អានតួអត្ថបទ
កម្ពុជា

តើ​​ដំណើរការ​បោះ​ឆ្នោត​ព្រឹទ្ធសភា ឆ្នាំ​២០១៨ ប្រព្រឹត្តទៅ​យ៉ាង​ដូច​ម្ដេច​ខ្លះ?

​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា នឹង​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី​១៤​មករា​ឆ្នាំ​២០១៨​។ ការ​បោះ​ឆ្នោត​នីតិកាល​ទី​៤​ ឆ្នាំ​២០១៨​នេះ មាន​ការ​ប្រែ​ប្រួល​ខ្លះ​ៗ​ខុស​ពី​ការ​បោះ​ឆ្នោត​នីតិកាល​ទី​៣។

កិច្ច​ប្រជុំ​ព្រឹទ្ធសភាកម្ពុជា​នា​ពេល​កន្លង​មក​។
កិច្ច​ប្រជុំ​ព្រឹទ្ធសភាកម្ពុជា​នា​ពេល​កន្លង​មក​។ ព្រឹទ្ធសភា
ផ្សាយពាណិជ្ជកម្ម

ចំនួន​អាសនៈ​ព្រឹទ្ធសភា កើន​ឡើង​ពី​៦១ ទៅ​៦២​អាសនៈ​។ សមាជិក​ព្រឹទ្ធសភា​ចំនួន​៤​រូប​ត្រូវ​តែងតាំង​ដោយ​ព្រះ​មហាក្សត្រ​និង​រដ្ឋសភា និង​៥៨​រូប​ទៀត នឹង​ត្រូវ​បោះ​ឆ្នោត​ជ្រើស​តាំង​តាម​រយៈ​ការ​បោះ​ឆ្នោត​អសកល​។ ​អ្នក​បោះ​ឆ្នោត​នៅ​អាណត្តិ​នេះ​ដែល​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ កើន​ឡើង​ពី​១១,៤៧៦​នាក់ ដល់​១១,៦៩៥​នាក់​។ រី​ឯ​រយៈ​ពេល​នៃ​ការ​ឃោសនា​បោះ​ឆ្នោត ត្រូវ​កាត់​បន្ថយ​ពី​២១​ថ្ងៃ មក​ត្រឹម​១៤​ថ្ងៃ​វិញ​។

ចំពោះ​ដំណើរការ​បោះ​ឆ្នោត​វិញ គឺ​ដូច​គ្នា​ទៅ​នឹង​ការ​បោះឆ្នោត​មុន​ៗ​ដែរ។ ក្នុង​នោះ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៩​តុលា រហូត​ដល់​ថ្ងៃ​ទី​១​វិច្ឆិកា​។ នៅ​ពេល​ចុះ​ឈ្មោះ​រួច​ហើយ អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​និង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ត្រូវ​បញ្ជូន​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ទៅគ.ជ.ប ដើម្បី គ.ជ.ប រៀប​ជា​បញ្ជី​បោះ​ឆ្នោត​ដំបូង​។ បញ្ជី​នេះ​នឹង​ត្រូវ​បិទ​ផ្សាយ​ជា​សាធារណៈ​នៅ​តាម​រាជធានី​ខេត្ត នៅ​ថ្ងៃ​ទី​២៥​វិច្ឆិកា​។

ក្នុង​ករណី​ដែល​មាន​បណ្ដឹង​តវ៉ា​ជំទាស់​នឹង​បញ្ជី​បោះ​ឆ្នោត​ដំបូង គណៈកម្មការរាជធានី​ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត ត្រូវ​ដោះស្រាយ​ក្នុង​រយៈ​ពេល​៣​ថ្ងៃ​យ៉ាង​យូរ​បន្ទាប់​ពី​ទទួល​បាន​ពាក្យ​បណ្ដឹង​។ ប្រសិន​បើ​មិន​ពេញ​ចិត្ត​ការ​សម្រេច​របស់​គណៈកម្មការ​រាជធានី​ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត ម្ចាស់​បណ្ដឹង​អាច​ប្ដឹង​បន្ត​ទៅ​កាន់ គ.ជ.ប និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ជា​បន្ត​បន្ទាប់​។

នៅ​ពេល​ដែល​បណ្ដឹង​តវ៉ា និង​បណ្ដឹង​ជំទាស់​ត្រូវ​បាន​ដោះ​ស្រាយ​ចប់​ជា​ស្ថាពរ គ.ជ.ប នឹង​រៀបចំ​បញ្ជី​បោះ​ឆ្នោត​តាម​ទម្រង់​ដែល​បាន​កំណត់ និង​ផ្ដល់​សុពលភាព​ជា​បញ្ជី​បោះ​ឆ្នោត​ផ្លូវ​ការ​​។ ប្រតិទិន​របស់ គ.ជ.ប បង្ហាញ​ថា ការ​ផ្ដល់​សុពលភាព​បញ្ជី​បោះ ឆ្នោត​ផ្លូវ​ការ ធ្វើ​នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៧ មុន​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៨​។ គួរ​ជម្រាបជូនដែរ​ថា ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​ឆ្នាំ​២០១៨​នេះ រៀបចំ​ធ្វើ​នៅ​៨​មណ្ឌល​ទូទាំង​ប្រទេស ដែល​មាន​ចំនួន​ការិយាល័យ​បោះ​ឆ្នោត​សរុប ចំនួន​៣៣ ការិយាល័យ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ