អានតួអត្ថបទ
កម្ពុជា

​សួន​ សេរីរដ្ឋា ថា​មេដឹកនាំ​បក្ស​សង្គ្រោះជាតិ​ គ្មាន​សមត្ថភាព ពេល​មក​ដល់​ភ្នំពេញ​ភ្លាម!

លោក​សួន សេរីរដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ដែល​ធ្លាប់​រងការ​ចោទ​ប្រកាន់​រឿង​ក្បត់​ជាតិ និង​ប៉ុនប៉ង​ផ្តួល​រលំ​រដ្ឋាភិបាល​ បាន​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​ជា​លើក​ដំបូង នៅ​ព្រឹក​ថ្ងៃ​ទី​ ០១​ខែ​តុលា​នេះ។ លើក​ដំបូង ក្រោយ​ពី​លោក​បាន​ចាក​ចេញ អស់​រយៈពេល ៨​ឆ្នាំ និង​ ៩ខែ។ គ្រាន់​តែ​ដាក់​ជើង​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ភ្លាម លោក​សួន សេរីរដ្ឋា បាន​ឆ្លៀត​ប្រាប់​អ្នក​កាសែត​ថា មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ គ្មាន​សមត្ថភាព ដូច្នេះ​ទើប​លោក​ បង្កើត​វត្តមាន​គណបក្ស​អំណាច​ខ្មែរ​ ក្នុង​ឆាក​នយោបាយ។ ក្រៅ​ពី​នោះ លោក​ក៏​បាន​បរិហារ ពី​ប្រព័ន្ធ​តុលាការ និង​នយោបាយ នៅ​កម្ពុជា​ផង​ដែរ។

លោកសួន ​សេរីរដ្ឋា​ ប្រធាន​គណបក្ស​អំណាច​ខ្មែរ​
លោកសួន ​សេរីរដ្ឋា​ ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

លោក​សួន សេរីរដ្ឋា៖ «មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​មេដឹក​នាំ ដែល​គ្មាន​សមត្ថភាព។ បើ​សិន​ជា​ខ្ញុំ​មើល​ឃើញ​ថា គេ​ជា​មេដឹកនាំ​នយោបាយ មាន​សមត្ថភាព ហើយ​ខ្ញុំ​អាច​រួបរួម ជាមួយ​គេ​បាន ខ្ញុំ​មិ​នចាំ​បាច់​បង្កើត​គណបក្ស​ថ្មី​មួយ​នេះ​ទេ។ ដូច្នេះ ខ្ញុំ​អត់​ចាប់​អារម្មណ៍​ទាំង​អស់​ អំពី​ការ​អំពាវនាវ​របស់​ពួកគេ​ ពីព្រោះ​ការ​អំពាវនាវ​របស់​ពួក​គេ វា​គ្មាន​តម្លៃ​សម្រាប់​យើង​យក​មក​ពិចារណា។ បើសិន​ជា​ពួកគេ​មាន​ គេ​ហៅថា​របៀប​វារៈ​នយោបាយ​ត្រឹម​ត្រូវ ក្នុង​នាម​ជា​ស្ថាប័ន​គណបក្ស​ គេ​ត្រូវ​តែ​អញ្ចើញ​ដោយ​ផ្លូវ​ការ »។

នេះ​គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​កាន់​អ្នក​សារព័ត៌មាន​ របស់​លោក​សួន សេរីរដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ បន្ទាប់​ពី​លោក​បាន​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ។ ជា​ដំណើរ​មក​ដល់ ដោយ​មាន​ការ​ទទួល​ស្វាគមន៍​ពី​អ្នក​គាំទ្រ​ប្រមាណ ៣០០នាក់។​ ក្រៅ​ពី​និយាយ​រិះគន់​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ហើយ លោក​សួន សេរីរដ្ឋា ក៏​បញ្ជាក់​ថា លោក​នឹង​បន្ត​រិះគន់​រដ្ឋាភិបាល​ដែរ ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​ នៅ​តែ​បន្ត​ធ្វើ​ខុស។

ក្នុង​នោះ ​លោក​សួន សេរីរដ្ឋា បាន​ឆ្លៀត​បរិហារ​ថា តុលាការ​ខ្មែរ មិន​មាន​យុត្តិធម៌​នោះ​ទេ។ លោក​ថា​ប្រព័ន្ធ​តុលាការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ មិន​មាន​លទ្ធភាព​ផ្តល់​យុត្តិធម៌ ដល់​ប្រជាពលរដ្ឋ​នោះ​ទេ។ លោក​សួន សេរីរដ្ឋា បាន​បន្ថែម​ថា នេះ​គឺ​ជា​វប្បធម៌​នយោបាយ ដែល​សូម្បី​តែ​មេដឹកនាំ​បក្ស​ប្រឆាំង ក៏​ធ្លាប់​ឆ្លង​កាត់​ដែរ។ លោក​ បាន​បញ្ជាក់​ទៀត​ថា «ចុង​ក្រោយ អ្នក​ដែល​ប្តឹង​លោក​ គឺ​ជា​អ្នក​ដែល​លើក​លែង​ទោស​ឱ្យ​លោក​ ដែល​ប្រៀប​បាន​នឹង​នៅ​លើ​ឆាក​ល្ខោន​មួយ ដែល​អ្នក​សម្តែង​តួកាច តួយក្ស តួស្លូត គឺ​ជា​មនុស្ស​តែ​ម្នាក់»។

ជុំវិញ​ឱកាស​មក​ស្រុក​ខ្មែរ​នេះ​ដែរ​  លោក​សួន សេរីរដ្ឋា បាន​បង្ហើប​ថា គណបក្ស​អំណាច​ខ្មែរ ចង់​ស្វែង​រក​ការ​ចង​សម្ព័ន្ធ​គោល​នយោបាយ​រួម ជាមួយ​នឹង​គណបក្ស​ដទៃ។ ការ​ចង​សម្ព័ន្ធ​គោល​នយោបាយ​រួម​ ដែល​លោក​ពន្យល់​ថា មិន​មែន​ជា​ការ​បង្រួប​បង្រួម​ជាមួយ​គណបក្ស​ដទៃ​នោះ​ទេ។ ហើយ​ការ​ចង​សម្ព័ន្ធ​នេះ ត្រូវ​មាន​៥​ចំណុច​ជា​គោល ដែល​ត្រូវ​ពិភាក្សា​ ​រួម​មាន ទី១ គ.ជ.ប ត្រូវ​ឯករាជ្យ កុំ​យក​កូតា​គណបក្ស​ ទៅ​ចែក​ឲ្យ​គណបក្ស​ដទៃ​ទៀត។ ទី២ ត្រូវ​លុប​ឈ្មោះជនជាតិ​វៀតណាម ដែល​គ្មាន​សញ្ជាតិ​ខ្មែរ ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត។​ ទី៣ ទាមទារ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​បរទេស មាន​សិទ្ធ​បោះឆ្នោត។ ទី៤ ត្រូវ​មាន​ច្បាប់​សម្រាប់​អ្នក​ចង់​ឈរ​ឈ្មោះ​ជា​តំណាងរាស្ត្រ ឬ​នាយក​រដ្ឋមន្ត្រី។ និង​ទី​៥ ​ត្រូវ​កំណត់​អណត្តិ​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត។​

គួរ​រម្លឹក​ជូន​ថា លោក សួន សេរីរដ្ឋា ត្រូវ​បាន​តុលាការ​កម្ពុជា កាត់​ទោស​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ៧​ឆ្នាំ ពី​បទ​ញុះញុង​ផ្តួល​រលំ​ រាជរដ្ឋាភិបាល និង​រួម​គំនិត​ក្បត់​ជាតិ។ ហើយ​លោក​បាន​រស់នៅ​សហរដ្ឋអាមេរិក អស់​រយៈពេល ៨ឆ្នាំ​ និង​ ៩ខែ។​ ប៉ុន្តែ​លោក ត្រូវ​បាន​ព្រះមហាក្សត្រ ចេញ​ព្រះ​រាជក្រិត​លើកលែង​ទោស​វិញ បន្ទាប់​ពី​មាន​សំណើរ​ ពី​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​ ១០​ខែ​កក្កដា ឆ្នាំ ២០១៥៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ