អានតួអត្ថបទ
កម្ពុជា-បរិស្ថាន

រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន៖ កម្ពុជា​ទទួល​បាន​ជោគ​ជ័យ លើ​កិច្ចការពារ​និង​អភិរក្ស​ជីវៈ​ចម្រុះ

រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​លោក សាយ សំអាល់ បាន​អះ​អាង​នៅ​ថ្ងៃ​នេះ​ថា កម្ពុជា​ទទួល​បាន​ជោគ​ជ័យ លើ​កិច្ចការពារ​និង​អភិរក្ស​ជីវៈ​ចម្រុះ។ ការ​ថ្លែង​របស់​លោក​រដ្ឋមន្រ្តី បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពេល​ដែល​កម្ពុជា កំពុង​ប្រារព្ធ​ទិវា ​ ជីវៈចម្រុះ​អន្តរជាតិ ថ្ងៃ​ទី ២២ ឧសភា ​ឆ្នាំ​២០១៧ ក្រោម​ប្រធាន​បទ​ “ជីវៈចម្រុះ និង​ទេសចរណ៍​ប្រកប​ដោយ​និរន្តរភាព​"។

រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​លោក សាយ សំអាល់ នៅ​ក្នុង​ទិវា "ជីវៈ​ចម្រុះ​អន្តរជាតិ" ថ្ងៃ​ទី ២២ ឧសភា។
រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​លោក សាយ សំអាល់ នៅ​ក្នុង​ទិវា "ជីវៈ​ចម្រុះ​អន្តរជាតិ" ថ្ងៃ​ទី ២២ ឧសភា។
ផ្សាយពាណិជ្ជកម្ម

 ដោយ​ផ្អែក​លើ​ការ​កែ​ទម្រង់​លើ​វិស័យ​បរិស្ថាន​ក្នុង​រយៈ​ពេល​ថ្មី​ៗ​នេះ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន លោក​សាយ សំអាល់ បាន​អះអាង​ថា កម្ពុជា​ទទួល​បាន​ជោគ​ជ័យ លើ​កិច្ច​ការពារ និង​អភិរក្ស​ជីវៈ​ចម្រុះ​នៅ​កម្ពុជា។ នោះ​បើ​ផ្អែក​លើ​ការ​ពង្រីក​លើ​ផ្ទៃ​ដី​តំបន់​ការពារ​ធម្មជាតិ​ ដែល​បាន​កើន​ឡើង​រហូត​ដល់​ទៅ ៧,៥​លាន​ហិច​តា ស្មើ​នឹង ៤១%​នៃ​ផ្ទៃ​ប្រទេស​។ ​លោក​បន្ត​ថា ចំនួន​នេះ​ បាន​កើន​ឡើង​ច្រើន​ជាង ​២​ដង ​នៃ​គោល​ដៅ​ជីវៈចម្រុះ​សកល​ ដែល​បាន​កំណត់​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​លើក​ទី​១០ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ឯ​ប្រទេស​ជប៉ុន​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​រដ្ឋមន្រ្តី នៅ​ក្នុង​ទិវា “ជីវៈ​ចម្រុះ​អន្តរជាតិ ថ្ងៃ​ទី ២២ ឧសភា ឆ្នាំ​២០១៧ ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទីក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី ២២ ឧសភា​នេះ។

បើ​តាម​លោក​រដ្ឋមន្រ្តី ភាព​ជោគ​ជ័យ​រហូត​មក​ទល់​ពេល​នេះ គឺ​អាស្រ័យ​ដោយ​មាន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង និង​ការ​លះ​បង់​ខ្ពស់​របស់​មន្ត្រី​ទាំង​អស់ ក្នុង​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់។ លោក​រដ្ឋមន្រ្តី បាន​ហៅ ផែនការ និង​យុទ្ធសាស្រ្ត​ ​ដែល​ក្រសួង​បាន​ដាក់​ឲ្យ​អនុវត្ត​នា​ពេល​បច្ចុប្បន្ន​នេះថា​ បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ច្បាស់​ពី​ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​គ្រប់​គ្រង​ធនធាន​ធម្មជាតិ​ សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ ហើយ​ដែល​គោលការណ៍​នេះ ​បាន​ដើរ​ទន្ទឹម​គ្នា​ជា​មួយ​និង​និន្នាការ​ពិភព​លោក​ផង។

គួរ​ជំរាប​ជូន​ថា ដើម្បី​ទប់​ទល់​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ និង​ធានា​នូវ​លំនឹង​បរិស្ថាន​ធម្មជាតិ រួម​ទាំង​បង្កើន​ការ​យល់​ដឹង​ពី​តម្លៃ​ដ៏​ធំ​ធេង​នៃ​ធនធាន​ជីវៈ​ចម្រុះ​នោះ អង្គការ​សហប្រជាជាតិ បាន​កំណត់​យក​ថ្ងៃ​ទី ២២ ឧសភា ដើម្បី​ប្រារព្ធ​ទិវា​ ជីវៈចម្រុះ​អន្តរជាតិ ប្រចាំ​ឆ្នាំ ២០១៧ ក្រោម​ប្រធាន​បទ “ជីវចម្រុះ និង​ទេសចរណ៍​ប្រកប​ដោយ​និរន្តរភាព”។ សម្រាប់​កម្ពុជា ដើម្បី​អបអរ​សាទរ​ទិវា​ជីវៈ​ចម្រុះ​នេះ ក្រសួង​បរិស្ថាន​ក្នុង​នាម​ជា​អគ្គលេខាធិការ​ដ្ឋាន​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ជា​ហត្ថលេខី​នៃ​អនុសញ្ញា​នេះ ក៏​បាន​ប្រារព្ធ​ទិវា​នេះ នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ទេសចរណ៍​ចំនួន ៤​ទៀត រួម​មាន ខេត្ត​សៀមរាប មណ្ឌលគីរី ខេត្ត​កំពត និង​ខេត្ត​កែប ដោយ​មាន​ការ​ប្រកួត​ប្រជែង​ឆ្លើយ​សំណួរ និង​ថត​រូប​ស្តីពី​ជីវៈ​ចម្រុះ Post និង Share នៅ​លើ​បណ្តាញ​សង្គម​ហ្វេសបុក (Facebook) ដើម្បី​យក​រង្វាន់​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ