អានតួអត្ថបទ
កម្ពុជា-ច្បាប់

អង្គ​ទូត​នៃ​ប្រទេស​ប្រជា​ធិបតេយ្យ​ធំៗ​មិន​ចូល​រួម​សង្កេត​ការណ៍​កិច្ច​ប្រជុំ​សភា​លើក​ដំបូង​របស់​កម្ពុជា​

ការ​បើក​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ដំបូង​របស់​កម្ពុជា​អាណត្តិ​ទី៦ នៅ​ថ្ងៃ​ទី៥​ខែកញ្ញា​ឆ្នាំ២០១៨​នេះ គឺ​មិន​មាន​វត្តមាន​នៃ​តំណាង​អង្គទូត​របស់​ប្រទេស​កាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​ធំៗ​មក​ចូល​រួម​សង្កេត​ការណ៍​តាម​ការ​អញ្ជើញ​របស់​សភា​កម្ពុជា​ឡើយ តែ​មាន​ការ​ចូល​រួម​ពី​តំណាង​ទូត​ចិន និង​ប្រទេស​មួយ​ចំនួន​ទៀត។ អវត្តមាន​នៃ​​តំណាង​ប្រទេស​កាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​ក្នុង​ការ​ប្រជុំ​សភា​លើក​ដំបូង​នៅ​អាណត្តិ​នេះ គឺ​ពួក​គេ​ភាគ​ច្រើន​មិន​បញ្ជាក់​ពី​មូល​ហេតុ​ឡើយ ខណៈ​រដ្ឋ​សភា​កម្ពុជា​ត្រូវ​កាន់​កាប់​ដោយ​គណបក្ស​តែ​មួយ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​។  

រដ្ឋសភាកម្ពុជា
រដ្ឋសភាកម្ពុជា @REUTERS
ផ្សាយពាណិជ្ជកម្ម

អគ្គ​លេខា​ធិការ​រដ្ឋសភា បាន​បញ្ជាក់​ថា រដ្ឋ​សភា​កម្ពុជា បាន​អញ្ជើញ​តំណាង​ស្ថាន​ទូត​ទាំង​អស់​ចំនួន៣១​ប្រទេស​ប្រចាំ​កម្ពុជា ឲ្យ​មក​ចូល​រួម​ការ​ប្រជុំ​រដ្ឋសភា​លើក​ដំបូង​។ ប៉ុន្តែ​តំណាង​ប្រទេស​លោក​ខាង​លិច ចំនួន៩​មិន​បាន​ចូល​រួម​ទេ។​ តំណាង​ទូត​ដែល​មិន​ចូល​គឺ អាមេរិក កាណាដា បារាំង អង់គ្លេស អាឡឺម៉ង់ អូស្រ្តាលី ស៊ុយអែត ប៊ុលហ្គារី និង​ទូត​សហ​ភាព​អ៊ឺរ៉ុប។ សហ​ភាព​អ៊ឺរ៉ុប មាន​សមា​ជិក​ចំនួន២៨​ប្រទេស ដែល​សុទ្ធ​សឹង​ជា​ប្រទេស​កាន់​លទ្ធិ​ប្រជា​ធិបតេយ្យ។ តែ​ជា​មួយ​គ្នា​នោះ ​តំណាង​ទូត​ចិន​បាន​ចូល​រួម​ ខណៈ​ស្ថាន​ទូត​ជប៉ុន​គ្រាន់​តែ​បញ្ជូន​តំណាង​បេសកកម្ម​របស់​ខ្លួន​ចូល​រួម ជំនួស​ឲ្យ​ឯក​អគ្គរាជ​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា។ នេះ​ជា​ការ​គូស​បញ្ជាក់​របស់​លោក ឡេង ប៉េងឡុង។

អគ្គ​លេខា​ធិការ​រដ្ឋសភា​រូប​នេះ បាន​ប្រាប់​អ្នក​កាសែត​ក្រោយ​ពី​កិច្ច​ប្រជុំ​សភា​បន្ថែម​ទៀត​ថា ក្រៅ​ពី​តំណាង​អង្គទូត ក៏​មាន​អង្គការ​អន្តរ​ជាតិ​ចំនួន១១​ត្រូវ​បាន​អញ្ជើញ​ផង​ដែរ ប៉ុន្តែ​អ្នក​មក​ចូល​រួម​បាន​តែ​ចំនួន​៥អង្គ​ការ​ប៉ុណ្ណោះ។ អង្គ​ការ​ទាំង៥​នោះ មាន​ដូចជា UNDP,UNFPA,UNICEF,WHO​និង ​អង្គការ​ខុនរ៉ាត់​អាដេណៅអ័រ​របស់​អាឡឺម៉ង់។ ប៉ុន្តែ​ស្ថាប័ន​រូបិយ​វត្ថុ​អន្តរជាតិ (IMF) និង​ធនាគារ​ពិភាពលោក (World Bank) ជាដើម​មិន​បាន​ចូល​រួម​ទេ។

បើ​តាម លោក ឡេង ប៉េងឡុង ​តំណាង​អង្គទូត​និង​តំណាង​ស្ថាប័ន​អន្តរជាតិ​ធំៗ​ដែល​មិន​ចូល​រួម​ការ​ប្រជុំ​សភា​នា​ថ្ងៃ​ពុធ​នេះ មិន​បាន​បញ្ជាក់​ពី​មូល​ហេតុ​នៃ​អវត្តមាន​របស់​ខ្លួន​ទេ ខណៈ​ឯក​អគ្គ​រដ្ឋទូត​ខ្លះ​កំពុង​ប្រជុំនៅ​ក្រៅ​ប្រទេស។ យ៉ាង​ណា​ក៏​ដោយ គេ​កត់​សម្គាល់​ថា ​ប្រទេស​ប្រជា​ធិបតេយ្យ ដូច​ជា សហ​ភាព​អ៊ឺរ៉ុប ​កាណាដា អូស្រ្តាលី បារាំង អង់គ្លេស អាមេរិក ជា​ដើម សុទ្ធ​តែ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ថា​ការ​បោះឆ្នោត​នៅ​កម្ពុជា​ថ្ងៃ​ទី២៩​កក្កដា មិន​អាច​ជឿ​ទុក​ចិត្ត​បាន។

លោក ឡេង ប៉េងឡុង បាន​សំដែង​ការ​សោក​ស្តាយ​ចំពោះ​អវត្តមាន​នៃ​តំណាង​ស្ថានទូត​ និង​តំណាង​អង្គការ​អន្តរជាតិ​ធំៗ​ខាង​លោក​សេរី ដែល​មិន​មក​ចូល​រួម​សង្កេតការណ៍​​ពេល​បើក​សម័យ​ប្រជុំ​សភា​លើកដំបូង​របស់​កម្ពុជា នា​អាណត្តិ​ទី៦​នេះ។ តែ​លោក​ថ្លែង​ថា ប្រទេស​លោក​ខាង​លិច វាយ​តម្លៃ​មិន​ត្រឹម​ត្រូវ​ចំពោះ​សភាព​ការណ៍​នៅ​កម្ពុជា ទើប​មិន​មក​ចូល​រួម​​ការ​បើក​សម័យ​ប្រជុំ​សភា​លើក​ដំបូង តាម​ការ​អញ្ជើញ​របស់​រដ្ឋសភា​ខ្មែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ