ពុជា បានកើត​ឡើង៦៦លើក ផ្ដាច់ជីវិត​មនុស្ស​ចំនួន២៦នាក់ និង​រងរបួស​ធ្ងន់​ស្រាល​ចំនួន១៣៨នាក់។ ចំនួន​នេះ ថយចុះ​គួរ​ឲ្យ​កត់សម្គាល់ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​កន្លងទៅ។ នេះ​បើតាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី២តុលា​នេះ។

នគរបាល​ចរាចរណ៍​ផ្លូវ​គោក ​​ត្រួត​ពិនិត្យ ​យាន​យន្ត​នៅ​តាម​ដង​វិថី។
នគរបាល​ចរាចរណ៍​ផ្លូវ​គោក ​​ត្រួត​ពិនិត្យ ​យាន​យន្ត​នៅ​តាម​ដង​វិថី។ @siv channa
ផ្សាយពាណិជ្ជកម្ម

ចំនួន​អ្នកស្លាប់២៦នាក់​នេះ គឺ​ថយចុះ​ចំនួន១១នាក់ បើ​ប្រៀបធៀប​នឹង​រយៈពេល៤ថ្ងៃ​ដូចគ្នា​កាលពី​ឆ្នាំ២០១៥កន្លងទៅ ដែលមាន​ចំនួន​អ្នកស្លាប់​ដល់​ទៅ៣៧នាក់។ ចំណែក​អ្នករងរបួស​សរុប​ចំនួន១៣៨នាក់​វិញ គឺ​របួសស្រាល​មាន​ចំនួន៥២នាក់ និង​របួសធ្ងន់​ចំនួន៨៦នាក់។ អ្នករងរបួស បើ​ប្រៀបធៀប​នឹង​ឆ្នាំមុន គឺ​ថយចុះ​ចំនួន២២នាក់ ដែល​កាលពី​ឆ្នាំមុន​មាន​ចំនួន១៦០នាក់។ ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​សរុប​នៅក្នុង​រយៈពេល​បួន​ថ្ងៃ​កន្លងទៅនេះ គឺ​បាន​កើតឡើង៦៦លើក​នៅ​ទូទាំងប្រទេស។ ចំនួន​នេះ គឺ​ថយចុះ១៦លើក ស្មើនឹង២០ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​កន្លងទៅ។

បើ​គិត​ត្រឹម​ល្ងាច​ថ្ងៃទី២តុលា គ្រោះថ្នាក់​ចរាចរណ៍​បានសម្លាប់​ជីវិត​មនុស្ស​ចំនួន៧នាក់ ក្នុងនោះ​មាន​ស្រី​ម្នាក់។ រីឯ​អ្នករបួសធ្ងន់​មាន​ចំនួន៤៣នាក់ និង​របួសស្រាល​មាន​ចំនួន២៩នាក់។ មូលហេតុ​ចម្បង​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ទាំងនេះ គឺ​បណ្ដាលមកពី​ការបើក​លើស​ល្បឿន​កំណត់ ការបើកបរ​ក្រោម​ឥទ្ធិពល​ស្រវឹង ការបើកបរ​ពេល​ងងុយ ការបត់​ក្នុងស្ថានភាព​គ្រោះថ្នាក់ ការ​ប្រជែង ការមិន​គោរព​សិទ្ធិ​គ្នា និង​មិន​ប្រកាន់​ស្ដាំ​ជាដើម។

ដោយឡែក ខេត្ត​ដែលមាន​គ្រោះថ្នាក់​ចរាចរណ៍​កើតមាន​ច្រើនជាងគេ​ក្នុង​រយៈពេល​បួន​ថ្ងៃនេះ គឺ​ខេត្តព្រៃវែង។ នៅ​ខេត្តព្រៃវែង គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន៥លើក សម្លាប់​មនុស្ស៥នាក់ និង​ធ្វើ​ឲ្យ​របួស​ចំនួន៥នាក់។ បន្ទាប់មក​គឺ​ខេត្តបន្ទាយមានជ័យ ដែលមាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង២ករណី​ប៉ុណ្ណោះ ប៉ុន្តែ​វា​បាន​ឆក់យក​ជីវិត​មនុស្ស​ចំនួន៣នាក់ និង​ធ្វើ​ឲ្យ​របួស២នាក់។ ដោយឡែក គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្តកំពង់ចាម តាកែវ កណ្ដាល និង​ព្រះវិហារ មាន​ស្លាប់​មួយ​ខេត្ត២នាក់។ ក្រៅពីនោះ ខេត្ត​ព្រះសីហនុ ស្វាយរៀង សៀមរាប ក្រចេះ កំពង់ធំ និង​កំពង់ស្ពឺ សុទ្ធតែ​ស្លាប់​ម្នាក់​ដូចគ្នា​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍។

លោក រុន រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ បានចាត់ទុក​ការថយចុះ​នៃ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​និង​ចំនួន​អ្នកស្លាប់​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ ថា​ជាស​ញ្ញាណ​ល្អ ដែល​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ប្រសិទ្ធភាព​នៃ​ការងារ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​របស់​សមត្ថ​កិច្ច។ សមត្ថកិច្ច ដែល​បើតាម លោក រុន រ័ត្ន​វាសនា គឺ​បាន​បើក​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅតាម​គោលដៅ​ដើមទីសំខាន់ៗនៅ​ទូទាំង ជាពិសេស​នៅតាម​ចំណតរថយន្ត​ធំ។

ការដាក់​ពង្រាយ​ក្រុម​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​នៅ​គ្រប់​ផ្លូវជាតិ​ទាំងអស់ ដើម្បី​រឹតបន្តឹង​និង​ដាក់ពិន័យ​អ្នកបើកបរ​ដែល​មិន​គោរព​ច្បាប់ ព្រមទាំង​ការរួមចំណែក​របស់​ប្រជាពលរដ្ឋ ក៏​ជា​បច្ច័យ​ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​រដូវ​ភ្ជុំ​ឆ្នាំនេះ ថយចុះ​ផងដែរ។ នេះ​បើតាម​លោក រុន រ័ត្ន​វាសនា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ