អានតួអត្ថបទ
កម្ពុជា-តុលាការ

តុលាការ​កំពូល បើក​សវនាការ​លើ​បណ្ដឹង​សារ​ទុក្ខ​របស់​អ្នក​វិភាគ​នយោបាយ លោក គឹម សុខ

តុលាការ​កំពូល​បាន​បញ្ចប់​សវនាការ​សួរ​ដេញ​ដោល​លើ​សំណុំ​រឿង​បរិហារ​កេរ្តិ៍​របស់​លោក គឹម សុខ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​៩ មិថុនា​នេះ។ ជា​សំណុំ​រឿង​ដែល​បាន​ប្តឹង​ដោយ​លោក គី តិច មេធាវី​ការពារ​ក្តី​ របស់​លោក​នាយក​រដ្ឋមន្រី្ត ហ៊ុន សែន។ សាលដីកា​មិន​ត្រូវ​បាន​ប្រកាស​នៅ​ឡើយ​ទេ ដោយ​ត្រូវ​រង់​ចំា​ដល់​ថ្ងៃ​ទី ២៣ ខែ​មិថុនា។ នេះ​បើ​តាម​លោក ជួង ជូងី មេធាវី​ការពារ​ក្តី​ឲ្យ​លោក គឹម សុខ។ ខណៈ​ពេល​ដែល​សាលដីកា​មិន​ទាន់​ប្រកាស ប៉ុន សោភ័ណ សូម​ឆ្លៀត​រំលឹក​ជូន​លោក​អ្នក​ស្តាប់ ជុំវិញ​រឿង​រ៉ាវ​ក្តី​កាំ្ត​របស់ ​លោក គឺម សុខ អ្នក​វិភាគ​សង្គម​រូប​នេះ​ជូន​លោក​អ្នក​ស្តាប់។

លោក គឹម សុខ អ្នកវិភាគនយោបាយនិងសង្គម​។
លោក គឹម សុខ អ្នកវិភាគនយោបាយនិងសង្គម​។
ផ្សាយពាណិជ្ជកម្ម

លោក គឹម សុខ ជា​អ្នក​វិភាគ​នយោបាយ​និង​សង្គម។ លោក​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​កាល​ពី ថ្ងៃ​ទី​១៧ ​ខែ​កុម្ភៈ ឆ្នាំ​២០១៧ ក្រោម​បទ​ចោទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាថិ៍ និង​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​។ ការ​ឃុំ​ខ្លួន​នេះ​ធ្វើ​ឡើង​តាម​បណ្ដឹង​លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ដែល​ប្ដឹង​អ្នក​វិភាគ​រូប​នេះ​អំពី​ការ​ចោទ​បក្ស​កាន់​អំណាច​ថា​ជា​អ្នក​នៅ​ពី​ក្រោយ​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី​។

គួរ​ជម្រាប​ជូន​ថា រឿង​រ៉ាវ​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១១ កុម្ភៈ ឆ្នាំ​២០១៧ ក្នុង​ពេល​អ្នក​វិភាគ​សង្គម​រូប​នេះ​បាន​ធ្វើ​អត្ថាធិប្បាយ​ក្នុង​ស្ថានីយ៍​វិទ្យុ​អន្តរជាតិ​មួយ​ជុំវិញ​ការ​សម្លាប់​លោក​បណ្ឌិត​កែម ឡី។ ភ្លាមៗ​នៅ​រំលង​មិន​ដល់​មួយ​ថ្ងៃ​ស្រួល​បួល​ផង លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ចេញ​បញ្ជា​ឱ្យ​មេធាវី​ប្តឹង​លោក​ គឹម សុខ ទៅ​កាន់​តុលាការ។

ថ្ងៃ​ទី ១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ដំណើរ​ការ​នីតិវិធី​តុលាការ​បាន​ចាប់​ផ្តើម។ ​គឺ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ប្តឹង​អ្នក​វិភាគ​រូប​នេះ ទាមទារ​សំណង​ជំងឺ​ចិត្ត​៥០​ម៉ឺន​ដុល្លារ ពី​ព្រោះ​បើ​តាម​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ការ​អត្ថាធិប្បាយ​របស់​លោក​គឹម សុខ បាន​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា​ថា​អ្នក​នៅ​ពី​ក្រោយ​ឃាតកម្ម។

ក្រៅ​ពី​បណ្តឹង​ខាង​លើ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ប្តឹង​លោក គឹម សុខ មួយ​បណ្តឹង​បន្ថែម​ទៀត​ពី​បទ«ចោទ​រដ្ឋាភិបាល​បច្ចុប្បន្ន​បាន​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​មួយ ដែល​មាន​ការ​សម្លាប់​មនុស្ស​ហើយ ​រក​មុខ​ឃាតករ​មិន​ឃើញ» ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​១០​លាន​រៀល ដែល​ស្មើ​នឹង​២​ពាន់​៥​រយ​ដុល្លារ។ សរុប​លោក​គឹម សុខ​មាន​បណ្តឹង​ជាប់​ខ្លួន​ចំនួន​ពីរ​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ប្តឹង​ក្រោយ​ការ​អត្ថាធិប្បាយ​នេះ ។

នៅ​ថ្ងៃ​ទី ១៧ កុម្ភៈ លោក​គឹម សុខ ត្រូវ​បាន​ប៉ូលិស​ចាប់​ដាក់​រថយន្ត​ចេញ​ពី​តុលាការ​ក្រុង​ភ្នំពេញ​ទៅ​កាន់​មន្ទីរ​ឃុំឃាំង​ព្រៃ​ស​ ខណៈ​ដែល​ប្រជាពលរដ្ឋ​ដែល​ឈរ​នៅ​ក្រៅ​របង​តុលាការ​មួយ​ក្រុម​ស្រែក​ថា​អយុត្តិធម៌ និង​រិះគន់​តុលាការ​កម្ពុជា​ជា​ខ្លាំង​។

ខណៈ​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ លោក គឹម សុខ, កាល​ពី​ថ្ងៃ​ទី ២៨ ឧសភា មុន​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់ អាណត្តិ​ទី​៤​នេះ លោក​បាន​ធ្វើ​កូដកម្ម​បង្អត់​អាហារ​រយៈពេល​១​សប្តាហ៍ ដើម្បី​អង្វរ​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​បោះ​ឆ្នោត​គ្រប់ៗ​គ្នា​ដើម្បី ផ្លាស់​ប្តូរ​មេ​ដឹក​នាំ​ទំាង​នៅ​មូលដ្ឋាន និង ថ្នាក់​ជាតិ។

ចំពោះ​ការ​ចាប់​ខ្លួន​លោក​គឹម សុខ ក្រុម​អ្នក​វិភាគ​នៅ​កម្ពុជា​បាន​អះអាង​ថា​ ​វា​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​ក្នុងការ​បញ្ចេញ​មតិ​ ដែល​គ្មាន​អ្នក​ណា​ហ៊ាន​អត្ថាធិប្បាយ​ទៀត​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ