អានតួអត្ថបទ
កម្ពុជា

ឆ្នាំថ្មី៖ បក្ស​ប្រឆាំង​អំពាវនាវ​ឱ្យ​មាន​យុត្តិធម៌ និង​បញ្ចប់​ជម្លោះ​នយោបាយ

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣១ ធ្នូ​នេះ មេដឹកនាំ​នយោបាយ​ខ្មែរ បាន​បញ្ចេញ​សារ​ជូន​ពរ​រៀង​ៗ​ខ្លួន​ដល់​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស​សម្រាប់​ឆ្នាំ​ថ្មី​២០១៦។ នៅ​ក្នុង​នោះ​មាន​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក សម រង្ស៊ី និង​លោក កឹម សុខា ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ។ មេដឹកនាំ​បក្ស​ប្រជាជន​មិន​បាន​យក​សារ​នយោបាយ​អ្វី​ធំ​ដុំ​នោះ​ទេ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​អំពាវនាវ​ឱ្យ​មាន​យុត្តិធម៌ និង​បញ្ចប់​ជម្លោះ​នយោបាយ។

លោក ​សម រង្ស៊ី​ ប្រធាន​​គណ​បក្ស​​សង្គ្រោះ​​ជាតិ​
លោក ​សម រង្ស៊ី​ ប្រធាន​​គណ​បក្ស​​សង្គ្រោះ​​ជាតិ​ RFI/Siv Chana
ផ្សាយពាណិជ្ជកម្ម

ការ​បញ្ចប់​ជម្លោះ​នយោបាយ​នៅ​កម្ពុជា និង​ការ​អំពាវ​នាវ​ឱ្យ​មាន​យុត្តិធម៌ គឺ​ជា​សារ​នយោបាយ​​សំខាន់​ពីរ​របស់​ប្រធាន និង​អនុប្រធាន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ខណៈ​ដែល​បក្ស​ប្រជាជន​កម្ពុជា​មិន​មាន​ថ្លែង​សារ​នយោបាយ​អ្វី​សំខាន់​សម្រាប់​ឆ្នាំ​ថ្មី​២០១៦​នោះ​ទេ។ ក្រៅ​ពី​ជូន​ពរ​ដល់​ពលរដ្ឋ​ក្នុង​និង​ក្រៅ​ប្រទេស​ឱ្យ​មាន​សេចក្តី​សុខ​ហើយ​នោះ លោក​កឹម សុខា​ប្រធាន​ស្តីទី​គណបក្ស​ប្រឆាំង​បាន​អំពាវនាវ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​ទាំង​អស់ បញ្ឈប់​នូវ​ការ​គុំគួន ការ​សង​សឹក ការ​គំរាម​កំហែង និង​ការ​បំភិត​បំភ័យ​នានា។  ជា​ពិសេស​អនុប្រធាន​រូប​នេះ បាន​អំពាវនាវ​ឲ្យ​មាន​ការ​ជួប​ជជែក​គ្នា​រវាង​អ្នក​នយោបាយ​ខ្មែរ ធ្វើ​យ៉ាង​ណា​បញ្ចប់​នូវ​កំដៅ​នយោបាយ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ការ​ភ័យ​ខ្លាច។

ដោយ​ឡែក​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ដែល​កំពុង​គេច​ខ្លួន​នៅ​ក្រៅ​ប្រទេស បាន​ជូនពរ​ដល់​អ្នក​ដែល​កំពុង​រងគ្រោះ​ដោយ​អំពើ​អយុត្តិធម៌​ដោយសារ​ការ​រឹប​អូស​យក​ដី​ធ្លី និង​ផ្ទះ​សម្បែង​ជា​ដើម​ ឱ្យ​ផ្តើម​ឃើញ​ពន្លឺ​យុត្តិធម៌​នៅ​ក្នុង​ឆ្នាំ​ថ្មី ២០១៦​នេះ។ តាមរយៈ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន ប្រមុខ​គណបក្ស​ប្រឆាំង​កម្ពុជា ក៏​បាន​ប្តេជ្ញា​ធ្វើ​យ៉ាង​ណា​ឲ្យ​ជនជាតិ​ខ្មែរ​គ្រប់​គណបក្ស និង​គ្រប់​និន្នាការ​នយោបាយ​ជា​នា​គ្នា ស្រុះ​ស្រួល​គ្នា និង​ពួត​ដៃ​គ្នា ជា​មហា​គ្រួសារ​ខ្មែរ​តែ​មួយ ដើម្បី​ការពារ និង​ថែរក្សា​ជាតិ​មាតុភូមិ​ឲ្យ​បាន​នៅ​គង់វង្ស​ជា​និរន្តិ៍។ ចំណែក​ឯ​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន​វិញ​ដែល​កំពុង​លំហែកាយ​នៅ​ខេត្ត​ព្រះសីហនុ មិន​បាន​អំពាវនាវ​ស្វែង​រក​យុត្តិធម៌ ឬ​បញ្ហា​នយោបាយ​អ្វី​នោះ​ទេ គ្រាន់​តែ​ផ្ញើសារ​យ៉ាង​ខ្លី​ជូន​ពលរដ្ឋ​ខ្មែរ​ឱ្យ​មាន​សេចក្តីសុខ​ចំពោះ​ឆ្នាំ​ថ្មី​នេះ​តែ​ប៉ុណ្ណោះ។

សូម​បញ្ជាក់​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​បាន​កើន​ឡើង​កំដៅ​កាន់​តែ​ខ្លាំង​ព្រោះ​ថា ចុង​ក្រោយ​នេះ​ លោក កឹម សុខា ត្រូវ​បាន​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​បោះឆ្នោត​ទំលាក់​ចេញ​ពី​តំណែង​អនុប្រធាន ដោយ​ឡែក​លោក សម រង្ស៊ី​ត្រូវ​បាន​តុលាការ​កម្ពុជា​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ថែម​ទៀត​ផង។ ហើយ​ចុង​ក្រោយ​នេះ​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន​បាន​ប្រកាន់​ជំហរ​តឹង​រឹង​មិន​ព្រម​លើក​លែង​ទោស​ឱ្យ​លោក សម​ រង្ស៊ី ជា​ដាច់​ខាត។

បើ​ទោះ​បី​ជា​បែប​ណា​ក៏​ដោយ លោក​អ៊ូ វីរៈ អ្នក​វិភាគ​ស្ថាន​ភាព​នយោបាយ បាន​អះអាង​ថា​ការ​អំពាវ​នាវ​បន្ធូ​បន្ថយ​ស្ថាន​ភាព​នយោបាយ​ពី​បក្ស​ប្រឆាំង​នេះ គឺ​គ្មាន​ប្រសិទ្ធ​ភាព​នោះ​ទេ។ ហើយ​លោក​សមរង្ស៊ី​នឹង​មិន​អាច​វិល​ចូល​ប្រទេស​កម្ពុជា​រហូត​ដល់​ការ​បោះឆ្នោត​ឆ្នាំ​២០​១៨៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ