អានតួអត្ថបទ
កម្ពុជា

សកម្មជន​ព្រះ​សង្ឃ​ដ៏​លេច​ធ្លោ​មួយ​អង្គ ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កោះ​ហៅ​ជា​លើកទី​៣​ក្នុង​បណ្តឹង​បរិហាកេរ្តិ៍​

សកម្មជន​ព្រះសង្ឃ​ដ៏​លេចធ្លោ​មួយអង្គ ព្រះនាម ប៊ុត ប៊ុន​តិ​ញ ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ ចេញ​​ដីកា​កោះហៅ​ជា​លើក​ទី៣ ឲ្យ​និមន្ត​ទៅ​បំភ្លឺ​នៅ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​​ព្រឹក​ថ្ងៃទី១៧ខែមីនា​ខាងមុខ។ ព្រះ​តេជគុណ ប៊ុត ប៊ុន​តិ​ញ ដែល​គេ​ដឹងថា ជា​ស្ថាបនិក​បណ្តាញ​​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម​និង​បរិស្ថាន បាន​រង​បណ្តឹង​បរិហារកេរ្តិ៍​ជា​សាធារណៈ​របស់ ​លោក ម៉ម សូណង់ដូរ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ កាលពី​ខែកញ្ញា​ឆ្នាំមុន។ ព្រះ​តេជ​គណ ប៊ុត ប៊ុន​តិ​ញ ដែល​កំពុង​ស្ថិតនៅ​សហរដ្ឋអាមេរិក បាន​មាន​សង្ឃដីកា​បញ្ជាក់ថា ព្រះអង្គ​មិនអាច​ចូល​បំភ្លឺ​តាម​ការកំណត់​នេះ​ទេ។

ព្រះតេជគណ ​ប៊ុត ប៊ុនតិញ​ ក្នុង​ពេល​មាន​សង្ឃ​ដីកា​នៅ​ក្នុង​សកម្មភាព​សង្គម​នា​ពេល​កន្លង​មក​។​
ព្រះតេជគណ ​ប៊ុត ប៊ុនតិញ​ ក្នុង​ពេល​មាន​សង្ឃ​ដីកា​នៅ​ក្នុង​សកម្មភាព​សង្គម​នា​ពេល​កន្លង​មក​។​ @Facebook
ផ្សាយពាណិជ្ជកម្ម

សកម្មជន​ព្រះសង្ឃ​ដ៏​លេចធ្លោ ព្រះ​តេជ​គណ ប៊ុត ប៊ុន​តិ​ញ ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ​ចេញ​ដីកា​កោះហៅ​ជា​លើក​ទី៣ ឲ្យ​និមន្ត​ទៅកាន់​តុលាការ​ក្រុងភ្នំពេញ នៅ​ថ្ងៃទី១៧មីនា​សប្តាហ៍​ក្រោយនេះ ជុំវិញ​ពាក្យបណ្តឹង​របស់លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ។ នេះ​បើ​យោងតាម​ដីកា​ដែល​ចេញ​ដោយ​លោក ស្រី ម៉ា​កនី ព្រះរាជ​អាជ្ញារង​​អម​តុលាការក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី១០ មីនា ម្សិលមិញ​នេះ។

 
លោក ម៉ម សូណង់ដូ ដែល​បាន​ប្តឹង​ព្រះ​តេជ​គណ ប៊ុត ប៊ុន​តិ​ញ ពីបទ​បរិហាកេរ្តិ៍​ជា​សាធារណៈ កាលពី​ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០១៣ ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត១ម៉ឺន​រៀល និង​ស្នើ​សុំ​​ឲ្យ​តុលាការ​ពិចារណា​ផ្សឹក​ព្រះ​តេជគុណ ប៊ុត ប៊ុន​តិ​ញ។

ពាក្យបណ្តឹង​របស់លោក ម៉ម សូណង់ដូ កាលណោះ គឺ​បន្ទាប់ពី​ព្រះអង្គ ប៊ុត ប៊ុន​តិ​ញ បាន​មាន​សង្ឃដីកា​ថា ការ​ចេញមក​បង្កើត​គ​ណ​បក្ស​ឡើងវិញ​របស់លោក ម៉ម សូណង់ដូ គឺ​ដោយសារតែ​លោក​អាក់អន់ស្រពន់ចិត្ត​ចំពោះ​លោក សម រង្ស៊ី ដែល​មិនបាន​ផ្តល់​តួនាទី​អ្វី​សោះ​ដល់​លោក​នៅក្នុង​ជួរ​ដឹកនាំ​គណបក្សប្រឆាំង ក្រោយពី​បោះឆ្នោតជាតិ​កាលពី​ឆ្នាំ២០១។ ប៉ុន្តែ​លោក ម៉ម សូណង់ដូ ដែល​បច្ចុប្បន្ន​មាន​វ័យ៧៥ឆ្នាំ​ទៅហើយនោះ បាន​ចាត់ទុកថា ការអត្ថាធិប្បាយ​របស់​ព្រះ​តេជ​គណ ប៊ុត ប៊ុន​តិ​ញ ជា​រឿង​មិន​ពិត និង​ជាការ​បរិហាកេរ្តិ៍​រូបលោក។

សូមបញ្ជាក់ថា នេះ​គឺជា​លើក​ទី៣ហើយ ដែល​ព្រះរាជអាជ្ញារង តុលាការក្រុង​ភ្នំពេញ លោក ស្រី ម៉ា​កនី បានចេញ​ដីកា​កោះហៅ​សកម្មជន​ព្រះសង្ឃ​ដ៏​លេចធ្លោ ហើយ​ដែលមាន​សមាន​ចិត្ត​​ចំពោះ​គណបក្សប្រឆាំង​អង្គ​នេះ​ទៅកាន់​តុលាការ។ កាលពី​ថ្ងៃទី២១ ខែវិច្ឆិកា តុលាការ​ក្រុង​​ភ្នំពេញ ក៏បាន​ចេញ​ដីកា​កោះហៅ​ព្រះអង្គ​ឲ្យ​ចូល​បំភ្លឺ​នៅ​តុលាការ​ម្តង​រួចមកហើយ ប៉ុន្តែ​ព្រះអង្គ​បាន​ខកខាន។ យ៉ាងណាក្តី នៅ​លើក​ទី៣នេះ ព្រះ​តេជ​គណ ប៊ុត ប៊ុន​តិ​ញ បាន​មាន​សង្ឃដីកា​ពី​សហរដ្ឋអាមេរិក​បញ្ជា​ក់ថា បើទោះបីជា​ព្រះអង្គ​មិនអាច​ចូល​បំភ្លឺ​តាម​ការកំណត់​របស់​តុលាការ​ក្តី ប៉ុន្តែ​ព្រះអង្គ​នឹង​ពឹងពាក់​មេធាវី​ម្នាក់ ដើម្បី​ជួយ​ការពារ​ក្តី នឹង​ចូលខ្លួន​ជំនួស​នៅ​ថ្ងៃទី ១៧ មីនា​សប្តាហ៍​ក្រោយនេះ។ ព្រះ​តេជ​គណ​ប៊ុត ប៊ុន​តិ​ញ ដែល​កំពុង​ស្ថិតនៅ​សហរដ្ឋអាមេរិក បានចាត់ទុក​ដីកាកោះ​ហៅ​ជា​លើក​ទី៣នេះ​ថា គឺជា​ការគំរាមកំហែង​ព្រះអង្គ មិន​ឲ្យ​វិលត្រឡប់​ចូលមក​កាន់​ប្រទេស​កម្ពុជា​វិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ