អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ហ៊ុន សែន បបួល​លោក វន ពៅ បង្កើត​មូលនិធិ​ជួយ​អ្នក​ធាក់​ស៊ីក្លូ ជាមួយ​ទឹក​ប្រាក់​១០០​លាន​រៀល

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី ០៣ មករា នេះ បាន​ប្រកាស​បង្កើត​មូលនិធិ​ជួយ​អ្នក​ធាក់​ស៊ីក្លូ ដោយ​បាន​បបួល​លោក វន ពៅ ប្រធាន​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ចូល​រួម​ជាមួយ​ផង។ លោក វន ពៅ ដែល​ត្រូវ​បាន​គេ​ដឹង​ថា ធ្លាប់​បាន​ចូល​រួម​ដឹក​នាំ​កម្មករ​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល កាល​ពី​ដើម​ឆ្នាំ​២០១៤​នោះ បាន​សំដែង​ការ​អប​អរ​សាទរ​ចំពោះ​គំនិត​ផ្តួច​ផ្តើម​នេះ ​តែ​លោក​នៅ​មិន​ទាន់​សម្រេច​ចិត្ត​នៅ​ឡើយ​ទេ​ថា គួរ​ចូល​រួម​ឬ​អត់។

លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ចុះ​ទៅ​ជួប​ជាមួយ​កម្មករ កម្មការិនី​ចំនួន​ជាង​១​ម៉ឺន​៤​ពាន់​នាក់ មក​ពី​រោងចក្រ​ចំនួន​១៥ ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ នា​ពេល​កន្លង​មក
លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ចុះ​ទៅ​ជួប​ជាមួយ​កម្មករ កម្មការិនី​ចំនួន​ជាង​១​ម៉ឺន​៤​ពាន់​នាក់ មក​ពី​រោងចក្រ​ចំនួន​១៥ ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ នា​ពេល​កន្លង​មក @Samdech Hun Sen, Cambodian Prime Minister
ផ្សាយពាណិជ្ជកម្ម

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល នៅ​ថ្ងៃ​ទី ០៣ មករា​នេះ ដោយ​បបួល​លោក វន ពៅ ប្រធាន​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​ធ្លាប់​តែ​ប្រឆាំង​នឹង​រូប​លោក ឲ្យ​ចូល​រួម​បង្កើត​មូលនិធិ​ជួយ​ទ្រទ្រង់​ដល់​អ្នក​ធាក់​ស៊ីក្លូ​នៅ​កម្ពុជា ដោយ​ចាប់​ផ្តើម​ជាមួយ​ទឹក​ប្រាក់​១០០​លាន​រៀល និង​ការ​បង់​ប្រាក់​ប្រចាំ​ខែ​១០​លាន​រៀល​បន្ថែម​ទៀត។ នេះ​បើ​តាម​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ក្នុង​ពេល​ជួប​ជាមួយ​កម្មករ​ជាង​១​ម៉ឺន​នាក់ កាល​ពី​ព្រឹក​ថ្ងៃ​ទី ០៣ មករា​នេះ។ មូលនិធិ​នេះ នឹង​ស្ថិត​នៅ​ក្រោម​ការ​ចាត់​ចែង​របស់​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ដោយ​មាន​ការ​ចូល​រួម​ពី​ប្រធាន​សមាគម​ស៊ីក្លូ​នៅ​កម្ពុជា​ផង។

កាល​ពី​ពេល​ថ្មីៗ​នេះ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​លោក វន ពៅ ប្រធាន​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ វិល​ត្រលប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ បន្ទាប់​ពី​មាន​សេចក្តី​រាយការណ៍​ថា លោក វន ពៅ បាន​ត្រៀម​គេច​ចេញ​ពី​ប្រទេស​កម្ពុជា ដោយ​សារ​តែ​មាន​ការ​ភ្ជាប់​សកម្មភាព​បាតុកម្ម​ដែល​ដឹក​នាំ​ដោយ​លោក វន ពៅ កាល​ពី​ខែ​មករា ឆ្នាំ​២០១៤ ថា ជា​ផ្នែក​មួយ​នៃ​បដិវត្តន៍​ពណ៌ ដែល​រៀប​ចំ​ឡើង​ដោយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។ ហើយ​បើ​តាម​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ពុធ​នេះ លោក វន ពៅ បាន​ផ្ញើ​សារ​ជូន​ពរ​លោក​នៅ​ក្នុង​ឱកាស​ចូល​ឆ្នាំ​សកល​កន្លង​ទៅ​នេះ នឹង​បាន​បង្ហាញ​គំនិត​គំាទ្រ​ចំពោះ​ការ​ផ្តួច​ផ្តើម​របស់​លោក​នាយក​រដ្ឋមន្រ្តី​ផង។ លោក​បន្ត​ថា ទោះ​បី​ជា​លោក វន ពៅ ជា​នរណា​ក៏​ដោយ លោក​ចង់​ឲ្យ​មាន​ការ​អញ្ជើញ​លោក វន ពៅ ប្រធាន​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ចូល​រួម​ពិភាក្សា ក្នុង​ការ​បង្កើត​មូលនិធិ​ជួយ​ទ្រទ្រង់​ដល់​អ្នក​ធាក់​ស៊ីក្លូ​នេះ។

លោក វន ពៅ ដែល​នៅ​ជាប់​ទោស​កន្លះ​ឆ្នាំ​ទៀត នៅ​ក្នុង​សំណុំ​រឿង​បាតុកម្ម​នៅ​មុខ​រោងចក្រ​យាក​ជីង កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៤​នោះ បាន​អបអរ​សាទរ​ចំពោះ​គំនិត​ផ្តួច​ផ្តើម​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​នេះ។ ប៉ុន្តែ​លោក​នៅ​មិន​ទាន់​សម្រេច​ចិត្ត​ថា នឹង​ចូល​រួម​នៅ​ក្នុង​មូលនិធិ​នេះ​នៅ​ឡើយ​ទេ។ សម្រាប់​លោក វន ពៅ វា​លឿន​ពេក​ដែល​ឆ្លើយ​តប​ថា លោក​គួរ​ចូល​រួម​ឬ​អត់។

គួរ​ជំរាប​ជូន​ថា បច្ចុប្បន្ន​នេះ កម្ពុជា​មាន​ស៊ីក្លូ​ប្រមាណ​ជា​ ៤០០ គ្រឿង និង​មាន​អ្នក​ប្រកប​របរ​ជា​អ្នក​ធាក់​ស៊ីក្លូ​នេះ​ប្រមាណ​ជា​១៥០​ទៅ​១៦០​នាក់ ដែល​ភាគ​ច្រើន គឺ​ជា​មនុស្ស​ចាស់។ យ៉ាង​ណា​ក៏​ដោយ ថ្លែង​នៅ​ក្នុង​ពិធី​ជួប​ជុំ​ជាមួយ​កម្មករ​កាត់​ដេរ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​នេះ​ដែរ លោក​នាយក​រដ្ឋមន្រ្តី​ក៏​បាន​ប្រកាស​ឲ្យ​អ្នក​ធាក់​ស៊ីក្លូ​ទាំង​អស់ ទទួល​បាន​ការ​ព្យាបាល​ជម្ងឺ ដោយ​ឥត​គិត​ថ្លៃ នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ