អានតួអត្ថបទ
កម្ពុជា

មន្ត្រី​អាដ​ហុក​៖​មន្ត្រី​ពុក​រលួយ បើក​ដៃ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​ថៃ

នៅ​វេលា​ព្រឹក​ថ្ងៃ​ទី ១១​ឧសភា​ម្សិលមិញ អាជ្ញាធរ​ថៃ ដែល​ប្រចាំការ​នៅ​ច្រក​របៀង ស្រុក​ខ្លងហាត ខេត្ត​ស្រះកែវ បាន​ចាប់ឃាត់​ខ្លួន​ពលរដ្ឋ​ខ្មែរ ចំនួន ៨១​នាក់ ដែល​ឆ្លងដែន​ខុស​ច្បាប់​ចូល​ក្នុង​ទឹក​ដី​ថៃ។ ប៉ុន្តែ​នៅ​ពេល​រសៀល​ថ្ងៃ​ដដែល អាជ្ញាធរ​បាន​ដោះលែង​មនុស្ស ៣០នាក់ ឲ្យ​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ និង​នៅ​តែ​បន្ត​ឃាត់​ខ្លួន​មនុស្ស​មួយ​ចំនួន​ទៀត រងចាំ​ចំណាត់​ការ​បន្ថែម។ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដ​ហុក ប្រចាំ​ខេត្ត​បន្ទាយ​មានជ័យ នៅតែ​មើល​ឃើញ​ថា ការ​ឆ្លងដែន​ខុសច្បាប់​របស់​ពលរដ្ឋ​ខ្មែរ​នេះ កើត​ឡើង​ពី​មន្ត្រី​ពុក​រលួយ នៅ​តាម​ច្រក​ព្រំដែន។

អាជ្ញាធរថៃ ចែកទឹក​ដល់​ពលរដ្ឋខ្មែរ ដែល​ត្រូវបាន​គេចាប់ខ្លួនដោយសារឆ្លងដែន​ខុសច្បាប់
អាជ្ញាធរថៃ ចែកទឹក​ដល់​ពលរដ្ឋខ្មែរ ដែល​ត្រូវបាន​គេចាប់ខ្លួនដោយសារឆ្លងដែន​ខុសច្បាប់ @ADHOC
ផ្សាយពាណិជ្ជកម្ម

ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ ៨១នាក់​ ដែល​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​នោះ រួម​មាន​មនុស្ស​ជំទង់ ៦៤​នាក់ ដែល​មាន​ក្មេង​ស្រី ២៨នាក់ ប្រុស ៣៦នាក់ រួម​ទាំង​មនុស្ស​ធំ ១៧​នាក់​ទៀត។ ពួកគេ​ ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី ១១​ឧសភា ខណៈ​គេ​បាន​ព្យាយាម​ឆ្លង​ចូល​តាម​ច្រក​របៀង​ ស្រុក​ខ្លង​ហាត ខេត្ត​ស្រះកែវ ចូល​ក្នុង​ទឹក​ដីថៃ។ នេះ​បើ​តាម​ការឲ្យ​ដឹងពី ស្ថាន​កុងស៊ុល​ខ្មែរ​ប្រចាំខេត្ត​ស្រះកែវ ប្រទេស​ថៃ។

​មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក ប្រចាំខេត្ត​បន្ទាយ​មានជ័យ លោក​ស៊ុំ ចន្ទគា បាន​ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​ទី ១២​ឧសភា​ថា ពលរដ្ឋ​ខ្មែរ​ក្រីក្រ​ទាំង​នោះ បាន​ឆ្លងដែន​ដោយ​ខុសច្បាប់ ដើម្បី​ទៅ​ធ្វើការ​សំណង់ ឬ​ទៅ​កាប់​ដើម​អាកាស្យា ឬកាប់​ឈើ​ក្រញ៉ូង ដើម្បី​ទទួល​បាន​កម្រៃ មក​បំពេញ​តម្រូវ​ការ​ជីវភាព​។ មន្ត្រី​សមាគម​អាដហុក​ដដែល​ បាន​បញ្ជាក់​ថា ក្រោយ​ការ​ចាប់​ខ្លួន អាជ្ញាធរ​ថៃ មិន​បាន​ដាក់​ទោស​អ្វី​ដល់​ពួក​គេ​នោះ​ទេ ព្រោះ​ថា​ករណី​នេះ មិន​មែន​ជា​ការ​ប្រព្រឹត្តិ​បទល្មើស​អ្វី​នោះ​ឡើយ​ គឺ​គ្រាន់​តែ​ពលរដ្ឋ​ទាំង​នោះ មិន​បាន​យល់​ដឹង​ពី​ដំណើរ​ការ​នៃ​ការ​ចេញ​ចូល​តាម​ច្រក​ព្រំ​ដែន​តែ​ប៉ុណ្ណោះ។

យ៉ាង​ណា​មិញ លោក​ស៊ុំ ចន្ទគា បាន​បន្ថែម​ថា កត្តា​ដែល​ពលរដ្ឋ​ក្រីក្រ​ទាំង​នេះ​ អាច​ឆ្លងដែន​ខុស​ច្បាប់ ក៏​ជា​ចំណែក​មួយ​មក​ពី​មាន​មន្ត្រី​ពុករលួយ​មួយ​ចំនួន​តាម​ច្រក​ព្រំដែន ដែល​បាន​ស៊ី​សំណូក​ជាមួយ​នឹង​ក្រុម​មេខ្យល់ ហើយ​បើ​កដៃ​ឲ្យ​ពលរដ្ឋ​ទាំង​នោះ អាច​ធ្វើ​ដំណើរ​ទៅ​ទឹក​ដី​ថៃ​បាន។ ត្បិត​តែ​មិន​បាន​កំណត់​តួលេខ​ច្បាស់​លាស់ ក្នុង​មួយ​ខែ​ៗ ប៉ុន្តែ​លោក​ស៊ុំ ចន្ទគា សង្កេត​ឃើញ​ថា មួយ​ថ្ងៃៗ មាន​ពលរដ្ឋខ្មែរ ទាំង​ឡាន​ៗ ត្រូវ​បាន​ដឹក​ទៅ​ដាក់​នៅ​តាម​ច្រក​ព្រំដែន ដោយ​ពួកគេ​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ ១៣០០​បាត ទៅ​ឲ្យ​មេខ្យល់​ជា​អ្នក​រត់​ការ។

បើ​តាម​មន្ត្រី​អាដហុក របៀប​ធ្វើ​ចំណាក​ស្រុក​ខុសច្បាប់​របស់​ពលរដ្ឋ​ខ្មែរ ទៅ​ដី​ថៃ​នេះ មាន ​៣​ប្រភេទ គឺ​ការ​លួច​ចាកចេញ​ទៅក្នុង​រយៈពេល​យូរ ដោយ​យក​ក្រុម​គ្រួសារ​ទៅ​ជាមួយ ហើយ​ធ្វើការ​នៅ​ទីនោះ។ ទី២ គឺ​ទៅមួយ​ឆ្នាំម្តង ហើយ​ទាល់​តែ​ពេល​បុណ្យ​ទាន​ធំៗ​ ទើប​ត្រឡប់​មក​ស្រុក​កំណើត​វិញ និង​មួយ​ទៅ​គឺ​ការ​ទៅ​ព្រឹក​ ត្រឡប់​មក​វិញ​ល្ងាច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ