អានតួអត្ថបទ
កម្ពុជា

សមាគម​ផលិត​អំបិល​កំពត​កំពុង​ប្រឈម​នឹង​បញ្ហា!

សមាគម​ផលិត​អំបិល​កំពត​កំពុង​តែ​ប្រឈម​នឹង​បញ្ហា ដោយសារ​តែ​អំបិល​នាំ​ចូល​ពី​ក្រៅ​ប្រទេស​បាន​វាយលុក​ទីផ្សារ​របស់​ខ្លួន​នៅ​កម្ពុជា រហូត​ដ​ល់​ទៅ​៦០%។ សហប្រធាន​សហគមន៍​អ្នក​ផលិត​អំបិល​កំពត បាន​បញ្ជាក់​ឲ្យ​ដឹង នៅ​ថ្ងៃ​ទី ២៥ មិថុនា​នេះ ថា​នៅ​ក្នុង​ឆ្នាំ ២០១៥ បរិមាណ​អំបិល​សល់​នៅ​ក្នុង​ឃ្លាំង​មាន​រហូត​ដល់​ទៅ​ជិត​២៧ម៉ឺនតោន ខណៈ​ដែល​ប្រជាជន​កម្ពុជា​ជាង​ ១៤លាន​នាក់​ត្រូវ​ការ​អំបិល​ត្រឹម​តែ ៨ម៉ឺន ទៅ៩ម៉ឺន​តោន​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំៗ។

ស្រែអំបិល​នៅ​ប្រទេស​កម្ពុជា
ស្រែអំបិល​នៅ​ប្រទេស​កម្ពុជា ©ញឹម​ សុផល
ផ្សាយពាណិជ្ជកម្ម

ប្រជាសហគមន៍​ផលិត​អំបិល​នៅ​ក្នុង​ខេត្ត​កំពត​រាប់ពាន់​នាក់​កំពុង​តែ​ជួប​នឹង​បញ្ហា​សេដ្ឋកិច្ច​ ដោយសារ​តែ​ផល​អំបិល​រាប់​សិប​តោន​របស់​ពួក​គេ គ្មាន​ទីផ្សារ។ លោក ប៊ុន បារាំង សហប្រធាន​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្ត​កំពត និង​កែប បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ អំបិល​កំពត​នៅ​សល់​ក្នុង​ឃ្លាំង​មាន​រហូត​ដល់​ទៅ​ជិត​ ២៧​ម៉ឺន​តោន។ ចំនួន​នេះ​គឺ​លើស​ពី​ការ​ផ្គត់​ផ្គង់​ទីផ្សារ​កម្ពុជា​ក្នុង​មួយ​ឆ្នាំៗ រហូត​ដល់​ទៅ​៣​ដង។

លោក​ប៊ុន បារាំង​បាន​ពន្យល់​ថា មូលហេតុ​ដែល​អំបិល​កំពត​គ្មាន​ទីផ្សារ​ ហើយ​នៅ​ជាប់​គាំង​បែប​នេះ ​ដោយសារ​តែ​មាន​អំបិល​នាំ​ចូល​ពី​ប្រទេស​ថៃ និង​ប្រទេស​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​ បាន​ជ្រៀត​ចូល​ក្នុង​ទីផ្សារ​កម្ពុជា​រហូត​ដល់​ទៅ​៦០% ហើយ​តម្លៃ​ទៀត​សោត ក៏​ថោក​ជាង​អំបិល​កំពត​ផង​ដែរ។  

សហប្រធាន​សមាគម​អ្នក​ផលិត​អំបិល​ខេត្ត​កំពត និង​កែប​រូបនេះ បាន​បន្ត​ថា ផលិតផល​អំបិល​ជាប់​គាំង​បែប​នេះ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ជាង​ ៤០០០នាក់​បាន​រង​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច ដោយសារ​តែ​ពួក​គាត់​ត្រូវ​ពឹងផ្អែក​ទៅ​លើ​ការ​ផលិត​អំបិល​នេះ។

អស់​រយៈពេល​១​ខែ​មក​ហើយ ដែល​សហគមន៍​បាន​ជូន​ដំណឹង​ពី​ផល​ប៉ះពាល់​នេះ​ជូន​ទៅ​ដល់​ស្ថាប័ន​ និង​ក្រសួង​ពាក់ព័ន្ធ​នានា ប៉ុន្តែ​លោកប៊ុន បារាំង​បាន​ឲ្យ​ដឹង​ថា រហូត​មក​ទល់​នឹង​ពេល​នេះ​នៅ​មិន​ទាន់​មាន​ការ​ដោះស្រាយ​ និង​ជួយ​អន្តរាគមន៍​ណា​មួយ​ពី​ខាង​រដ្ឋាភិបាល​នោះ​ទេ។

លោក​ប៊ុន បារាំង​បាន​សំណូមពរ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ជួយ​ទប់​ស្កាត់​កុំ​ឲ្យ​មាន​ការ​នាំចូល​អំបិល​មក​ពី​បរទេស ខណៈ​ដែល​ការ​ផលិត​អំបិល​ក្នុង​ស្រុក​ក៏​អាច​ផ្គត់ផ្គង់​ទីផ្សារ​បាន​គ្រប់គ្រាន់​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ៗ​ផង​ដែរ។ ហើយ​លោក​ក៏​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​ទាំងអស់​ជួយ​គាំទ្រ​និង​ប្រើប្រាស់​ផលិត​ផល​អំបិល​នៅ​ក្នុង​ស្រុក ដែល​ជា​អំបិល​ធម្មជាតិ និង​មាន​គុណភាព​ខុស​ពី​អំបិល​នាំ​ចូល​ពី​បរទេស​ ដែល​ផលិត​ឡើង​ពី​ទឹក​រ៉ែ​ក្នុង​ដី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ