អានតួអត្ថបទ
ព្រំដែនខ្មែរ-ថៃ

ទាហាន​ថៃ​នៅ​តែ​មិន​ព្រម​ដក​ចេញ​ពី​ភ្នំទ្រព្យ

អស់​រយៈ​ពេល​បី​ថ្ងៃ​មក​ហើយ​ដែល​ទាហាន​ថៃ​មួយ​ក្រុម​បាន​ចូល​មក​បោះ​ទីតាំង នៅ​លើ​ភ្នំទ្រព្យ ក្បែរ​ប្រាសាទ​ព្រះវិហារ ហើយ​មិន​ព្រម​ដក​ចេញ​ទៅ​វិញ​ឡើយ បើ​ទោះបី​ជា​ទាហាន​ខ្មែរ​បាន​ព្យាយាម​បណ្តេញ​ពួកគេ​យ៉ាង​ណា​ក៏ដោយ។ រហូត​មក​ទល់​នឹង​ថ្ងៃ​អាទិត្យ​នេះ ការចរចា នៅ​តែ​បន្ត ប៉ុន្តែ​នៅ​មិន​ទាន់​មាន​លទ្ធផល​នៅ​ឡើយ​ទេ។ ប្រភព​ពី​ក្រសួង​ការពារ​ជាតិ​ឲ្យ​ដឹង​ថា មេទ័ព​ជួរ​មុខ​កំពុង​ដោះស្រាយ​បញ្ហា​ក្នុង​ដំណាក់​កាល​ដំបូង មុន​នឹង​បញ្ជូន​សំណុំ​រឿង​មក​កាន់​ថ្នាក់​ជាតិ។

ទាហាន​ឈុតខ្មៅ​ថៃ
ទាហាន​ឈុតខ្មៅ​ថៃ ©Reuters
ផ្សាយពាណិជ្ជកម្ម

បុណ្យ​ចូល​ឆ្នាំ​ថ្មី រយៈ​ពេល​បី​ថ្ងៃ​បាន​ចប់​ទៅ​ហើយ ប៉ុន្តែ បញ្ហា​នៅ​តាម​ជាយ​ដែន​ខ្មែរ​ថៃ​នៅ​មិនទាន់​ចប់​នៅ​ឡើយ​ទេ។ ទាហាន​ថៃ​មួយ​ក្រុម​ដែល​បាន​រុល​ចូល​មក​បោះ​ទីតាំង​លើ​ដី​ខ្មែរ ក្នុង​តំបន់​ភ្នំទ្រព្យ កាល​ពី​ថ្ងៃ​១៦​​មេសា នៅ​មិនទាន់​ដក​ថយ​ទៅ​វិញ​នៅ​ឡើយ​ទេ។

លោក​ឈុំ សុជាតិ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​បាន​ឲ្យ​ដឹង នៅ​ថ្ងៃ​នេះ​ថា មេទ័ព​ដែល​ឈរជើង នៅ​សមរភូមិ​មុខ​កំពុង​បន្ត​ការចរចា​ជាមួយ​ទាហាន​ថៃ​ដើម្បី​ឲ្យ​ពួកគេ​ដក​ចេញ ​ពី​តំបន់​ភ្នំទ្រព្យ​ដែល​ជា​ទឹកដី​របស់​ខ្មែរ។ ប៉ុន្តែ រហូត​មក​ទល់​នឹង​រសៀល​ថ្ងៃ​អាទិត្យ​នេះ នៅ​មិន​ទាន់​មាន​លទ្ធផល​នៅ​ឡើយ​ទេ។ បើ​យោង​តាម​ប្រសាសន៍​របស់​អ្នកនាំពាក្យ ក្រសួង​ការពារ​ជាតិ ទាហាន​ថៃ​បាន​អះអាង​ថា នឹង​ដក​ចេញ​ពី​ភ្នំទ្រព្យ ប៉ុន្តែ ពួកគេ​នៅ​រង់ចាំ​បទបញ្ជា​ពី​ថ្នាក់លើ​ដែល​តែងតែ​ឆ្លើយ​ដាក់​គ្នា​ទៅវិញ ទៅមក មិន​ដឹង​អ្នកណា​ជា​អ្នកទទួល​ខុស​ត្រូវ​ពិត​ប្រាកដ។

គួរ​រំលឹក​ថា ក្នុង​ខណៈ​ដែល​កម្ពុជា​កំពុង​ប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំថ្មី​ដែល​ជា​ថ្ងៃ​ ចុងក្រោយ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ដែល​មាន​រយៈពេល​បី​ថ្ងៃ ទាហាន​ថៃ​មួយ​ក្រុម​ដែល​មាន​គ្នា ប្រមាណ​ជា​ពី​១២ ទៅ​១៤​នាក់​បាន​ឆ្លៀត​ឱកាស​នាំ​គ្នា ចូល​មក​បោះ​ទីតាំង​ក្នុង​តំបន់​ភ្នំ ទ្រព្យ​តែម្តង។ បើ​ទោះបី​ជា​ទាហាន​ខ្មែរ​ដែល​ឈរជើង នៅ​ទី​នោះ​បាន​ព្យាយាម​បណ្តេញ​ពួកគេ​យ៉ាងណា​ក៏ដោយ ក៏​ទាហាន​ថៃ​ទាំង​នោះ​មិន​ព្រម​ដក​ថយ​ដែរ។ យ៉ាងណា​ក៏ដោយ កិច្ច​ចរចា​នៅ​តែ​បន្ត​ធ្វើ​ដើម្បី​ដោះស្រាយ​បញ្ហា។

នៅ​ឯ​តំបន់​ អូរស្មាច់ ខេត្ត​ឧត្តរមានជ័យ​ឯណោះ​វិញ ស្ថានការណ៍​បាន​ធូរស្រាល​វិញ​ហើយ បន្ទាប់​ពី​ការប្រយុទ្ធ​គ្នា​ពីរ​លើក កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ។ ប្រភព​ពី​សមរភូមិ​ឲ្យ​ដឹង​ថា គេបាន​រឹបអូស​សម្ភារៈសឹក​មួយ​ចំនួន​នៅ​កន្លែង​កើតហេតុ ដូចជា វិទ្យុ​ទាក់ទង មួកដែក ការពារ​គ្រាប់ និង​គ្រាប់​រំសេវ​មួយ​ចំនួន​ផង។ សម្ភារៈសឹក​ទាំង​នោះ​ដែល​មាន​ប្រឡាក់​ឈាម​ជា​សញ្ញា​ប្រាប់​ថា ទាហាន​ថៃ​ពិតជា​ត្រូវ​របួស​មួយ​ចំនួន​ក្នុង​សមរភូមិ។

ក្រសួង​ការពារ​ ជាតិ​ក៏ដូច​ជា​រដ្ឋាភិបាល​កម្ពុជា​ដែរ​បាន​ប្រកាន់​យក​វិធានការ​ពីរ​ ដំណាក់កាល​ក្នុង​ការដោះស្រាយ​បញ្ហា​ជា​មួយ​ថៃ។ ដំណាក់​កាល​ទី​១ គឺ​ការចរចា​នៅ​​នឹង​កន្លែង​រវាង​ភាគី​ខ្មែរ និង​ថៃ​ដែល​មាន​ទំនាស់។ ដំណាក់កាល​ទី២ គឺ​ការបញ្ជូន​សំណុំរឿង​ទៅ​ថ្នាក់លើ​ដើម្បី​ដោះស្រាយ​ក្នុង​ករណី​ដែល​ការចរចា ​ក្នុង​ដំណាក់កាល​ដំបូង​មិន​សម្រេច​បាន​លទ្ធផល។ ករណី​ភ្នំទ្រព្យ​កំពុង​ស្ថិត​ក្នុង​ការចរចា​ក្នុង​ដំណាក់កាល​ទី១។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​របស់​លោក​ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ