អានតួអត្ថបទ
កម្ពុជា

​លោកស ខេង ធ្វើ​ដំណើរ​ទស្សនៈកិច្ច​ទៅ​វៀតណាម ក្រោយ​ចប់​ថ្ងៃ​ ៧មករា

លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ម្សិល​មិញ​បាន​ដឹកនាំ​គណៈប្រតិភូ​របស់​លោក​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម​រយៈពេល ៣​ថ្ងៃ។ ដំណើរ​ទស្សនៈកិច្ច​នេះ ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ពិនិត្យ​លើ​កិច្ច​ព្រម​ព្រៀង​រវាង​ប្រទេស​ទាំង​ពីរ ដែល​បាន​ចុះ​ហត្ថលេខា​នា​ពេល​កន្លង​មក។ ជា​ដំណើរ​ទស្សនៈកិច្ច ដែល​ធ្វើ​ឡើង​ក្រោយ​ពី​កម្ពុជា បាន​ប្រារព្ធ​ខួប​លើក​ទី​ ៣៨​ឆ្នាំ នៃ​ជ័យ​ជំនះ​លើ​របប​កម្ពុជា​ប្រជាធិបតេយ្យ។

លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង។
លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង។ @RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

លោក​ខៀវ សុភ័គ្រ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា​ដំណើរ​ទស្សនៈកិច្ច​នេះ ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ដែល​នេះ​ការ​ផ្លាស់​ប្តូរ​ទស្សនៈកិច្ច​រវាង​ប្រទេស​ទាំង​ពីរ ដើម្បី​ពិនិត្យ​មើល​លើ​កិច្ច​ព្រមព្រៀង របស់​ភាគី​ទាំង​ពីរ​ធ្លាប់​បាន​ចុះ​ហត្ថលេខា​ជាមួយ​គ្នា​កន្លង​មក។ ដំណើរ​ទស្សនៈ​​កិច្ច​នេះ ក៏​ផ្តោត​ជា​សំខាន់​លើ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ក្រសួង​នគរបាល​វៀតណាម និង​ក្រសួង​មហាផ្ទៃ​វៀតណាម។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌​វៀតណាម​នៅ​ថ្ងៃ​ទី​១០ ខែ​មករា បាន​ឲ្យ​ដឹង​ថា​លោក​ស ខេង បាន​ជួប​ជាមួយ​នាយក​រដ្ឋ​មន្ត្រី​វៀតណាម លោក Nguyen Xuan Phuc និង​ប្រធានាធិបតី​វៀតណាម​លោក Trần Đại Quang កាល​ពី​ថ្ងៃ​ទី​ ៩ ខែ​មករា នៅ​ទីក្រុង​ហាណូយ។

ក្នុង​ជំនួប​នោះ ប្រធានាធិបតី​វៀតណាម​បាន​លើក​ឡើង​ថា​ចំណង​ទំនាក់​ទំនង​របស់​ក្រសួង​ទាំង​ពីរ ពោល​គឺ​ក្រសួង​សន្តិសុខ​ជាតិ​វៀតណាម និង​ក្រសួង​មហាផ្ទៃ​កម្ពុជា ដែល​កំពុង​លូតលាស់​នៅ​ពេល​នេះ បាន​ឆ្លុះ​បញ្ចាំង​ពី​កិច្ច​សហប្រតិបត្តិការ​ដ៏​មាន​ប្រសិទ្ធភាព​រវាង​កម្ពុជា និង​វៀតណាម នៅ​ក្នុង​កិច្ច​ការពារ​សន្តិសុខ​ជាតិ សណ្តាប់​ធ្នាប់​សង្គម សុវត្ថិភាព ការ​ពង្រឹង​សន្តិភាព និង​ស្ថេរភាព។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​វៀតណាម Vietname News។

លោក​ស ខេង ក្នុង​ជំនួប​ជាមួយ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​វៀតណាម​បាន​ថ្លែង​ថា ដំណើរ​ទស្សនៈ​កិច្ច​របស់​លោក​នៅ​ពេល​នេះ គឺជា​ឱកាស ដើម្បី​បង្ហាញ​ពី​ការ​ដឹង​គុណ​ចំពោះ​វៀតណាម និង​ពលរដ្ឋ​វៀតណាម ដែល​បាន​រំដោះ​ប្រទេស​កម្ពុជា​ចេញ​ពី​របប​ខ្មែរ​ក្រហម។ ​លោក​ស សខេង បញ្ជាក់​ថា បើ​គ្មាន​ជ័យ​ជំនះ​ថ្ងៃ​ ៧​មករា ១៩៧៩​ទេ ប្រជាពលរដ្ឋ​កម្ពុជា​នឹង​គ្មាន​សុភមង្គល​ដូច​សព្វ​ថ្ងៃ​នេះ​ឡើយ។

ចំណែក​ជំនួប​ដាច់​ដោយ​ឡែក​មួយ​ទៀត​រវាង​នាយក​រដ្ឋ​មន្ត្រី​វៀតណាម​ក្នុង​ថ្ងៃ​ដដែល​នោះ លោក​នាយក​រដ្ឋ​មន្ត្រី​វៀតណាម​បាន​ជូនពរ​កម្ពុជា​ឲ្យ​ទទួល​បាន​ជោគជ័យ​សម្រាប់​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ក្នុង​ខែ​មិថុនា ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​សកល​ខែ​កក្កដា ឆ្នាំ​២០១៨​ខាង​មុខ។ នាយក​រដ្ឋ​មន្ត្រី​វៀតណាម​បាន​ស្នើ​ឲ្យ​ភាគី​កម្ពុជា​បង្កើត​លក្ខខណ្ឌ​អំណោយ​ផល​សម្រាប់​សហគមន៍​ជន​វៀតណាម​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ដោះស្រាយ​ជីវិត​របស់​ពួក​គេ ដែល​នេះ​គឺ​ជា​ការ​រួម​ចំណែក​ដល់​ការ​ពង្រឹង​ទំនាក់​ទំនង​ទ្វេភាគី​ប្រទេស​ទាំង​ពីរ។

សូម​បញ្ជាក់​ថា​ដំណើរ​ទស្សនៈ​កិច្ច​របស់​លោក​ឧបនាយក​រដ្ឋ​មន្ត្រី ស ខេង នៅ​ពេល​នេះ​ធ្វើ​ឡើង ក្រោយ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​ធ្វើ​ដំណើរ​ទស្សនៈ​កិច្ច​ផ្លុវ​រដ្ឋ​មួយ​ទៅ​ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​ទី​ ២០ ដល់​ថ្ងៃ​ទី​២១ ខែធ្នូ​ ឆ្នាំ​២០១៦​កន្លង​ទៅ។ ក្នុង​ដំណើរ​ទស្សនៈកិច្ច​នោះ លោក​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា និង​នាយក​រដ្ឋ​មន្ត្រី​វៀតណាម​ក៏​បាន​ធ្វើ​សាក្សី​ក្នុង​ពិធី​ចុះ​កិច្ចព្រមព្រៀង​ចំនួន ៣ រវាង​កម្ពុជា និង​វៀតណាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ