អានតួអត្ថបទ
កម្ពុជា-ថៃ

អ្នក​នាំ​ពាក្យ៖ គ្មាន​វត្តមាន​ជន​សង្ស័យ​បំផ្ទុះ​គ្រាប់​បែក​នៅ​បាងកក ក្នុង​ទឹកដី​កម្ពុជា​នោះ​ទេ

ប៉ូលិស​ថៃ​ជឿ​ថា ជន​សង្ស័យ​បំផ្ទុះ​គ្រាប់​បែក​នៅ​ចំ​កណ្តាល​ក្រុង​បាងកក ពីរ​នាក់ កំពុង​តែ​លាក់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​បើ​យោង​តាម​គេហទំព័រ​បាងកក​ប៉ុស្តិ៍ ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី១ កញ្ញា​នេះ។ ប៉ុន្តែ​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា បាន​បញ្ជាក់​ថា រហូត​មក​ទល់​នឹង​ពេល​នេះ គ្មាន​វត្តមាន​ជន​សង្ស័យ​បំផ្ទុះ​គ្រាប់​បែក​ណា​មួយ​នៅ​កម្ពុជា​នោះ​ទេ ហើយ​ក៏​មិន​ទាន់​ទទួល​បាន​ការ​សុំ​សហការ​ពី​ខាង​អាជ្ញាធរ​ថៃ​ផង​ដែរ។

ជនសង្ស័យ​​បំផ្ទុះ​​គ្រាប់​​បែក​​នៅ​​ថៃ​ ដែល​ត្រូវ​ប៉ូលិស​ថៃ​តាម​ចាប់​ខ្លួន។​
ជនសង្ស័យ​​បំផ្ទុះ​​គ្រាប់​​បែក​​នៅ​​ថៃ​ ដែល​ត្រូវ​ប៉ូលិស​ថៃ​តាម​ចាប់​ខ្លួន។​ REUTERS/Soe Zeya Tun
ផ្សាយពាណិជ្ជកម្ម

លោក គៀត ចន្ទថារិទ្ធ អ្នក​នាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា រហូត​មក​ទល់​នឹង​ពេល​នេះ កម្ពុជា​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ថា​មាន​ជន​សង្ស័យ​បំផ្ទុះ​គ្រាប់​បែក​នៅ​ថៃ ចូល​មក​ក្នុង​ទឹកដី​កម្ពុជា​នោះ​ទេ ហើយ​កម្ពុជា​ផ្ទាល់​ក៏​មិន​ទាន់​ទទួល​បាន​ការ​សុំ​សហការ​ពី​ខាង​ភាគី​ថៃ​ដែរ។ ការ​បញ្ជាក់​យ៉ាង​ដូច្នេះ​ត្រូវ​បាន​ធ្វើ​ឡើង ខណៈ​សារព័ត៌មាន​អនឡាញ បាងកក​ប៉ុស្តិ៍​របស់​ថៃ បាន​ចុះ​ផ្សាយ​ថា ប៉ូលិស​ថៃ​ជឿ​ថា ជន​សង្ស័យ​ទាំងពីរ​នាក់​នោះ កំពុង​តែ​លាក់​ខ្លួន​នៅ​កម្ពុជា។  

គេហទំព័រ​បាងកក​ប៉ុស្តិ៍ បាន​បញ្ជាក់​ថា ការ​សង្ស័យ​របស់​ប៉ូលិស​ថៃ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ ការិយាល័យ​អន្តោប្រវេសន៍​បាន​រក​ឃើញ​ថា ជន​សង្ស័យ​ទាំង​ពីរនាក់​នោះ បាន​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត។

យ៉ាងណា​ក៏​ដោយ​លោក​ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្នុង​ស្រុក​ថា កម្ពុជា​រីករាយ​នឹង​សហការ​ជាមួយ​នឹង​ប៉ូលិស​ថៃ ប្រសិន​បើ​កម្ពុជា​ទទួល​បាន​ការ​ស្នើ​សុំ​ជា​ផ្លូវ​ការ​នោះ។ លោក​បន្ត​ថា ការ​តាម​ស្វែង​រក​ចាប់​ខ្លួន​ភេរវករ​ ការ​ប្រឆាំង​ជាមួយ​ភេរវកម្ម ជា​កាតព្វកិច្ច​របស់​បណ្តា​ប្រទេស​ទាំង​អស់​នៅ​លើ​ពិភព​លោក ហើយ​កម្ពុជា​ផ្ទាល់​ក៏​មាន​គោល​នយោបាយ​ប្រឆាំង​នឹង​ភេរវកម្ម​រួម​ជាមួយ​នឹង​បណ្តា​ប្រទេស​ផ្សេង​ៗ​នៅ​លើ​ពិភព​លោក​ដែរ។

សូម​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​១៧ សីហា មនុស្ស​២០​នាក់ បាន​ស្លាប់ និង​របួស​ជា​ច្រើន​ទៀត ក្នុង​ហេតុការណ៍​ផ្ទុះ​គ្រាប់​បែក​កណ្តាល​ទីក្រុង​បាង​កក។ រដ្ឋាភិបាល​ថៃ​ប្រកាស​ផ្តល់​ប្រាក់​រង្វាន់​ចំនួន​៣​លាន​បាត​ដែល​មាន​ប្រមាណ​ជាង​៨​ម៉ឺន ៣​ពាន់​ដុល្លា​អាមេរិក​ចំពោះ​ប៉ូលិស​ថៃ​ណា​ដែល​អាច​ចាប់​ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​បំផ្ទុះ​គ្រាប់​បែក​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ